រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្លាប់អំឡុងពេលធ្វើចត្តាឡីស័កនៅខេត្តត្បូងឃ្មុំ មន្ជ្រីជំនាញសន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គ នេះបើយោងតាមការចេញផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក TVK នៅថ្ងៃទី២៣ ខែកក្កដានេះ។
ទូរទស្សន៍ជាតិកម្ពុជាបានបន្តថា លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ មានបុរសជនជាតិខ្មែរម្នាក់បានស្លាប់ អំឡុងពេលធ្វើចត្តាឡីស័ក នៅក្នុងអនុវិទ្យាល័យស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
លោក កែវ វណ្ណៈ បានឲ្យដឹងទៀតថា ជនជាតិខ្មែររូបនេះបានស្លាប់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៧៖៣០យប់មិញ អំឡុងពេលធ្វើចត្តាឡីស័កបាន ៣ថ្ងៃជាមួយនឹងអ្នកធ្វើចត្តាឡីស័កចំនួន១០នាក់ ។
មន្ត្រីជំនាញបានចុះទៅធ្វើកោសល្យវិច្ច័យសាកសពបុរសខាងលើហើយសន្និដ្ឋានថា គាត់ស្លាប់ដោយសារខ្យល់គ ខណៈមុនពេលស្លាប់ បុរសរូបនេះបានប្រើថ្នាំផ្តាសាយយកមកលេបផងដែរ ។
ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងបន្ថែមថា បុរសជនជាតិខ្មែរនេះ គឺជាអ្នកឆ្លងដែនតាមផ្លូវគោកមកពីម៉ាឡេស៉ី ដោយធ្វើដំណើរឆ្លងកាត់ប្រទេសថៃមុនចូលមកដល់កម្ពុជាវិញ ។ បើតាមប្រធានសុខាភិបាល ជនរងគ្រោះស្លាប់ មិនបណ្តាលមកពីជំងឺកូវីដ១៩នោះឡើយ ដោយសារខាងគ្រូពេទ្យមិនទាន់បានយកសំណាកទៅពិនិត្យនៅឡើយនោះទេ ។
យោងតាមអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា «បើខ្ញុំមានព័ត៌មានបន្ថែម ខ្ញុំនឹងជម្រាបជូនទៀត»៕