ពិភពលោក៖ នៅពេលដែលចំនួនភ្លៀវទេសចរកើនឡើងក្នុងប្រទេសមួយ គេអាចរំពឹងដល់ ការកើនឡើង នៃឱកាសការងារ និងប្រាក់ចំណូលរបស់ប្រជាជនក្នុងស្រុក ខណៈរដ្ឋក៏អាចបង្កើនចំណូលជាតិផងដែរ។ ក៏ប៉ុន្តែ ផលវិជ្ជមានទាំងនោះ ក៏ត្រូវប្រឈមនឹងបញ្ហាសង្គមយ៉ាងច្រើនផងដែរ នៅពេលដែលចំនួនភ្លៀវទេសចរបន្តកើនឡើងច្រើនលើសកម្រិត។ តើមកពីហេតុអ្វី?
ឆ្នាំ២០១៨បានកន្លងផុតទៅហើយ តែវាជាឆ្នាំដែលពោរពេញទៅដោយ ការតវ៉ាប្រឆាំងទល់នឹងចំនួនភ្លៀវទេសចរកើនឡើងច្រើនលើសកម្រិត ឬជាភាសាបារាំង “l'excès de tourisme” ជាពិសេស វាកើតឡើងនៅក្នុងទីក្រុងដ៏ពេញនិយមមួយចំនួន នៅទ្វីបអឺរ៉ុប។ ជាក់ស្ដែង បញ្ហាចំនួនភ្លៀវទេសចរកើនឡើងច្រើនហួសកម្រិតមិនមែនជារឿងថ្មីនោះទេ។ នេះបើយោងតាម របាយការណ៍ របស់ វេទិកាសេដ្ឋកិច្ចពិភពលោក (Forum Économique Modiale) ចេញផ្សាយ កាលពីពេលថ្មីៗនេះ។
ជាឧទាហរណ៍ ទីក្រុងបាសេឡូណា ក្នុងប្រទេសអេស៉្បាញ បានក្លាយជាចំណុចស្នូលនៃការព្រួយបារម្ភនេះ ដោយសារតែ ទីក្រុងនេះត្រូវទទួលភ្លៀវទេសចរ ពីជុំវិញពិភពលោក ក្នុងចំនួនយ៉ាងច្រើនក្រៃ ជាពិសេស ក្នុងអំឡុងពេលឈប់សម្រាក និងថ្ងៃបុណ្យសាកលនានា។ ជាក់ស្ដែង តួលេខបានប៉ាន់ប្រមាណថា មានភ្ញៀវទេសចរជាង ៣០លាននាក់ ត្រឹមក្នុងមួយយប់ នៅឆ្នាំ២០១៧ បើប្រៀបធៀបទៅនឹងចំនួនប្រជាជនរស់នៅទីនោះ ដែលមានត្រឹមតែប្រមាណ ជាង១លាន៦សែន នាក់ ប៉ុណ្ណោះ។
ចលនាបាតុកម្មច្រើនរូបភាព ដែលទាមទារតវ៉ាប្រឆាំងជាមួយអាជ្ញាធរ បានកើនឡើងនៅពាសពេញតំបន់អឺរ៉ុប។ យោងតាមអ្នកជំនាញ បញ្ហានេះបាននិងកំពុងក្លាយជាបញ្ហាសាកលមួយ។ ហើយបណ្តាទីក្រុងធំៗផ្សេងទៀត ដែលកំពុងប្រឈមនឹងបញ្ហានេះ រួមមានដូចជា ទីក្រុងប៉ារីសនៃប្រទេសបារាំង ទីក្រុងបែរឡាំងនៃប្រទេសអាល្លឺម៉ង់ ទីក្រុងក្យូតូនៃប្រទេសជប៉ុន ឬកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី ជាដើម។ នៅប្រទេសថៃឯណោះវិញ នាលពេលថ្មីៗនេះ អាជ្ញាធរបានបង្ខំចិត្ត ផ្អាកសកម្មភាពទេសចរណ៍ នៅឆ្នេរសមុទ្រម៉ាយ៉ា ដែលជាឆ្នេរមួយដ៏ល្បីល្បាយរបស់ពិភពលោក ដើម្បីទប់ទល់នឹងការប៉ះពាល់ដល់បរិស្ថាន។
