តើអ្វីទៅ​ជា​យុទ្ធសាស្រ្ត ​“ឥណ្ឌូប៉ាស៊ីហ្វិក”?

បរទេស “ឥណ្ឌូប៉ាស៊ីហ្វិក” សំដៅ​ទៅលើ​តំបន់ ដែល​លាតសន្ធឹងរវាង​មហាសមុទ្រ​ពីរ គឺ​ចាប់ពី​មហាសមុទ្រ​ឥណ្ឌា ទៅដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ក៏ប៉ុន្តែ ជាទូទៅ ពាក្យ​នេះ​ត្រូវ​បាន​គេ​ប្រើ មិនមែន​ដើម្បី​សំដៅ​ត្រឹមតែ​ទៅលើ​ទីតាំង​ភូមិសាស្រ្ត​នោះទេ តែជា​ពាក្យ​ដែល​មាន​អត្ថន័យ​ទាក់ទង​នឹង​ភូមិសាស្រ្ត​នយោបាយ។
កាលពីពេល​កន្លងមក នៅមុន “ឥណ្ឌូប៉ាស៊ីហ្វិក” ពាក្យ​ដែល​គេ​តែងតែ​ឮ​ញឹកញាប់​ជាងគេ គឺ “អាស៊ីប៉ាស៊ីហ្វិក”។ “អាស៊ីប៉ាស៊ីហ្វិក”​នេះ​ត្រូវ​បាន​គេប្រើ​សំដៅ​ទៅលើ​ភូមិសាស្ត្រ​នយោបាយ​មួយ ​ដែល​ពង្រីក​ចេញ​ពី​តំបន់​អាស៊ី​​ទៅកាន់​ប្រទេស​ពីរទៀត គឺ​អូស្រ្តាលី និង​នូវែលសេឡង់ ដែលស្ថិត​នៅ​ក្នុង​តំបន់​អូសេអានី ក៏ប៉ុន្តែ ជាទូទៅ​ត្រូវ​បាន​គេ​រាប់បញ្ចូល​នៅ​ក្នុង​តំបន់​អាស៊ី​ដែរ តែ​ជា​អាស៊ី​ស្បែក ស។ ក្រោយ​មក​ទៀត “អាស៊ីប៉ាស៊ីហ្វិក”​ត្រូវ​បាន​គេ​ពង្រីក​បន្ថែម ដោយ​រាប់បញ្ចូល​ប្រទេស​មហាអំណាច​ពីរទៀត៖ ​ទីមួយ ​រុស្ស៊ី ដែល​ជាទូទៅ​ បើគិត​ទៅតាម​នយោបាយ ត្រូវ​បាន​គេចាត់ទុក​ជា​ប្រទេស​នៅ​អឺរ៉ុប ក៏ប៉ុន្តែ មាន​ទីតាំង​ភូមិសាស្រ្ត​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ី និង​ទីពីរ សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​ស្ថិត​នៅ​ត្រើយ​ម្ខាងទៀត​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

“ឥណ្ឌូប៉ាស៊ីហ្វិក” បើ​គិត​ទៅតាម​ទីតាំង​ភូមិសាស្រ្ត​សុទ្ធសាធ គឺ​មិនមាន​អ្វី​ខុសប្លែកគ្នា​ពី “អាស៊ីប៉ាស៊ីហ្វិក” នោះទេ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា “ឥណ្ឌូប៉ាស៊ីហ្វិក” ក៏​មិនមែន​គ្រាន់តែ​ជា​ឈ្មោះ​ថ្មី ដែល​គេ​ប្រើ​ជំនួស “អាស៊ីប៉ាស៊ីហ្វិក” នោះដែរ។ ការណ៍​ដែល​គេ​នាំគ្នាប្រើពាក្យ “ឥណ្ឌូប៉ាស៊ីហ្វិក” ជំនួស​ឲ្យ "អាស៊ីប៉ាស៊ីហ្វិក" នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​​មាន​អត្ថន័យ​​ខាង​ភូមិសាស្រ្ត​នយោបាយ​ ដែល​គូស​បញ្ជាក់​ពី​ការផ្លាស់ប្តូរ ឬ​ដំណើរវិវឌ្ឍ​នៃ​យុទ្ធសាស្រ្តរបស់​ប្រទេស​មហាអំណាច នៅ​ក្នុងតំបន់​នេះ។ ​ដំណើរវិវឌ្ឍ​នៃ​យុទ្ធសាស្រ្ត​ពី “អាស៊ីប៉ាស៊ីហ្វិក” ទៅ “ឥណ្ឌូប៉ាស៊ីហ្វិក”​ គឺ​ផ្តោត​ទៅលើ​ចំណុច​សំខាន់​ចំនួន​ពីរ។

