អាមេរិក៖ នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជាតិជាលើកដំបូង ពីសេតវិមាន លោក ដូណាល់ ត្រាំ បានជ្រើសរើសប្រើពាក្យពេជន៍បែបមនោសញ្ចេតនា។ លោកបានលើកឡើងអំពី ជោគវាសនាកុមារក្នុងដៃឈ្មួញ អំពីស្ត្រីរងគ្រោះក្នុងអំពើហិង្សា និងអំពីរីកសាយភាពនៃការជួញដូរគ្រឿងញៀនក្នុងសង្គមអាមេរិក ព្រមទាំងអំពីឧក្រិដ្ឋកម្មបង្កឡើងដោយជនខុសច្បាប់ ...
ទាំងនេះគឺដើម្បីបញ្ជាក់អំពីស្ថានភាពដ៏អាក្រក់នៅអាមេរិក ដែលបើតាមលោកត្រាំ ដំណោះស្រាយមានតែមួយគត់ ៖ សាងសង់ជញ្ជាំងតាមព្រំដែនជាមួយម៉ិចស៊ិក ដើម្បីទប់ស្កាត់លំហូរអន្តោប្រវេសន៍ខុសច្បាប់ ! ជាជញ្ជាំងធ្វើពីដែកថែប មិនមែនត្រឹមតែជាជញ្ជាំងធ្វើពីបេតុងទេ។ ដើម្បីសម្រេចគម្រោងនេះ លោក ត្រាំ បានទាមទារជាថ្មី ថវិកា ៥៧០០លានដុល្លារ។
លោកប្រធានាធិបតីបានទម្លាក់ទំនួលខុសត្រូវ ទៅលើបក្សប្រឆាំង។ បើតាមលោកត្រាំ រដ្ឋបាលសហព័ន្ធជាប់គាំងមិនដំណើរការតាំងពីថ្ងៃទី ២១ធ្នូមក បណ្តាលមកពីមូលហេតុតែមួយគត់ គឺ អ្នកប្រជាធិបតេយ្យបដិសេធមិនផ្តល់ហរិញ្ញវត្ថុដល់ផ្នែកសន្តិសុខព្រំដែនជាកិច្ចបញ្ចប់សន្ទរកថា លោកបានអះអាងថា លោកធ្វើគ្រប់យ៉ាងដើម្បីការពារសហរដ្ឋអាមេរិក ដូចអ្វីដែលលោកបានស្បថពេលចូលកាន់តំណែង។
ក្រោយសុន្ទរកថារបស់លោកប្រធានាធិបតី អ្នកប្រជាធិបតេយ្យក៏មានសិទ្ធិបញ្ចេញសំឡេងតាមកញ្ចក់ទូរទស្សន៍ដូចគ្នា។ ប្រធានសភាមកពីបក្សប្រជាធិបតេយ្យ បានចោទលោកត្រាំ ថាចូលចិត្តបំភ័យ ជាងបង្ហាញការពិត។ ប្រមុខបក្សប្រឆាំងនៅព្រឹទ្ធសភា បានអំពាវនាវឱ្យលោកប្រធានាធិបតីកុំយកមន្ត្រីរដ្ឋការជាចំណាប់ខ្មាំង ដោយត្រូវទម្លាយថវិកាដើម្បីឱ្យរដ្ឋាភិបាលសហព័ន្ធដំណើរការឡើងវិញ ហើយចាត់ចែងរឿងសន្តិសុខព្រំដែនតាមក្រោយ។ សម្រាប់អ្នកប្រជាធិបតេយ្យ ដែលក៏គិតគូរខ្លាំងអំពីបញ្ហាសន្តិសុខព្រំដែន ការសង់ជញ្ជាំងមិនមែនជាចម្លើយសមស្របឡើយ។
បើសុទ្ធតែខ្លាំងដូចគ្នា ការជាប់គាំងនឹងបន្តអូសបន្លាយយូរថ្ងៃទៀតឬ ? ការចរចាកំពុងបន្ត ហើយអាចនឹងត្រូវទម្លាយបានក្នុងរយៈពេលតែ៤៥នាទីផង ! នេះបើតាមការព្រលយរបស់លោកដូណាល់ត្រាំ ដែលបានកោះហៅមេដឹកនាំសភាមកជួបនៅថ្ងៃពុធនេះ នៅសេតវិមាន៕(អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
