ខេត្តតាកែវ ៖ ជនសង្ស័យ២នាក់ត្រូវបានប៉ូលិសសហការគ្នាជាមួយប៉ូលិសប៉ុស្តិ៍តាមចាប់ឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពលួចកាច់សោ កម៉ូតូ ដែលម្ចាស់ចតទុកក្បែរស្រែ មិនប្រយ័ត្ន ខណៈដែលខ្លួចចុះទៅមើលស្រូវក្នុងស្រែ ។
ហេតុការណ៍ចាប់ខ្លួនជនសង្ស័យករណីចោរកម្មនេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីជនរងគ្រោះរត់មកដាក់ពាក្យបណ្តឹងឲ្យប៉ូលិសជួយអន្តរាគមន៍ ក្រោយពេលដឹងថា ម៉ូតូរបស់ខ្លួនត្រូវចោរលួចកាច់សោ កយកទៅបាត់ ។ ដែលការចាប់ខ្លួននេះ គឺនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១១និង៥៥នាទី នៅចំណុចលើខ្នងព្រែក ក្នុងភូមិថ្លុកដូនទុំ ឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
នគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពលួច និងចាប់ខ្លួនបាននេះមានគ្នា២នាក់ ដែលមានឈ្មោះ ទី១ឈ្មោះ ចាន់ រិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ស្រុកកំណើតនៅភូមិគៀនកោះ១ ឃុំសៃត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅម្តុំក្បាលថ្លល់ រាជធានីភ្នំពេញ ។ ទី២- ឈ្មោះ នៅ បូរិន ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅជាមួយប្រពន្ធនៅភូមិក្រាំងស្តៅ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ។
ជនសង្ស័យបានលួចកាច់សោ កម៉ូតូមួយគ្រឿង ម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ1BZ – 3916 ជាកម្មសិទ្ធរបស់ឈ្មោះ ឆយ ធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។
ក្រោយធ្វើសកម្មភាពមិនបានប៉ុន្មានម៉ោងផងជនសង្ស័យទាំង២នាក់ត្រូវប៉ូលិសសហការគ្នាចាប់បានជាមួយវត្ថុតាង និងម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាពមួយគ្រឿងទៀតម៉ាក់ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HK- 8649 ។
នៅចំពោះមុខប៉ូលិសជនសង្ស័យបាននិយាយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពលួចកាច់សោ កយកម៉ូតូរបស់គេពិតប្រាកដមែន ។
លោកយ៉ុង ញីវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តបានអោយដឹងថា ជនសង្ស័យទាំង២នាក់ដែលប៉ូលិសចាប់ខ្លួនបានខាងលើនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមច្បាប់ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញហើយ ៕
