អាមេរិក​នឹងដាក់សម្ពាធ​លើរាជទាយាទ​អារ៉ាប៊ីសាអូឌីត ឲ្យទទួលខុសត្រូវលើឃាតកម្មអ្នក​កាសែត Washington Post

(កាតា)៖ រដ្ឋមន្រ្តីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បាននិយាយកាលពី​ថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកនឹងទទូច​ឲ្យ​​រាជ​ទាយាទ​​អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) ធានាឲ្យបានថា ក្រុមឃាតកដែលសម្លាប់​​អ្នកកាសែត ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នឹងត្រូវទទួលទោសទាំងអស់។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៩។
ប្រមុខការទូតអាមេរិក​រូបនេះបាន​លើកឡើងដូ​ចខាងលើ ក្នុងអំឡុង​នៃការបំពេញ​ទស្សនកិច្ចនៅតំបន់​មជ្ឈិមបូព៌ា មុន​ពេលលោកត្រូវបន្តដំណើរឆ្ពោះ​ទៅកាន់​អារ៉ាប៊ីសាអូឌីត ដែលកន្លង​មកនេះ​បានប្រឈមនឹង​ការរិះគន់យ៉ាង​ចាស់ដៃ​ពី​​​អន្តរជាតិ ជុំវិញអំពើ​ឃាតកម្ម​លើលោក Khashoggi នៅក្នុងស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុងអ៊ីស្តង់ប៊ុល​ប្រទេស​តួកគី។
ថ្លែងក្នុងសន្និសីទ​សារព័ត៌មាននៅឯ​ប្រទេសកាតា លោក Pompeo បាន​និយាយ​ដូច្នេះថា «យើងនឹងបន្ត​មានកិច្ចសន្ទនា​​ជាមួយ​ព្រះអង្គម្ចាស់​ស្នងរាជ្យ និងមន្រ្តី​អារ៉ាប៊ីសាអូឌីត ជុំវិញការធានា​ឲ្យបានថា​ ជនដៃដល់ទាំងអស់នឹងត្រូវទទួលទោស​​ពេញលេញ​ទាំងស្រុង នៅក្នុងករណីឃាតកម្ម​លើលោក Jamal Khashoggi ដែលជារឿង​មិនអាចទទួលយកបាន​ទាល់​តែ​សោះ»។​ លោករដ្ឋមន្រ្តី​ការបរទេស​អាមេរិក កំពុងស្ថិតក្នុង​ដំណើរទស្សនកិច្ច​រយៈពេល ០៨ថ្ងៃ​នៅ ហ៊្សកដានី អេហ្ស៊ីប បារ៉ែន អេមីរ៉ាត់អារ៉ាប់រួម កាតា អារ៉ាប៊ីសាអូឌីត អូម៉ង់ និងចុងក្រោយ​គេគឺ​នៅ​​គុយវ៉ែត។

គួរបញ្ជាក់ថា៖ លោក Khashoggi ត្រូវបានគេ​សម្លាប់កាលពី​ថ្ងៃទី០២ ខែតុលា ក្នុងសំណុំរឿងឃាតកម្ម​ដែលបានបង្កភាព​​ភ្ញាក់ផ្អើល​ជាខ្លាំងជុំវិញពិភពលោក និងបានបង្កការគំរាមកំហែ​ងជាខ្លាំងដល់ទំនាក់ទំនង​ រវាងទីក្រុងរីយ៉ាដ និងវ៉ាស៊ីនតោន​៕
អាមេរិក​នឹងដាក់សម្ពាធ​លើរាជទាយាទ​អារ៉ាប៊ីសាអូឌីត ឲ្យទទួលខុសត្រូវលើឃាតកម្មអ្នក​កាសែត Washington Post អាមេរិក​នឹងដាក់សម្ពាធ​លើរាជទាយាទ​អារ៉ាប៊ីសាអូឌីត ឲ្យទទួលខុសត្រូវលើឃាតកម្មអ្នក​កាសែត Washington Post Reviewed by Laiheang Vobfm on 1/14/2019 Rating: 5
Powered by Blogger.