ខេត្តប៉ៃលិន៖ បន្ទាប់ពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលល្វាបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ ម៉ុន ចន្ធូ ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបានប្តឹងទៅលើយុវជនម្នាក់ខណៈឈ្លោះគ្នាតិចតូច បែរជាទាញកាំបិតដេញកាប់ក៏ប្តឹងឱ្យឃាត់ខ្លួនតែម្តង ។
ហេតុការណ៍ចាប់ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភៈនេះ ស្ថិតនៅក្នុងភូមិវាលវង់ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ។ ប្រភពព័ត៌មានពីលោក យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិនបានឱ្យដឹងថា ជនបង្កហេតុមានឈ្មោះ ស្រ៊ុន សុខ ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិសង្កាត់ជាមួយគ្នា ដោយជនរងគ្រោះប្តឹងពីបទមនុស្សឃាតគិតទុក្ខជាមុន ខណៈបានធ្វើសកម្មភាពយកកាំបិតដេញកាប់ជនរងគ្រោះបន្ទាប់បីពួកគេមានការឈ្លោះទាស់ទែងគ្នាតិចតូច។
លោកបន្តទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ៃលិនបានសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ទួលល្វាធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យខាងលើបាន ហើយក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានដេញកាប់ជនរងគ្រោះដោយប្រើកាំបិតពិតប្រាកដមែន ។
លោកបញ្ជាក់ថា ជនសង្ស័យខាងលើជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនជាយូរមកហើយ ប៉ុន្តែនៅថ្ងៃកើតហេតុបន្ទាប់ពីពិនិត្យមើលទឹកនោមមិនឃើញមានអ្វីនោះទេ ។ តែទោះបីជាយ៉ាងណាក៏ដោយពាក់ព័ន្ធនឹងបញ្ហានេះបច្ចុប្បន្នសមត្ថកិច្ចជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិនកំពុងរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិនឱ្យចាត់ការតាមនីតិវិធី ៕