សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវអនុសាសន៍សំខាន់ៗចំនួន៥ ឲ្យក្រសួងអប់រំអនុវត្ត ដើម្បីសម្រេចគោលនយោបាយអភិវឌ្ឍវិស័យអប់រំ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវអនុសាសន៍សំខាន់ៗចំនួន៥ ឲ្យក្រសួងអប់រំអនុវត្ត ដើម្បីសម្រេចគោលនយោបាយអភិវឌ្ឍវិស័យអប់រំ!

27/03/2019
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា។
នៅក្នុងឱកាសដ៏មានតម្លៃនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវអនុសាសន៍សំខាន់ៗចំនួន៥ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំយុវជន និងកីឡា យកទៅអនុវត្តដើម្បីសម្រេចបានតាមគោលនយោបាយអភិវឌ្ឍវិស័យអប់រំ។
អនុសាសន៍ទាំង៥ចំណុច របស់សម្តេចតេជោ ហ៊ុន សែន រួមមាន៖
ទី១៖ ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្ម នូវគោលនយោបាយអភិវឌ្ឍវិស័យអប់រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និងលើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។ ទន្ទឹមនេះ ត្រូវខិតខំជំរុញ និងពង្រីកកម្មវិធីអប់រំកុមារតូច និងបង្កលក្ខណៈឱ្យកុមារបានសិក្សាយ៉ាងតិច៩ឆ្នាំនៅសាលារៀន ដែលមានបរិស្ថានស្អាត ទឹកស្អាតនិងមានអនាម័យ។ ត្រូវបន្តផ្តល់អាហារូបករណ៍ ដល់សិស្សពូកែសិស្សជួបការលំបាក ជាពិសេសសិស្សនារី និងសិស្សក្នុងគ្រួសារក្រីក្រ ធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីសិក្សា ផ្នែកគណិតវិទ្យាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងភាសាបរទេស ដើម្បីឱ្យស្របទៅនឹងចរន្ត នៃការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺបដិវត្តន៍ឧស្សាហកម្មទី៤។ ត្រូវបន្តលើកកម្ពស់ការយល់ដឹង អំពីសិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ជាតិ និងការអប់រំសីលធម៌សង្គម ត្រូវបន្តពង្រឹងការអប់រំក្រៅប្រព័ន្ធ តាមរយៈការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ដើម្បីលើកកម្ពស់គុណភាព និងសេវាអប់រំនៅគ្រប់ភូមិសិក្សា ពង្រីកការអប់រំបច្ចេកទេស ដោយយកចិត្តទុកដាក់ធ្វើឱ្យខេត្តមួយ មានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយយ៉ាងតិច សម្រាប់រយៈពេលមធ្យម និងស្រុកមួយមានវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសមួយយ៉ាងតិច សម្រាប់រយៈពេលវែង។
ទី២៖ ត្រូវបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងតម្លាភាពនូវគោលនយោបាយភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអបរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការងារគ្រប់គ្រង ការដឹកនាំការបង្កើនប្រសិទ្ធភាព ប្រើប្រាស់ហិរញ្ញប្បទាននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពង្រឹងប្រព័ន្ធការងារផែនការស្ថិតិអប់រំ ពង្រាយគ្រូបង្រៀនឱ្យបានដល់មូលដ្ឋាន បន្តអភិវឌ្ឍសមត្ថភាពនាយកសាលា និងគ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្ហាល និងគ្រឹះស្ថានសិក្សា ពិសេសពង្រឹងការងារអធិការកិច្ច និងយន្តការពិនិត្យកែលម្អជាប្រចាំ។
ទី៣៖ ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្មលើការងារកាយរិទ្ធ និងយុវជន ដោយបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជនឱ្យមានស្មារតីទទួលខុសត្រូវ និងជឿជាក់លើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើជាវិជ្ជមាន។ ទន្ទឹមនេះ ត្រូវព្រីងយន្តការសម្របសម្រួល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីបំផុស និងផ្សព្វផ្សាយបង្កើតឱ្យមានកម្មវិធី «កូនល្អសិស្សល្អមិត្តល្អពលរដ្ឋល្អ» និងកម្មវិធីយុវជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីរៀបចំចលនាបណ្តេញយុវជនស្ម័គ្រចិត្ត ចុះជួយតាមមូលដ្ឋាន និងតាមសហគមន៍នានាទូទាំងប្រទេស។
ទី៤៖ ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្ម លើការងារកីឡា តាមរយៈការជំរុញចលនាយុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ព្រមទាំងអភិវឌ្ឍសមាគមកីឡាមហាជន និងក្រុមកីឡាសិស្ស-និស្សិត ត្រូវបន្តពង្រីកសកម្មភាព អភិវឌ្ឍកម្មវិធីអប់រំកាយ និងកីឡា តាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស។ ជាមួយនេះត្រូវខិតខំអនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍការអប់រំកាយ និងកីឡា និងការហាត់ហ្វឹកហ្វឺនតាមលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងបំផុសស្មារតីមហាជន ពិសេសយុវជនឱ្យបានចូលរួមគ្រប់ៗគ្នា ពង្រឹងប្រសិទ្ធភាពការងារកីឡា ដើម្បីកម្ពុជាទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ខាងមុខនេះ ។
ទី៥៖ ត្រូវបន្តបង្កើនប្រសិទ្ធភាព ការប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងអាទិភាព នៃការអភិវឌ្ឍជាតិ ពង្រឹងភាពជាម្ចាស់ ភាពជាដៃគូ និងយន្តការនៃកិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ផ្សារភ្ជាប់ទៅនឹងការអប់រំ វប្បធម៌ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការគោរពគោលការណ៍សេរីភាព ប្រជាធិបតេយ្យការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្រ្តី និងកុមារ និងការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងគ្រប់ប្រភេទនៅក្នុងសង្គម។
សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងកិច្ចសហការជិតស្និទ្ធរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួងអប់រំយុវជននិងកីឡា សាស្ត្រាចារ្យគ្រូបង្រៀន មាតាបិតាសិស្សនិស្សិត សហគមន៍ និងអាជ្ញាធរដែនដីទូទាំងប្រទេស ដែលតែងតែយកចិត្តទុកដាក់ រួមចំណែកអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្ស ប្រកបដោយស្មារតីទទួលខុសត្រូវតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។
សម្តេចបានវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងសម្ភារ ថវិកា ជួយរៀបចំផែនការសកម្មភាព និងជួយជ្រោមជ្រែងក្នុងការអនុវត្តន៍សកម្មភាពការងារក្នុងវិស័យអប់រំយុវជន និងកីឡា។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ការកែទម្រង់វិស័យអប់រំនឹងបង្កើតនូវបរិយាកាស និងក្តីសង្ឃឹម ក្នុងការបង្កើនគុណភាពធនធានមនុស្ស និងជំនាញសម្រាប់ ផ្គត់ផ្គង់ទីផ្សារការងារ តាមរយៈការបង្កើតឱ្យ មានសាលាជំនាន់ថ្មី ការពង្រឹងគុណភាពនៃការរៀន ការបង្រៀនការលើកកម្ពស់សមត្ថភាព ក្នុងការគ្រប់គ្រងសាលារៀន ការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សា និងការរៀបចំបរិយាកាសល្អសម្រាប់ការសិក្សារៀនសូត្រ៕

ប្រភព៖ Samdech Hun Sen, Cambodian Prime Minister | Fresh News