ភ្នំពេញ៖ នៅចំពោះមុខក្រុមនិស្សិតកម្ពុជាជិត៥០០នាក់ដែលកំពុងសិក្សានៅក្នុងប្រទេសចិន សម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន បានគូសបញ្ជាក់ថា ការជួយរបស់ចិន គឺដើម្បីភាពរីកចម្រើនខាងសេដ្ឋកិច្ច និង ដើម្បីពង្រឹងនូវឯករាជ្យភាពរបស់កម្ពុជាបញ្ចៀសពីការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជាពីសំណាក់បរទេសមួយចំនួន ដែលមានមហិច្ឆតាផ្តួលរំលំលើគ្រប់រូបភាព។ ជាមួយគ្នានេះ សម្តេច នាយករដ្ឋមន្រ្តី ក៏បានរិះគន់ទៅកាន់ប្រទេសមួយចំនួនដែលចោទលោកថា បានកាត់ដីឲ្យចិនផងដែរ។ តាមសម្តេច នាយករដ្ឋមន្រ្តី អ្នកដែលចោទប្រកាន់នោះ គឺមិនបានជួយអ្វីសោះដល់កម្ពុជា ខណៈចិនកំពុងតែវិយោគជាច្រើននៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានៅពេលនេះ ធ្វើឡើងស្របពេលដែលកម្ពុជា និងចិន បានកសាងទំនាក់ទំនងយ៉ាងជិតស្និតមែនទែន នារយៈពេលចុងក្រោយនេះ។ តាមរយៈនេះ ចិនបានជួយកម្ពុជាយ៉ាងច្រើន ជាពិសេសការផ្តល់ជំនួយដល់កម្ពុជា ហើយនៅពេលនេះ គម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា គឺភាគច្រើនជារបស់ចិន។ តាមរដ្ឋាភិបាលកម្ពុជា ចិនគឺមានការវិនិយោគធំជាងគេនៅកម្ពុជា ដែលផ្តោតសំខាន់លើវិស័យហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ស្ពាន ស្ពានអាកាស និងវារីអគ្គីសនីជាដើម។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសចិននាពេលនេះ គឺជាលើកទី៦ហើយ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំឡើងថែមទៀត។ លោកនាយករដ្ឋមន្រ្តីបានអះអាងថា ដំណើរទស្សនកិច្ចរបស់សម្តេច នៅចិន គឺដើម្បីកៀងគររកកម្ចីឥណទានសម្រាប់ការតបណ្តាញចែកចាយអគ្គិសនីឲ្យបានគ្រប់ទីកន្លែងនៅទូទាំងប្រទេសកម្ពុជា គឺធ្វើយ៉ាងណាឲ្យតម្លៃអគ្គិសនីកាន់តែចុះទាបនៅបណ្តាឆ្នាំខាងមុខ។
ជាមួយគ្នានេះ សម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានប្រកាសឲ្យដឹងពីការស្វែងរកទីផ្សារផ្សេងៗបន្ថែមសម្រាប់ផលិតផលរបស់កម្ពុជា។ លោកចង់ពង្រីកទីផ្សារនាំចេញទៅកាន់ប្រទេសចិន អាហ្វ្រិក មជ្ឈិមបូព៌ា និងកូរ៉េ ដើម្បីបញ្ចេញទំនិញ និងផលិតផលកសិកម្មកម្ពុជាបន្ថែមពីលើទីផ្សារអាមេរិក និងសហភាពអឺរ៉ុប។ ការស្វែងរកទីផ្សារបន្ថែមនេះ ធ្វើឡើងក្រោយសហភាពអឺរ៉ុបប្រកាសយកពន្ធគយលើការនាំចូលអង្ករពីប្រទេសកម្ពុជាទៅទីផ្សារអឺរ៉ុប៕(ប្រភពពីវិទ្យុបារាំង)