ទីមួយ គឺការ​​បង្កើន​ចំណាប់អារម្មណ៍​កាន់តែ​​សំខាន់​​ទៅលើ​ឥណ្ឌា និង​មហាសមុទ្រ​ឥណ្ឌា​ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​តំបន់​ដ៏​សំខាន់ និង​ដ៏​មាន​សក្តានុពល ទាំង​ខាង​ផ្នែក​សេដ្ឋកិច្ច និង​ខាង​ផ្នែក​សន្តិសុខ។

ឥណ្ឌា ក្រៅពី​​ជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​ជាងគេ​លំដាប់​ទីពីរ​បន្ទាប់​ពី​ចិន ក៏​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកលូតលាស់​យ៉ាង​លឿនផងដែរ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ អ្ន​កសេដ្ឋកិច្ច​ជាទូទៅ​បាន​នាំគ្នា​ធ្វើការ​ព្យាករ​ថា នៅ​ឆ្នាំ២០៣០​ខាងមុខនេះ (ពោលគឺក្នុងរយៈពេល​តែ ១១ឆ្នាំ​ទៀត​ប៉ុណ្ណោះ) ឥណ្ឌា​នឹង​ប្រជែង​ឈ្នះ​សហរដ្ឋ​អាមេរិក ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទីពីរ នៅ​ពីក្រោយ​ចិន ដែល​នឹង​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទីមួយ។

មហាសមុទ្រ​ឥណ្ឌា​វិញ​ក៏​ជា​តំបន់​​យុទ្ធសាស្រ្ត​ដ៏​សំខាន់​មួយ​ផងដែរ។ ក្រៅពី​ជា​តំបន់​ដែល​សម្បូរ​ធនធាន​ធម្មជាតិ មហាសមុទ្រ​ឥណ្ឌា​​មានទីតាំង​ជា​យុទ្ធសាស្រ្ត​ដ៏សំខាន់​មួយ ដោយ​ស្ថិត​នៅ​​​ជា​ចំណុច​កណ្តាល​​ ​ភ្ជាប់​តំបន់​យុទ្ធសាស្រ្ត​ធំៗ​ទាំងបី គឺ​អឺរ៉ុប មជ្ឈិមបូព៌ា និង​អាស៊ី, ជា​លំហ​សមុទ្រ​ដ៏សំខាន់​ សម្រាប់​ការ​ដឹកជញ្ជូន​តាម​សមុទ្រ ដែល​ជា​សរសៃ​ឈាម​នៃ​សេដ្ឋកិច្ច​ពិភពលោក ហើយ​ជាពិសេស មហាសមុទ្រ​ឥណ្ឌា គឺ​ជា​ច្រក​ឆ្លងកាត់​ដែល​មិន​អាច​ចៀសរួច ក្នុងការ​ដឹកជញ្ជូន​ធនធាន​ធម្មជាតិ (ជាពិសេស​ប្រេង) ពី​អាហ្វ្រិក និង​មជ្ឈិមបូព៌ា មកកាន់​ប្រទេស​ឥណ្ឌា និង​ចិន។

