ចំណែកស្ត្រីជាប្រពន្ធដោយមិនអាចធ្វើអ្វីប្ដីកើតក៏បានរករឿងទាមទារយកធុងទឹកកកចំនួន៣ដើម្បីធ្វើជាដើមទុនរកស៊ី ប៉ុន្តែបុរសជាប្ដីមិនព្រមឲ្យទើបក្លាយជាជម្លោះផ្អើលអ្នកភូមិ និងអាជ្ញាធរហៅទៅសម្របសម្រួលបញ្ចប់រឿងនៅសាលាសង្កាត់តែម្ដង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខរោងចក្រកាត់ដេរមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាប្ដីឈ្មោះសឿន សាន អាយុ៤២ឆ្នាំ មុខរបលក់ដូរមុខរោងចក្រ មានទីលំនៅក្នុងភូមិឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ។ ចំណែកភាគីខាងប្រពន្ធឈ្មោះ ភឹម ស៊ីហ៊ាង អាយុ៤០ឆ្នាំ មុខរបរចុងភៅក្នុងរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងស្រុកកំណើតនៅក្នុងភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
ប្រភពដដែលបានបន្តថា ជីវិតប្ដីប្រពន្ធមួយនេះបានត្រឹមតែរយៈពេលជាង២ឆ្នាំប៉ុណ្ណោះបានមានភាពរង្គោះរង្គើរស់នៅមិនចុះសម្រុង និងគ្នាឡើយទើបកាលពី២ខែមុន គឺនៅដើមឆ្នាំ២០១៩ នាង និងប្ដីបានសម្រេចចិត្តដឹកដៃគ្នាទៅកាន់សាលាសង្កាត់ចោមចៅ ដើម្បីលែងលះគ្នាតែម្ដង ។ ពេលនោះអាជ្ញាធរមិនបានអនុញ្ញាតឲ្យលែងលះឡើយព្រោះគ្មានសិទ្ធិ ប៉ុន្តែពួកគាត់បានព្រមព្រៀងលែងគ្នាដោយខ្លួនឯង និងបានចែកទ្រព្យសម្បត្តិគ្នារួចរាល់ហើយដែរ ។
ប៉ុន្តែទោះបីបែបណាគ្រាន់តែជាការលែងលះជាបណ្ដោះអាសន្នប៉ុណ្ណោះមិនទាន់ដាច់ស្រេចគ្នានៅឡើយ ព្រោះទាល់តែតុលាការទើបមានសិទ្ធិសម្រេចឲ្យលែងដាច់ ឬមិនដាច់បាន ។ ប្រភពខាងលើបានបន្តថា លុះក្រោយមកប្ដីបានលួចមានស្រីថ្មីម្នាក់ទៀត ហើយថែមទាំងយកស្រីនោះទៅដេកដល់ផ្ទះថែមទៀតរហូតមកដល់ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ ក្រោយពីទទួលដំណឹងថា ប្តីលួចមានស្រីថ្មីម្នាក់ទៀតបែបនេះហើយមិនអាចធ្វើអ្វីប្ដីបានទើបនាងទៅយកសម្ភារធុងទឹកកកចំនួន៣ ដែលជារបស់នាងទិញ ហើយប្ដីយកទៅប្រើមកវិញសម្រាប់ធ្វើជាដើមទុនរកស៊ី ។ ប៉ុន្តែខណៈនោះត្រូវបានប្តីឡូឡារារាំងមិនឲ្យទើបមានការឈ្លោះប្រកែកគ្នាបង្កការភ្ញាក់ផ្អើលទាំងព្រឹកតែម្ដងទើបភ្លាមៗនោះអាជ្ញាធរ និងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះទៅលើកធុងទាំង៣នាំយកទៅកាន់សាលាសង្កាត់ធ្វើការសម្របសម្រួល ហើយទីបំផុតប្តីបានព្រមប្រគល់ធុងទឹកកកទាំង៣នោះឲ្យគាត់ ។
ដោយឡែកប្តីវិញបានលើកឡើងថា លុយកាក់របស់របរចែកគ្នារួចហើយចុះហេតុអ្វីមកយកធុង៣នេះទៀត ? តែទោះជាយ៉ាងណាក្តីខាងស្រីបានលើកឡើងដដែលៗថា ធុងទាំង៣នេះជាលុយរបស់គាត់ទិញទើបមកយកទៅវិញ ៕