(សេអ៊ូល)៖ ក្រុមប្រឆាំងរបបដឹកនាំលោក គីម ជុងអ៊ុន ឈ្មោះសេរីភាពចូសឹន (Free Joseon) បានចេញមុខអះអាងថា ខ្លួនគឺជាអ្នកនៅពីក្រោយការឆ្មក់ចូល ស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ និងបានចែករំលែក ព័ត៌មានមួយចំនួនឱ្យ FBI អាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០១៩។
កាលពីថ្ងៃទី២២ ខែកុម្ភៈកន្លងទៅ សារព័ត៌មានអេស្ប៉ាញ ជាច្រើនបានរាយការណ៍ថា ក្រុមជនបិទមុខ ១០នាក់ បានសម្រុកចូលស្ថានទូតកូរ៉េខាងជើង ប្រចាំទីក្រុងម៉ាឌ្រីដ ហើយហេតុការណ៍នេះកើតមុនកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃទី២៧-២៨ ខែកុម្ភៈ ដែលបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀង អ្វីទាំងអស់។ លើសពីនេះ អាជ្ញាធរអេស្ប៉ាញ ក៏ត្រូវបានគេរាយការណ៍ផងដែរថា បានចេញដីកាអន្តរជាតិចាប់ខ្លួនសមាជិក ០២នាក់នៃក្រុមមួយនេះ។
តែយ៉ាងណាក៏ដោយ ថ្លែងនៅលើគេហទំព័ររបស់ខ្លួន នៅថ្ងៃអង្គារសប្ដាហ៍នេះ Free Joseon បានលើកឡើងថា សកម្មភាពដែលបានធ្វើមិនមែនជាការវាយប្រហារ ហើយក៏បានមិនបានវាយដុំលើបុគ្គលិកទូត ដូចព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ដោយពួកគេបានបកស្រាយថា ពួកគេត្រូវបានអញ្ជើញ ឱ្យចូលក្នុងស្ថានទូតកូរ៉េខាងជើង តែប៉ុណ្ណោះ។
