កាលពីព្រឹកថ្ងៃទី ១ ខែមីនាកន្លងទៅនេះ Apple បានបើកកិច្ចប្រជុំប្រចាំឆ្នាំជាមួយអ្នកបណ្ដាក់ទុនរបស់ខ្លួន នៅទីស្នាក់ការថ្មី Apple Park ក្នុងរដ្ឋ California ដែលនាយកប្រតិបត្តិ Apple បានចែករំលែកដំណឹងមួយចំនួន ជុំវិញគម្រោងការផលិតផលអនាគត។
បើតាមការចុះផ្សាយរបស់ Bloomberg បានឱ្យដឹងថា លោក Tim Cook បាននិយាយថា "Apple កំពុងសម្ងំផលិតផលិតផលអនាគតមួយចំនួន ដែលនឹងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ស្មានមិនដល់"។ នាយកប្រតិបត្តិរូបនេះគ្រាន់តែបង្ហើបខ្លីៗបែបនេះ ដោយមិនបាននិយាយលម្អិតថាជាផលិតផលអ្វីនោះទេ។
ក្នុងកិច្ចប្រជុំនេះដែរ លោក Tim Cook ក៏បាននិយាយថា គោលដៅរបស់ Apple គឺចង់បន្ថយតម្លៃ MacBook Air Retina ស៊េរី ២០១៨ ដែលមានតម្លៃចាប់ផ្ដើមពី ១ ២០០ ដុល្លារ។ ជុំវិញ Apple Watch និង AirPods លោក Tim បញ្ជាក់ថាមានគោលដៅវែងឆ្ងាយថែមទៀត សម្រាប់ផលិតផលដ៏អស្ចារ្យទាំងនេះ។
ត្បិតថា Tim Cook មិនបាននិយាយលម្អិត ប៉ុន្តែពាក្យចចាមអារ៉ាមបានសន្និដ្ឋានថា AirPods ស៊េរីថ្មីនឹងបង្ហាញមុខឆាប់ៗនេះ អាចអំឡុងខែមីនានេះ ដោយមានជម្រើសពណ៌ថ្មីពណ៌ខ្មៅ និងមានបន្ថែមមុខងារ "Hey Siri”ហើយមានសមត្ថភាពសាកថ្មឥតប្រើខ្សែផងដែរ៕
ប្រភព៖ macrumors