ចំណុច​សំខាន់​ទីពីរ នៃ​យុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក” គឺ​ការ​ទប់ទល់​នឹង​ការ​ពង្រីក​​ឥទ្ធិពល​ចិន​នៅ​ក្នុង​តំបន់ ហើយ​យុទ្ធសាស្រ្ត​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន​​នេះ​ត្រូវ​គេ​រៀបចំ​ធ្វើឡើង តាមរយៈ​ការ​រួមកម្លាំងគ្នា រវាង​ប្រទេស​ចំនួន​ ៤ គឺ អាមេរិក ជប៉ុន អូស្រ្តាលី និង​ឥណ្ឌា បង្កើត​ទៅ​ជា​បក្ស​សម្ព័ន្ធប្រឆាំងចិន នៅ​ក្នុង​តំបន់ “ឥណ្ឌូប៉ាស៊ីហ្វិក”។ ហេតុដូច្នេះហើយ​បាន​ជា​គេ​សង្កេតឃើញ​ថា ជាទូទៅ ប្រទេស​ទាំង ៤​នេះហើយ ដែល​តែងតែ​ប្រើពាក្យ “ឥណ្ឌូប៉ាស៊ីហ្វិក” ញឹកញាប់​ជាងគេ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

“ឥណ្ឌូប៉ាស៊ីហ្វិក”​នេះ ត្រូវ​បាន​សហរដ្ឋ​អាមេរិក​កំណត់​​ជា​យុទ្ធសាស្រ្ត​ជា​ផ្លូវការ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧​កន្លងទៅ តាមរយៈ​សុន្ទរកថា​របស់​លោក​ដូណាល់ ត្រាំ នៅ​ដាណាង ប្រទេស​វៀតណាម ក្នុង​​ឱកាស​ជំនួបកំពូល​នៃ​វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ហៅកាត់​ថា APEC។ នៅ​ពេលនោះ លោក​ដូណាល់ ត្រាំ បាន​​ហៅ​យុទ្ធសាស្រ្ត​ថ្មី​នេះ​ថា​ជា​យុទ្ធសាស្រ្ត​ “ឥណ្ឌូប៉ាស៊ីហ្វិក​សេរី​និង​បើក​ចំហ” (Free and Open Indo-Pacific)។

យុទ្ធសាស្រ្ត “ឥណ្ឌូប៉ាស៊ីហ្វិក” នេះ ក៏​ត្រូវ​បាន​បារាំង​កំណត់​ជាផ្លូវការ ដាក់ចូល​ទៅ​ក្នុង​នយោបាយ​ការពារជាតិ​របស់ខ្លួន​ដែរ កាល​ពីខែមិថុនា ឆ្នាំ២០១៨​កន្លងទៅ។ សម្រាប់​បារាំង តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​រឹតតែ​មាន​សារៈសំខាន់​ទៅទៀត ដោយសារ​ថា បារាំង ថ្វីដ្បិត​តែ​មាន​ទីតាំង​ស្ថិត​នៅ​អឺរ៉ុប ក៏ប៉ុន្តែ មាន​ដែនដី​ជាច្រើន​ ដែល​ជា​កោះ ឬ​ប្រជុំកោះ ទាំង​នៅ​ក្នុង​មហាសមុទ្រ​ឥណ្ឌា និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ បារាំង គឺ​ជា​ប្រទេស​ដែល​មាន​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​​លាតសន្ធឹង​លើ​ផ្ទៃសមុទ្រ​ច្រើន​ជាង​គេ​លំដាប់ទីមួយ​នៅលើ​ពិភពលោក ហើយ​ក្នុង​ចំណោម​តំបន់​សេដ្ឋកិច្ចផ្តាច់មុខ​​របស់​បារាំង​​ទាំង​ជាង ១១លាន​គីឡូម៉ែត្រ​ក្រឡា មាន​រហូតដល់​ទៅ​ ៩លាន​គីឡូម៉ែត្រ​ក្រឡា ស្ថិត​នៅ​ក្នុង​តំបន់​​ឥណ្ឌូប៉ាស៊ីហ្វិក៕(ប្រភពពីវិទ្យុបារាំង)
តើអ្វីទៅ​ជា​យុទ្ធសាស្រ្ត ​“ឥណ្ឌូប៉ាស៊ីហ្វិក”? តើអ្វីទៅ​ជា​យុទ្ធសាស្រ្ត ​“ឥណ្ឌូប៉ាស៊ីហ្វិក”? Reviewed by Bunlors on 1/21/2019 Rating: 5
Powered by Blogger.