តើបញ្ហាចំនួនភ្លៀវទេសចរលើសកម្រិតមានទម្រង់យ៉ាងដូម្តេច?“ចំនួនភ្លៀវទេសចរលើសកម្រិត” សំដៅដល់ ស្ថានភាពដែលកំណើនភ្លៀវទេសចរ មានការកើនឡើងហួសប្រមាណ នៅក្នុងតំបន់មួយ ហើយវាបានជៈឥទ្ធិពលជាអវិជ្ជមានដល់ ប្រជាជនដែលកំពុងរស់នៅក្នុងតំបន់នោះ ដោយវាបានធ្វើឱ្យមានការផ្លាស់ប្ដូរជាអចិន្ត្រៃយ៍ដល់ របៀបរស់នៅ លទ្ធភាពទទួលបានសេវាកម្មក្នុងតំបន់ និងការប៉ះពាល់ដល់សុខុមាលភាពរបស់សង្គម ជាទូទៅ។ ជារួម បញ្ហានេះអាចធ្វើឱ្យមានផលប៉ះពាល់ផ្សេងៗ ដូចជា ការធ្វើឱ្យខូចដល់ទេសភាព ការបំពុលបរិស្ថាន ការបំផ្លាញឆ្នេរ ការធ្វើឱ្យប៉ះពាល់ ឬការដាក់សម្ពាធដល់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើងខ្លាំង ឬការកើនឡើងថ្លៃទំនិញ ដែលអាចធ្វើឱ្យម្ចាស់ស្រុក ត្រូវចំណាយច្រើនជាងមុន។
ពិតប្រាកដណាស់ វិស័យទេសចរណ៍បាននាំមកនូវ ការងារ ការវិនិយោគ និងអត្ថប្រយោជន៍សេដ្ឋកិច្ចដល់សង្គមយ៉ាងច្រើន។ ក៏ប៉ុន្តែ ការកើនឡើងចំនួនភ្លៀវទេសចរក្នុងកម្រិតណាមួយដែលច្រើនជ្រុល ហើយវាមិនបានគ្រប់គ្រង ដោយយកចិត្តទុកដាក់ពីអាជ្ញាធរក្នុងតំបន់ ឬរដ្ឋាភិបាលនៃប្រទេសមួយ នោះវាអាចបង្កឱ្យមានបញ្ហាយ៉ាងច្រើនអនេក។
តើគេអាចដោះស្រាយបញ្ហានេះបានយ៉ាងដូចម្ដេច?ការគ្រប់គ្រងលំហូរភ្ញៀវទេសចរជារឿងមួយលំបាក និងមានភាពស្មុគស្មាញ។ ទោះជាយ៉ាងណា គេអង្កេតឃើញថា ទីក្រុងមួយចំនួនបានចាត់វិធានការយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ផលប៉ះពាល់ ដូចជា ការរៀបចំប្រព័ន្ធពន្ធដារលើវិស័យទេសចរណ៍ឡើងវិញ ការកែសម្រួលដល់ការផាកពិន័យផ្សេងៗ ឬ ការកាត់បន្ថយសកម្មភាពធ្វើទីផ្សារ (Demarketing) ដែលមានគោលដៅកាត់បន្ថយចំនួនភ្លៀវទេសចរ ឬទាក់ទាញភ្ញៀវទេសចរ ក្នុងចំនួនតិច តែចំណាយច្រើន ហើយបង្កផលប៉ះពាល់តិច។ ក៏ប៉ុន្តែ គេត្រូវប្រឈមនឹងបញ្ហាផងដែរ ប្រសិនបើចំនួនភ្លៀវទេសចរ ធ្លាក់ចុះភ្លាមៗយ៉ាងគំហុក នោះវាទំនងជាបង្កវិបត្តិខ្លះ សម្រាប់ប្រជាជនដែលពឹងផ្អែកខ្លាំងលើវិស័យនេះ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
