(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បញ្ហាអង្ករមិនមែនជារឿងផ្អាកការអនុគ្រោះពន្ធ EBA នោះទេ ពោលដោយសារតែអង្ករអ៊ីតាលី និងអេស្ប៉ាញ ប្រកួតប្រជែងជាមួយអង្ករកម្ពុជាមិនឈ្នះ ទើបស្នើឲ្យអឺរ៉ុបពិចារណាដើម្បីឲ្យកម្ពុជាបង់ពន្ធក្នុងការនាំអង្ករចេញ។
ប៉ុន្ដែឆ្លើយតបនឹងបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា ប្រសិនបើអង្ករកម្ពុជាដែលនាំទៅអឺរ៉ុប ត្រូវបានតម្រូវឲ្យបង់ពន្ធនោះ មិនមែនខាតបង់ តែកសិករម្នាក់នោះទេ គឺមួយផ្នែកទៀតអ្នកដែលខាត ជាពលរដ្ឋខ្មែររស់នៅអឺរ៉ុបឯណោះ ដែលធ្លាប់ទទួលទានអង្ករដែលនាំចូលពីកម្ពុជាទៅវិញទេ។
ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ប្រកាសបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ។
សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើនិយាយអំពីបញ្ហាអង្ករ អង្ករមិនមែនជាបញ្ហានយោបាយ EBA នោះទេ អង្ករវាជាបញ្ហាប្រកួតប្រជែងរវាងអ៊ីតាលី និងអង្ករអេស្ប៉ាញ ជាមួយអង្ករដែលទៅពីកម្ពុជា រឿងនេះវាកើតឡើងប៉ុន្មានឆ្នាំមកហើយ អ៊ីតាលី និងអេស្ប៉ាញ គេផលិតអង្កររបស់គេលក់មិនដាច់ ដោយសារអង្ករកម្ពុជាឆ្ងាញ់ ដូច្នេះហើយបានជាគេត្រូវទប់ស្កាត់អង្ករកម្ពុជា ហើយដើម្បីឲ្យអង្ករកម្ពុជាបង់ពន្ធ»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា «អ្នករងគ្រោះពិតប្រាកដ មិនមែនកសិករកម្ពុជាម្នាក់ឯងទេ គឺខ្មែរដែលរស់នៅអឺរ៉ុបឯណោះ ដែលធ្លាប់ស៊ីអង្ករខ្មែរ គឺជាអ្នកបង់ថ្លៃទេសូមកុំភ័ន្ដច្រឡំបងប្អូនខ្មែរនៅបរទេសទាំងឡាយ។ អ្នកដែលរងគ្រោះ គឺអ្នកដែលទទួលទាននៅអឺរ៉ុប ហើយមានមួយភាគ ជាជនជាតិកម្ពុជានេះឯងដែលរស់នៅអឺរ៉ុប»។
ព្រមពេលជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏មិនពន្យល់បន្ថែមថា អង្ករកម្ពុជាមិនអាចនាំទៅអឺរ៉ុប តាមរយៈដែលគ្មានការបង់ពន្ធនោះ មិនមែនបណ្ដាមកពីបញ្ហានយោបាយទេ ពោលអ្វីដែលជាមូលហេតុពិតនោះ បណ្ដាលមកពីការទាមទាររបស់អ៊ីតាលី និងអេស្ប៉ាញ ដូច្នេះហើយដើម្បីឲ្យអង្ករអ៊ីតាលី និងអេស្ប៉ាលក់ដាច់ គេត្រូវបង្កើនពន្ធលើអង្ករកម្ពុជាឲ្យថ្លៃជាង។
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister | Fresh News
