ភ្នំពេញ៖ គណបក្សទាំងពីរ ដែលបានចុះបញ្ជីនៅថ្ងៃទី៣០ ខែមេសានេះ រួមមានគណបក្សប្រជាជនកម្ពុជា របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានដាក់បេក្ខជនឈរឈ្មោះនៅក្នុងមណ្ឌលទាំង២៥ ខណៈគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ បានដាក់បេក្ខជនឈរឈ្មោះត្រឹមតែ១៧មណ្ឌលប៉ុណ្ណោះ។ នេះបើតាមសេចក្តីប្រកាសរបស់ គ.ជ.ប។
លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់អ្នកសារព័ត៌មានយើងថា គណបក្សប្រជាជនកម្ពុជាបានបំពេញ បែបបទរបស់ខ្លួនបាន១០០ភាគរយ ចំណែកគណបក្សយុវជនកម្ពុជាវិញ បានបំពេញបែបបទតែ៦០ភាគរយប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះ បន្តថារហូតមកដល់ពេលនេះ មានគណបក្សនយោបាយចំនួន១៨បានមកទទួលពាក្យពី គ.ជ.ប ដើម្បីរៀបចំដាក់បេក្ខជនឈរឈ្មោះ និងចុះបញ្ជីគណបក្ស។ លោកបន្ថែមថា គណបក្សនយោបាយដែលចុះបញ្ជីចូលរួមការបោះឆ្នោតនាខែកក្កដាខាងមុខ ត្រូវភ្ជាប់មកជាមួយនូវឯកសារចំនួន១០ ដែល គ.ជ.ប តម្រូវ។
គួរជម្រាបជូនថាការទទួលចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ មានរយៈពេល១៥ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៣០ ខែមេសា រហូតដល់ថ្ងៃទី១៤ ខែឧសភា។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃទី៣០ ខែមេសានេះ បានបញ្ជាក់ថាខ្លួន បាននឹងកំពុងត្រៀមខ្លួន ដើម្បីចូលរួមការបោះឆ្នោតក្នុងខែកក្កដា ខាងមុខនេះ ប៉ុន្តែ គណបក្សនេះ ក៏អាចដកខ្លួនចេញពីការចូលរួមការបោះឆ្នោតវិញដែរ ក្នុងករណីមានការរំខានក្រោមរូបភាពនានា។
នៅក្នុងសមាជិករបស់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែមេសា ដែរ ប្រធានគណបក្សខ្មែរសាធារណរដ្ឋ ដែលដឹកនាំដោយលោក លន់ ឬទ្ធិ កូនប្រុសលោកសេនាប្រមុខលន់ ណល់ ក៏បានប្រកាសចូលរួមការបោះឆ្នោតសកលឆ្នាំ២០១៨នេះដែរ។ ក៏ប៉ុន្តែគេមិនទាន់ដឹងប្រាកដថា គណបក្សមួយនេះ នឹងដាក់ពាក្យចូលរួមទៅកាន់ គ.ជ.ប នៅពេលណានៅឡើយ។
ដោយឡែក គណបក្សអំណាចខ្មែរ បានប្រកាសថា នឹងមិនចូលរួមបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដាខាងមុនទេ។ ការបដិសេធ ដោយគណបក្សអំណាចខ្មែរ អះអាងថា មកពី គ្មានអាជ្ញាកណ្តាលឯករាជ្យ និងការធ្វើវិសោធនកម្មច្បាប់ដកហូតអាសនៈរបស់បក្សជាប់ឆ្នោតដែលផ្ទុយនឹងឆន្ទៈប្រជាពលរដ្ឋ។
លោក ខៀវ សុភ័ក អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៣០ ខែមេសានេះ ថាបច្ចុប្បន្ននេះ មានគណបក្សនយោបាយចំនួន៣៨បានចុះបញ្ជី និងទទួលស្គាល់ ដោយក្រសួងមហាផ្ទៃ។ ដោយឡែកនៅថ្ងៃទី៣០ ខែមេសានេះ ក្រសួងមហាផ្ទៃក៏បានទទួលស្គាល់គណបក្សនយោបាយ២ទៀត គឺគណបក្សឆន្ទៈខ្មែររបស់ លោក គង់ មុនីកា និងគណបក្សខ្មែរក្រោក ប៉ុន្តែមិនទាន់បានចុះបញ្ជីគណបក្សទាំងពីរនេះនៅឡើយទេ។