ព្រះសីហនុ៖ ការប៉ះទង្គិចគ្នានេះ បានកើតឡើងនៅចន្លោះម៉ោងពី១០ ដល់ម៉ោង ១ រសៀល ថ្ងៃទី ២៤ មករានេះ បន្ទាប់ពីប្រជាពលរដ្ឋនៅភូមិគគីរ ឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាននាំគ្នាដុតកង់ឡាន និងបិទផ្លូវ ដើម្បីប្រឆាំងនឹងការចុះអនុវត្តសាលដីការបស់តុលាការកំពូល។ សាលដីការបស់តុលាការកំពូល ដែលបានកាត់ក្តីឲ្យប្រជាពលរដ្ឋជាង២០គ្រួសារ ចាញ់លោកឧកញ៉ាម្នាក់នៅក្នុងជម្លោះដីធ្លីជាង៧០ហិចតា។ ប៉ុន្តែប្រជាពលរដ្ឋមិនយល់ព្រមនោះទេ ដោយប្រជាពលរដ្ឋបាននាំគ្នាដុតកង់ឡាន បិទផ្លូវ និងគប់ដុំថ្ម ស្រោចទៅលើសមត្ថកិច្ច ខណៈដែលភាគីអាជ្ញាធរចំរុះដែលប្រដាប់ដោយខែល ដំបង និងអាវុធគ្រប់ដៃ ឡានទឹក បានបាញ់ពន្លត់ភ្លើងរបស់ប្រជាពលរដ្ឋដែលកំពុងឆេះសន្ធោសន្ធៅ។
យ៉ាងណាក៏ដោយ ការប៉ះទង្គិចគ្នាលើកទី០១ ភាគីខាងអាជ្ញាធរបានដកថយបន្តិច ខណៈដែលប្រជាពលរដ្ឋបានគប់ដុំថ្មយ៉ាងសន្ធាប់ ទៅលើសមត្ថកិច្ចចម្រុះដែលដឹកនាំដោយព្រះរាជអាជ្ញាលោក ហួត វិចិត្រ ដែលធ្វើឲ្យសមត្ថកិច្ចពីរនាក់បានរងរបួសក្បាល ហើយខូចខាតរថយន្តមួយចំនួនផង។ យ៉ាងណាក៏ដោយ នៅទីបំផុតទៅ គឺភាគីអាជ្ញាធរឯណេះទេ ដែលបានគ្រប់គ្រងទាំងស្រុងលើស្ថានការណ៍នេះវិញ បន្ទាប់ពីការប៉ះទង្គិចគ្នាជាលើកទី០២។ ជាលទ្ធផល មនុស្ស៦នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន ហើយក្នុងចំណោមនោះមានពីរនាក់រងរបួស ម្នាក់របួសធ្ងន់ត្រង់ស្មា ខណៈម្នាក់ទៀតរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះនៅក្នុងមន្ទីរពេទ្យខេត្ត។ នេះបើតាមតុល្យការចុងក្រោយ ដែលផ្តល់ដោយលោកស្រី ជាប សុធារី មន្រ្តីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ។ លោកស្រី ជាប សុធារី បានប្រៀបប្រដូចស្ថានការណ៍នេះ ទៅនឹងសមរភូមិមួយ ដែលមានការត្រៀមប្រយុទ្ធទាំងសងខាង។ ភាគីខាងប្រជាពលរដ្ឋបានដុតកង់ឡាន ចោលដបសាំង និងដុំថ្មទៅលើសមត្ថកិច្ច។ ចំណែកឯភាគីខាងសមត្ថកិច្ចវិញ ក៏ប្រដាប់ដោយអាវុធគ្រប់ដៃ ដំបង ខែល គ្រឿងចក្រ និងអមដោយរថយន្តពន្លត់អគ្គិភ័យទៅជាមួយផង។
អ្វីជាការកត់សំគាល់ ជម្លោះដីធ្លីនៅក្នុងខេត្តព្រះសីហនុ ហាក់កំពុងផ្ទុះឡើងជាបន្តបន្ទាប់ នារយៈពេលចុងក្រោយនេះ។ កាលពីថ្ងៃទី ២១ មករា ជម្លោះដីធ្លីមួយកន្លែងទៀត ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ អាជ្ញាធរបានឃាត់ខ្លួនមនុស្សពីរនាក់ គឺលោក ឆាយ រដ្ឋ និងឈ្មោះ ទេព សុផា បញ្ជូនទៅកាន់តុលាការ។ អាជ្ញាធរបានចោទប្រកាន់អ្នកទាំងពីរថា បានដើរបំផុសបំផុល និងញុះញង់ឲ្យប្រជាពលរដ្ឋដទៃទៀត មានសកម្មភាពពុះកញ្ជ្រោលក្នុងការតវ៉ា។ បច្ចុប្បន្នអ្នកទាំងពីរដែលម្នាក់ គឺលោក ឆាយ រដ្ឋ ត្រូវបានគេអះអាងថា ជាអតីតសមាជិកគណបក្សប្រឆាំង និងម្នាក់ទៀត គឺលោក ទេព សុផា ជាបុគ្គលិកស្ម័គ្រចិត្តរបស់សហភាពការងារកម្ពុជាកំពុងស្ថិតនៅក្រោមការឃុំខ្លួនជាបណ្តោះអាសន្ននៅក្នុងពន្ធនាគារ។ យ៉ាងណាក៏ដោយ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអះអាងថា អាជ្ញាធរបានខិតខំសម្របសម្រួលនៅក្នុងជម្លោះដីធ្លីជាច្រើនករណីរួចមកហើយ៕(ប្រភពពីវិទ្យុបារាំង)