សម្ដេច​ ស ខេង ឆ្លើយតប​ចម្ងល់ និងសំណួរ​ទាក់ទង​ជំរឿនទូទៅលើប្រជាជនកម្ពុជា​ ខ្មែររស់នៅបរទេស មិនតម្រូវឱ្យមកប្រទេសវិញទេ ព្រោះមន្ដ្រីជំរឿនធ្វើការជាមួយក្រសួងការបរទេស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេច​ ស ខេង ឆ្លើយតប​ចម្ងល់ និងសំណួរ​ទាក់ទង​ជំរឿនទូទៅលើប្រជាជនកម្ពុជា​ ខ្មែររស់នៅបរទេស មិនតម្រូវឱ្យមកប្រទេសវិញទេ ព្រោះមន្ដ្រីជំរឿនធ្វើការជាមួយក្រសួងការបរទេស

02/03/2019
(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩នេះ បានឆ្លើយតបចម្ងល់ និងសំណួរមួយចំនួនទាក់ទង ​បញ្ហាជំរឿនទូទៅលើប្រជាជនកម្ពុជា ដែលចាប់ផ្ដើមថ្ងៃទី០៣ ដល់​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។
Facebook របស់សម្ដេចក្រឡាហោម ស ខេង បានបង្ហោះខ្លឹមសារយ៉ាងដូច្នេះថា៖
«ក្រោយការអំពាវនាវរបស់ខ្ញុំ ដើម្បីឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមជំរឿនទូទៅទូទាំងប្រទេស ដែល​​នឹង​​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៣ ដល់​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩​ខាងមុខនេះ ខ្ញុំបានសង្កេតឃើញ និង​បានទទួលចម្ងល់ ក៏ដូចជាសំណួរមួយចំនួនទាក់ទង​​​បញ្ហានេះដែលខ្ញុំសុំធ្វើការបកស្រាយបំភ្លឺដូចតទៅ៖

*ទី១៖ ចំពោះចម្ងល់ដែលបានលើកឡើងថា តើប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស ជា​​ពិសេស​​បងប្អូនដែលកំពុងធ្វើការ​នៅក្រៅប្រទេស តើត្រូវឲ្យត្រឡប់ចូលមកប្រទេសដើម្បីធ្វើជំរឿនឬយ៉ាងណា?
បញ្ហានេះខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមប្រកាសជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានជ្រាបថា៖ បងប្អូនដែលកំពុងធ្វើការនៅក្រៅប្រទេស គឺមិនតម្រូវឲ្យត្រឡប់ចូល​​ប្រទេស​​នោះទេ គឺអ្នកបច្ចេកទេសធ្វើជំរឿន បានសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានរៀបចំឯកសារ សម្រាប់ភ្នាក់ងារតាមប្រទេសនានាដើម្បីធ្វើជំរឿនប្រជា​ពលរដ្ឋ​ ខ្មែរដែលកំពុងរស់នៅបណ្តាប្រទេសទាំងនោះ​។ ដូច្នេះបងប្អូនជនរួមជាតិខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស សូមចូលរួម​ជាមួយភ្នាក់ងារជំរឿន ដើម្បីឲ្យការធ្វើជំរឿនមានភាពត្រឹមត្រូវ និងទទួលលទ្ធផលយកជាការបាន​។
*ទី២៖ ​ចំពោះចម្ងល់ទាក់ទងនឹងជនបរទេសជាអន្តោប្រវេសន៍ និង​មិនមែនអន្តោប្រវេសន៍ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា?
បញ្ហានេះខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិថា៖ ការធ្វើជំរឿននេះក្រុមបច្ចេកទេសរបស់យើង បានត្រៀមឯកសារសំណួរជាច្រើនភាសារួចរាល់ហើយ ហើយកិច្ចការនេះនឹងធ្វើឲ្យយើងដឹងកាន់តែច្បាស់ អំពីបរិមាណជនបរទេសទាំងអស់ គ្រប់សញ្ជាតិ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា​។

សម្តេចក្រឡាហោម ស ខេង សូមអំពាវនាវដល់ប្រជាជន​ទូទាំងប្រទេស សូមគាំទ្រ និងចូលរួមក្នុងកិច្ចការដ៏​មានសារៈសំខាន់​ឲ្យបានគ្រប់​ៗគ្នា ប្រកប​ដោយក្ដីស្មោះត្រង់ ក្នុងការផ្ដល់ព័ត៌មានតាមការសម្ភាសន៍ឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវ ជូនដល់មន្ត្រី​ជំរឿន ដើម្បីជាប្រយោជន៍របស់បងប្អូន​ជនរួមជាតិ និងដើម្បីជាផលប្រយោជន៍ នៃប្រទេសជាតិយើង៕