ព្រះមហាក្សត្រ៖ កម្ពុជាមានមោទនភាព ក្នុងការរៀបចំពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ នៅខេត្តសៀមរាបអង្គរ ទឹកដីបេតិកភណ្ឌពិភពលោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះមហាក្សត្រ៖ កម្ពុជាមានមោទនភាព ក្នុងការរៀបចំពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ នៅខេត្តសៀមរាបអង្គរ ទឹកដីបេតិកភណ្ឌពិភពលោក

15/01/2019
(ភ្នំពេញ)៖ ករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ បានសព្វព្រះរាជហឫទ័យចេញព្រះរាជសារស្វាគមន៍ ពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ជាផ្លូវការ ដែលកំពុងប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប-អង្គរ ជាមួយនឹងការរំឭកផងដែរ ពីប្រវត្តិទំនាក់ទំនងវប្បធម៌រវាងកម្ពុជាជាមួយអន្តរជាតិ ដែលមានតាំងពីបុរាណសម័យមកម្ល៉េះ។

ក្នុងព្រះរាជសាររបស់ព្រះអង្គ ដែលសារព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩នេះ ព្រះអង្គមានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «វប្បធម៌ និងសម្បត្តិបេតិកភណ្ឌ គឺជាបេះដូង និងព្រលឹងនៃប្រជាជនកម្ពុជា ហើយកម្ពុជាពិតជាមានកិត្តិយស និងមោទនភាព ក្នុងការរៀបចំពិធីប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ នៅសៀមរាបអង្គរ ទឹកដីនៃរមណីយដ្ឋានបេតិកភណ្ឌពិភពលោក»
ព្រះអង្គមានព្រះបន្ទូលបន្តថា ភាពសុខដុមរមនា គឺជាស្មារតីដ៏សំខាន់ នៃអរិយធម៌អង្គរដ៏អស្ចារ្យ ដូចដែលមានបង្ហាញតាមរយៈចម្លាក់នៅតាមប្រាង្គប្រាសាទរាប់រយ និងបូជនីយដ្ឋានផ្សេងៗ ដែលមិនត្រឹមតែមាននៅក្នុងឧទ្យានអង្គរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងឃើញមាននៅប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុក ដែលសុទ្ធតែជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។ ដោយទទួលឥទ្ធិពលពីអរិយធម៌ឥណ្ឌា ភាពសុខដុមរមនានេះ បានរីកសុះសាយលើសពីព្រំដែននៃព្រះរាជាអាណាចក្រខ្មែរ ហើយបានជំរុញឱ្យសាសនា និងនិកាយផ្សេងៗអាចរស់នៅជាមួយគ្នា យ៉ាងជិតស្និទ្ធ។ ដោយបានឆ្លងកាត់ពេលវេលាដ៏យូរលង់ ភាពសុខដុមរមនានេះ នៅតែបន្តមានរហូតមកដល់បច្ចុប្បន្ន ក្នុងទម្រង់ផ្សេងៗជាច្រើននៃសម្បត្តិបេតិកភណ្ឌអរូបិយ។

ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលទៀតបន្តថា «តាមរយៈប្រវត្តិសាស្ត្រកន្លងមក យើងមានភ័ស្តុតាងច្រើន អំពីទំនាក់ទំនងអរិយធម៌ដ៏រស់រវើក ជាមួយប្រេសិត និងអ្នកជំនួញបរទេស ដូចដែលមានតឹកតាងនៅតាមចម្លាក់លើប្រាង្គប្រាសាទ តាមរបកគំហើញបុរាណវិទ្យា និងកំណត់ហេតុរបស់អ្នកដំណើរផ្សេងៗ ដូចជា បេសកជនចិនដ៏ល្បីឈ្មោះម្នាក់ គឺលោក ជីវ តាក្វាន់ នៅឆ្នាំ១២៩៦-១២៩៧ ជាដើម។ នៅតាមរជ្ជ វិថីដែលលាតសន្ធឹងនៅតាមបណ្តាយប្រទេសទន្លេមគង្គ យើងអាចមើលឃើញនូវស្មារតីនៃភាពសុខដុមរមនា បដិសណ្ឋារកិច្ច និងការថែទាំ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ដូចជាការកសាងប៉មយាម និវេសដ្ឋានសម្រាប់សម្រាក និងមន្ទីរពេទ្យជាដើម ដែលត្រូវបានកសាងឡើងដោយព្រះមហាវីរក្សត្រ ព្រះបាទជ័យវរ្ម័នទី៧ ក្នុងរជ្ជកាល៤០ឆ្នាំរបស់ព្រះអង្គ (១១៨១-១២១៨ គ.ស.)»

