ភ្នំពេញ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានយកឱកាសនៃទិវាពលកម្មអន្តរជាតិថ្ងៃ០១ ឧសភានេះ ចុះទៅជាជួបសួរសុខទុក្ខ បរិភោគអាហាររួមគ្នា និងចូលរួមរាំលេងកម្សាន្តជាមួយកម្មករ កម្មការិនីប្រមាណជាង៥ពាន់នាក់នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ នៅទីនោះ លោកនាយករដ្ឋមន្រ្តីមិនបានថ្លែងសុន្ទរកថាអ្វីគួរឲ្យកត់សម្គាល់ទេ ដោយគ្រាន់តែថ្លែងអំណរគុណដល់កម្មករ កម្មការិនីដែលមកចូលរួមនិង បានចែកប្រាក់ឧបត្ថម្ភដល់ពួកគេក្នុងម្នាក់ៗចំនួន៥ម៉ឺនរៀល។
ក៏ប៉ុន្តែនៅលើទំព័រហ្វេសប៊ុកផ្លូវការវិញ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានឆ្លៀតរំលេចនូវបញ្ហាសន្តិភាព។ សន្តិភាពដែលលោកគូសបញ្ជាក់ថា បានផ្តល់ឱកាសជាច្រើនសម្រាប់ឲ្យមានការជួបជុំគ្នាជាលក្ខណៈមហាគ្រួសារខ្មែរ។ លោកនាយករដ្ឋមន្រ្តីក៏បានផ្តាំឲ្យកម្មក កម្មការិនីទាំងអស់ចូលរួមថែរក្សាសន្តិភាពឲ្យបានគង់វង្ស។ បន្ថែមពីលើនេះ លោកនាយករដ្ឋមន្រ្តីកម្ពុជាក៏បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរដែលគាំទ្រលោក និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោកផងទៀត។
ចំណែកក្រុមសហជីពកម្មករឯណោះវិញ ពោលគឺដូចជារៀងរាល់ឆ្នាំដែរ នៅឆ្នាំនេះក្រុមសហជីពដែលដឹកនាំដោយសហភាពការងារកម្ពុជារបស់លោកអាត់ ធន់ បានទៅជួបជុំគ្នានៅសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជិតវត្តភ្នំ។ នៅទីនោះ ក្រុមសហជីពបានថ្លែងពីទុក្ខកង្វល់ និងក្តីព្រួយបារម្ភដែលកើតមានចំពោះកម្មករនិងតំណាងសហជីព។ ជាមួយគ្នានេះ ក្រុមអ្នកជួបជុំក៏បានលើកជាបដាបង្ហាញពីការចង់បាននានារបស់ខ្លួនថែមទៀត។
លើសពីនេះទៅទៀត ក្រុមសហជីពក៏បានសរសេរញតិ្តរួមមួយ ដោយស្នើទៅកាន់រដ្ឋាភិបាលកម្ពុជានិងរដ្ឋសភាជាតិឲ្យជួយដោះស្រាយបញ្ហាចំនួន១៩ចំណុច។ បញ្ហាទាំងនេះ រួមមានជាអាទិ៍ ស្នើសុំដំឡើងប្រាក់ខែ២០៧ដុល្លារដល់កម្មករ កម្មការិនី ស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភាជាតិធានានូវសេរីភាពសហជីពឲ្យស្របតាមអនុសញ្ញាអន្តរជាតិខាងការងារ និងរដ្ឋធម្មនុញ្ញកម្ពុជា។ ម្យ៉ាងវិញទៀត ក្រុមសហជីពក៏បានស្នើឲ្យមានការធ្វើវិសោធនកម្មមាត្រាមួយចំនួន នៅក្នុងច្បាប់ស្តីសហជីពផងដែរ។
សូមបញ្ជាក់ថា ទិវាពលកម្មអន្តរជាតិនៅឆ្នាំនេះ អាជ្ញាធរក្រុងភ្នំពេញមិនអនុញ្ញាតឲ្យក្រុមសហជីពហែញត្តិទៅដាក់នៅរដ្ឋសភាជាតិឡើយ។ ក៏ប៉ុន្តែជំនួសមកវិញ តំណាងរដ្ឋសភាជាតិចំនួន៤រូបបានមកទទួលយកញត្តិដោយផ្ទាល់ពីក្រុមសហជីពនៅកន្លែងជួបជុំតែម្តង។