សម្ដេចក្រឡាហោម ស ខេង ប្រាប់ប្រធានអង្គភាពនគរបាលទាំងអស់ឈប់គិតថា ការបញ្ជូនមន្ដ្រីឱ្យមកសិក្សាជាការដាក់ពិន័យ! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចក្រឡាហោម ស ខេង ប្រាប់ប្រធានអង្គភាពនគរបាលទាំងអស់ឈប់គិតថា ការបញ្ជូនមន្ដ្រីឱ្យមកសិក្សាជាការដាក់ពិន័យ!

30/01/2019
(ខេត្តកណ្ដាល)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះ បានណែនាំដល់ប្រធានអង្គភាពនគរបាលទាំងអស់ បញ្ឈប់ការគិតថា ការបញ្ជូនមន្ដ្រីរបស់ខ្លួនឲ្យមកសិក្សាជាការដាក់ពិន័យ។

ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ធ្វើឡើងបន្ទាប់ពីសម្ដេចជារឿយៗ តែងមើលឃើញថា ប្រធានអង្គភាពមួយចំនួនតែងតែបញ្ជូនមន្ដ្រីដែលមិនសូវគោរពវិន័យឱ្យមកសិក្សា ជាហេតុធ្វើឱ្យខាងស្ថាប័នបណ្ដុះបណ្ដាលពិបាកក្នុងការគ្រប់គ្រង។
សម្ដេចក្រឡាហោម ស ខេង ក្នុងពិធីសម្ពោធអគារ សមិទ្ធផលនានា នៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា បានថ្លែងយ៉ាងដូច្នេះថា «អង្គភាពសាម៊ីមួយចំនួននៅតែគិតថា ការចាត់មន្ដ្រីទៅបណ្ដុះបណ្ដាល គឺជារូបភាពនៃការដាក់ទណ្ឌ គឺមិនមែនមកទទួលយកចំណេះដឹង និងជំនាញថ្មីៗពីសាលាដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងារ និងអភិវឌ្ឍន៍អង្គភាពនោះទេ ដូច្នេះហើយទើបប្រធានអង្គភាពសាម៊ីមួយចំនួននៅតែបញ្ជូនមន្ដ្រីដែលមិនគោរពវិន័យ ឬមន្ដ្រីអសកម្មឱ្យទៅសិក្សាដែលជាហេតុធ្វើឲ្យខុសនឹងលក្ខខណ្ឌ និងបង្កការលំបាកដល់សាលាក្នុងការគ្រប់គ្រង»
ប្រមុខដឹកនាំក្រសួងមហាផ្ទៃ បានអះអាងទៀតថា ទាក់ទងការចាត់បញ្ជូនមន្ដ្រីមកសិក្សារៀនសូត្រនេះ តែក៏នៅមានកន្លែងខ្លះ អង្គភាពមួយចំនួនដែលនៅតែមិនទាន់យល់ច្បាស់នៅឡើយ។ ដូច្នេះសម្ដេចអំពាវនាវដល់អ្នកទទួលខុសត្រូវ និងអង្គភាពសាម៊ីចាប់អារម្មណ៍ហើយយកចិត្តទុកដាក់ដោយជ្រើសរើសមន្ដ្រីដែលមានអនាគតល្អសម្រាប់បណ្ដុះបណ្ដាល ហើយមន្ដ្រីដែលឧស្សាហ៍ព្យាយាមក្នុងការបំពេញការងារ ក៏ដូចជាក្នុងការសិក្សារៀនសូត្រ ចំពោះអ្នកដែលមិនគោរពវិន័យអសកម្មក៏មិនបោះបង់ពួកគេចោលដែរ។
បន្ថែមពីនេះ សម្ដេចក្រឡាហោម ស ខេង ក៏បាណែនាំ ដល់ប្រធានអង្គភាពទាំងអស់ ពេលផ្ដល់តួនាទីឱ្យដល់មន្ដ្រី ត្រូវគិតអ្វីដែលគេបានសិក្សា មិនមែនយកមន្ដ្រីរត់ការមិនបានរៀនឡើងកាន់តំណែងនោះទេ ព្រោះមន្ដ្រីទាំងនោះមិនបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលឡើយ ដូច្នេះការងារក៏មិនរីកចម្រើនដូចគ្នាដែរ។
ជាមួយគ្នានេះ សម្តេចក្រឡាហោម បានសម្ដែងការគាំទ្រលើកម្មវិធីកំណែទម្រង់ និងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងលើកកម្ពស់ឧត្តមភាពបណ្ឌិត្យសភាឱ្យស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។
សម្តេចបានបញ្ជាក់បន្ថែមថា ដោយមើលឃើញនូវអត្ថប្រយោជន៍នៃការងារអប់រំ រាជរដ្ឋាភិបាលបានចំណាយថវិការដ្ឋជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារនានា បម្រើឱ្យការងារបណ្តុះបណ្តាលមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ឱ្យមានសមត្ថភាពវិជ្ជាជីវៈសមស្របសម្រាប់បំពេញការងារលើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពន្ធនាគារប្រកបដោយប្រសិទ្ធភាព និងមានជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ៕


ប្រភព៖ Fresh News