នៅក្នុងព្រះរាជសារដដែល ព្រះករុណាជាអម្ចាស់ បានមានព្រះរាជបន្ទូលទៀតថា «ខ្ញុំពិតជាមានសេចក្ដីរំភើបរីករាយចំពោះតម្លៃ នៃភាពសុខដុមរមនា និងការគោរពចំពោះភាពចម្រុះបែបនៃវប្បធម៌ ដែលជំរុញឱ្យមានគោលការណ៍ផ្ដួចផ្ដើមបង្កើត ក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលត្រូវប្រកាសជាផ្លូវការនៅថ្ងៃនេះ។ ការប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ នាំឱ្យយើងអាចបង្កើតវប្បធម៌សន្ដិភាពថ្មីមួយ ដើម្បីបញ្ចប់វប្បធម៌សង្រ្គាមដែលធ្លាប់កើតមាននៅអតីតកាល និងបន្ដមកដល់ពេលបច្ចុប្បន្ន ក្នុងតំបន់មួយចំនួននៅអាស៊ី។ ព្រះរាជាណាចក្រកម្ពុជា ក៏ធ្លាប់បានរងទុក្ខដ៏ជូរចត់ជាច្រើនទសវត្សរ៍ កន្លងមករហូតដល់ឆ្នាំ១៩៩៨ ជាពេលដែលយើងទទួលបានសន្ដិភាពដោយលំបាក និងជាពេលសម្រាប់ស្ដារឡើងវិញនូវសន្ដិសុខ និងនាំមកនូវភាពរុងរឿងសម្រាប់ប្រជានុរាស្រ្តនៅទូទាំងប្រទេស»។

ព្រះអង្គ ក៏បានចូលរួមអបអរសាទរចំពោះអង្គការ ICAPP និងក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ចំពោះគំនិតផ្ដួចផ្ដើមដ៏ឈ្លាសវៃក្នុងការចាប់ដៃគូជាមួយអង្គការយូណេស្កូ ដើម្បីអនុវត្តកម្មវិធីកិច្ចសហ ប្រតិបត្តិការ ផ្នែកវប្បធម៌ និងសកម្មភាពដទៃទៀតសម្រាប់ប្រយោជន៍មនុស្សជាតិ។ ព្រះមហាក្សត្រទ្រង់ជឿជាក់ថា សមិទ្ធផលនៃគំនិតផ្ដួចផ្ដើមនេះ នឹងត្រូវបានចាប់អារម្មណ៍ និងមានភាពល្បីល្បាញពាសពេញ ទ្វីបអាស៊ី និងខ្ទរខ្ទារដល់បណ្ដាទ្វីបដទៃទៀត។

វាគ្មិនជាតិ និងអន្តរជាតិ ដែលបានចូលរួមនៅក្នុងកិច្ចពិភាក្សាតុមូលចំនួន ៤ លើប្រធានបទរួមមាន៖
*ទី១៖ ការលើកឡើងនូវពិភពលោកមួយទស្សនៈទានចម្រុះ និងអត្តសញ្ញាណអាស៊ី
*ទី២៖ ការតភ្ជាប់រវាងវប្បធម៌ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព
*ទី៣៖ ការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការផ្សារភ្ជាប់រវាងអរិយធម៌
*ទី៤៖ ការកសាងសហគមន៍មួយសម្រាប់ជោគវាសនាតែមួយនៅអាស៊ី៕

សូមបញ្ជាក់ថា៖ នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដំបូងបង្អស់របស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បន្ទាប់ពីក្រុមប្រឹក្សានេះត្រូវបានបង្កើតកាលពីឆ្នាំមុន។ កិច្ចប្រជុំនេះ បាននិងកំពុងប្រព្រឹត្តិទៅនៅខេត្តសៀមរាប នៅក្នុងសណ្ឋាគារ និងសាលសន្និសីទសុខា ជាមួយនឹងវត្តមានរបស់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ មកពី២៦ប្រទេសទូទាំងទ្វីបអាស៊ី។

ACC ត្រូវបានបង្កើតឡើងក្នុង ឆ្នាំ២០១៨ ដោយអង្គការសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលមានតំណាងគណបក្សនយោបាយជាង ៣៥០ មកពី៥២ ប្រទេសក្នុងតំបន់។ ក្រុមប្រឹក្សានេះ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ បន្ទាប់ពីកិច្ចព្រមព្រៀងត្រីភាគី រវាងអង្គការអប់រំ វិទ្យាសាស្រ្ត និងវប្បធម៌ របស់អង្គការសហប្រជាជាតិ (UNESCO យូណេស្កូ) អង្គការ ICAPP និង ACC ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តសៀមរាប។


ប្រភព៖ Fresh News