ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំកំពុងស្ថិតនៅក្នុងទីក្រុងហាណូយប្រទេសវៀតណាមសម្រាប់កិច្ចប្រជុំកំពូលលើកទីពីរជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន។
ជំនួបកំពូលលើកទីពីរនេះ ត្រូវបានធ្វើឡើងនៅថ្ងៃពុធ និងព្រហស្បតិ៍សប្ដាហ៍នេះដោយរំពឹងថានឹងអាចឈានដល់កិច្ចព្រមព្រៀងដកនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ ក៏ដូចជាការដកទណ្ឌកម្មដែលអាមេរិកដាក់ទៅលើកូរ៉េខាងជើង។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៀត ប្រធានាធិបតីអាមេរិកត្រូវបានអតីតមេធាវីរបស់ខ្លួនបកអាក្រាតនៅក្នុងសមាជដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ក្នុងសហរដ្ឋអាមេរិក។
ថ្លែងពីសក្ខីភាពក្នុងសមាជជាតិ លោកមេធាវី Michael Cohen បាននិយាយថាលោកដូណាល់ ត្រាំជា "មនុស្សបោកប្រាស់” ដោយលាក់បាំងការទូទាត់លុយ និងបង្កើតអាជីវកម្មក្នុងប្រទេសរុស្ស៊ី។ យ៉ាងណាមិញ នៅពេលដែលត្រូវបានសួរដោយអ្នកសារព័ត៌មានជុំវិញបញ្ហានេះ លោកដូណាល់ ត្រាំបានត្រឹមក្រវីក្បាលនិងដើរចេញប៉ុណ្ណោះ។
ប៉ុន្តែក្រោយមកទៀត លោកបានបង្ហោះសារក្នុងគណនី Twitter ផ្ទាល់ខ្លួនដោយបដិសេធការលើកឡើងទាំងស្រុងរបស់មេធាវីរូបនោះ ហើយអះអាងថារូបគេគ្រាន់តែនិយាយកុហកដើម្បីបន្ធូរបន្ថយទោសនៅក្នុងពន្ធនាគារប៉ុណ្ណោះ៕
ប្រភព៖ Channelnewsasia
