(វៀតណាម,ហាណូយ)៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump និងមេដឹកនាំកូរ៉េខាងជើង Kim Jung Un បានជួបគ្នាក្នុងជំនួបលើកទី ២ ក្នុងថ្ងៃពុធនេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នៅមុនកិច្ចសន្ទនានេះដែរ លោកទាំងពីរបានចាប់ដៃគ្នាយ៉ាងជិតស្និទ្ធ លុះដល់ពេលសន្ទនាជាមួយគ្នា ពួកគាត់ក៏បានពោលពាក្យសរសើរឲ្យគ្នាទៅវិញទៅមកផងដែរ។
លោក Trump បាននិយាយថា ''កូរ៉េខាងជើងមានសក្ដានុពលសេដ្ឋកិច្ចដ៏ធំសម្បើម ហើយក៏បានថា លោក Kim ជាមេដឹកនាំដ៏អស្ចារ្យទៀតផង''។
ចំណែកឯ Kim Jung Un វិញបាននិយាយថា ''ជំនួបលើកទី២នេះអាចប្រព្រឹត្តិទៅបាន ដោយសារតែការសម្រេចចិត្តក្នុងនយោបាយដ៏ក្លាហានរបស់លោក Trump''។ លោកថា ''ពិភពខាងក្រៅកំពុងតែយល់ច្រឡំនូវទំនាក់ទំនងរបស់អាមេរិក និងកូរ៉េខាងជើង បន្ទាប់ពីជំនួបនៅសិង្ហបុរី។ លោកសង្ឃឹមថា ជំនួបលើកនេះនឹងផ្ដល់លទ្ធផលជាទីគាប់ចិត្តសម្រាប់គ្រប់គ្នា''។
បន្ទាប់ពីសន្ទនានេះ លោកទាំងពីរបានពិសានូវអាហារពេលល្ងាចរួមគ្នា អមជាមួយនឹងកាមេរ៉ារបស់អ្នកសារព័ត៌មាន។ បើតាម CNN ក្នុងជំនួបទីក្រុងហាណូយនេះ លោក Trump ចង់បញ្ចុះបញ្ចូល Kim ឲ្យបោះបង់កម្មវិធីនុយក្លេអ៊ែរ ខណៈការព្រមព្រៀងលើកមុន មិនទាន់មានលេចចេញជាផ្លែផ្កាពិតប្រាកដនៅឡើយ៕
ប្រភព៖ CNN
