បច្ចេកវិទ្យា៖ កាលពីថ្ងៃទី៣មករាកន្លងទៅនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ដាំដូង រហូតដល់ទៅប្រមាណជា ១០% ដែលបើគិតជាទឹកប្រាក់ គឺត្រូវបាត់បង់តម្លៃហ៊ុនរហូតដល់ទៅជាង ៧៤ពាន់លានដុល្លារ នៅក្នុងរយៈពេលតែមួយថ្ងៃ។ មូលហេតុ គឺដោយសារតែតួលេខរបស់ក្រុមហ៊ុនបានបង្ហាញថា ចំណូលដែលបានមកពីការលក់ទូរស័ព្ទដៃ iPhone នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០១៨កន្លងទៅនេះមានការធ្លាក់ចុះទាបជាងអ្វីដែលគេរំពឹងទុក។
យោងតាមក្រុមហ៊ុន Apple ការធ្លាក់ចុះនៃទីផ្សារ iPhone នេះ គឺបណ្តាលមកពីសង្រ្គាមពាណិជ្ជកម្ម និងជាពិសេស គឺបណ្តាលមកពីការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន។ ក៏ប៉ុន្តែ បើគេពិនិត្យឲ្យបានស៊ីជម្រៅទៅ បញ្ហាចោទរបស់ Apple នៅពេលនេះ មិនមែនទាក់ទងតែនឹងចិននោះទេ តែវាជាបញ្ហានៅក្នុងទីផ្សារស្មាតហ្វូនជាទូទៅ ដែលកំពុងតែដើរមកដល់ចំណុចរបត់ដ៏សំខាន់មួយ ក្រោយពីស្គាល់នូវភាពរុងរឿងអស់រយៈពេលជាង១០ឆ្នាំកន្លងទៅនេះ។
កាលពី១២ឆ្នាំមុន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ លោក ស្ទីវ ចប បានធ្វើការបង្ហាញផលិតផលដ៏ថ្មីស្រឡាងមួយរបស់ Apple ដែលលោកអះអាងថា នឹងនាំមកនូវការផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងវិស័យទូរគមនាគមន៍ គឺទូរស័ព្ទដៃ iPhone។
ជាការពិត នៅក្នុងរយៈពេល ១២ឆ្នាំកន្លងទៅនេះ បដិវត្តន៍នៅក្នុងវិស័យទូរស័ព្ទដៃពិតជាកើតមានឡើងមែន ហើយ iPhone ក៏បានក្លាយទៅជាផលិតផលដ៏ជោគជ័យបំផុតមួយផងដែរ សម្រាប់ក្រុមហ៊ុន Apple។ គិតជាមធ្យម នៅក្នុងប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Apple មានរហូតដល់ទៅជាង ៦០% បានមកពីការលក់ iPhone។ ក៏ប៉ុន្តែ ដូចដែលលោក ស្ទីវ ចប ខ្លួនឯងផ្ទាល់ធ្លាប់បានលើកឡើងរួចមកហើយ កាលពីពេលកន្លងមកថា ផលិតផលដែលជោគជ័យនៅថ្ងៃនេះមិនប្រាកដថានឹងចេះតែបន្តទទួលជោគជ័យជាប់ជាអចិន្រ្តៃយ៍នោះទេ។
iPhone ក៏ដូចគ្នានេះដែរ ហើយមូលហេតុចម្បង ដែលធ្វើឲ្យការលក់ iPhone ត្រូវធ្លាក់ចុះនៅពេលនេះ ក្រៅពីសង្រ្គាមពាណិជ្ជកម្ម នៅមានចំណុចសំខាន់ពីរទៀត គឺភាពចាល់នៃទីផ្សារស្មាតហ្វូន បូកបន្ថែមជាមួយនឹងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Apple ខ្លួនឯង ដើម្បីប្រឈមនឹងភាពចាល់នៃទីផ្សារនេះ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលការលក់ស្មាតហ្វូន នៅលើទីផ្សារ នៅទូទាំងពិភពលោកចេះតែបន្តមានកំណើនខ្លាំងជាប់ជាប្រចាំជារៀងរាល់ឆ្នាំ។ វាជារឿងធម្មតា ដែលការកើនឡើងឥតឈប់ឈរបែបនេះ ដល់ចំណុចមួយ វានឹងធ្វើឲ្យទីផ្សារត្រូវចាល់។ ការសិក្សាទីផ្សារជាច្រើនបង្ហាញឲ្យឃើញថា គិតត្រឹមចុងឆ្នាំ២០១៧កន្លងទៅនេះ នៅតាមបណ្តាប្រទេសជឿនលឿន ជាពិសេសនៅអឺរ៉ុប ប្រជាជនរហូតដល់ទៅប្រមាណជា ៦០% សុទ្ធតែមានទូរស័ព្ទប្រភេទស្មាតហ្វូន។ នៅសហរដ្ឋអាមេរិកចំនួនអ្នកមានស្មាតហ្វូន នៅក្នុងចំណោមប្រជាជន វ័យក្នុងចន្លោះពី ១៨ឆ្នាំ ទៅ ៥០ឆ្នាំ មានរហូតដល់ទៅ ជាង ៩០%។
នៅក្នុងពេលដែលមនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែមានស្មាតហ្វូននៅក្នុងដៃបែបនេះ ការស្វែងរកអតិថិជនថ្មី គឺជារឿងពិបាក។ ដើម្បីអាចបន្តលក់ផលិតផលតទៅទៀត ក្រុមហ៊ុនផលិតស្មាតហ្វូននាំគ្នារិះរកវិធីធ្វើការកែលម្អ ចេញស្មាតហ្វូនម៉ូដែលថ្មីៗ ដើម្បីទាក់ទាញឲ្យអ្នកដែលមានស្មាតហ្វូនស្រាប់ ធ្វើការផ្លាស់ប្តូរស្មាតហ្វូនថ្មី។ ក៏ប៉ុន្តែ នេះក៏មិនអាចនៅជាប់លាប់បានយូរនោះដែរ ដោយគេសង្កេតឃើញថា បន្តិចម្តងៗ ស្មាតហ្វូនពីជំនាន់មួយទៅជំនាន់មួយទៀត លែងសូវមានអ្វីដែលទំនើបអស្ចារ្យខ្លាំងជាងមុន ដែលជាហេតុធ្វើឲ្យអតិថិជនកាន់តែលែងសូវចង់ចំណាយលុយ ដើម្បីធ្វើការផ្លាស់ប្តូរស្មាតហ្វូនថ្មី។
បន្ថែមពីលើនេះទៅទៀត ការកែលម្អស្មាតហ្វូនម៉ូដែលថ្មីៗក៏បានបង្កើតឲ្យមានបញ្ហាមួយទៀតផងដែរ គឺតម្លៃ។ ជាក់ស្តែង គេសង្កេតឃើញថា ស្មាតហ្វូនម៉ូដែលថ្មីៗ មានតម្លៃកាន់តែខ្ពស់ឡើងៗ ជាពិសេស ទូរស័ព្ទ iPhone ម៉ូដែលថ្មីចុងក្រោយ ដែលមានតម្លៃរហូតដល់ទៅជាង ១០០០ដុល្លារ ហើយខ្លះរហូតដល់ទៅប្រមាណជា ១៥០០ដុល្លារ។
តាមការពិត ការចេញលក់ iPhone ថ្មី ដែលមានតម្លៃខ្ពស់នេះ វាគឺជាយុទ្ធសាស្រ្តមួយរបស់ Apple ដើម្បីរក្សាកំណើនប្រាក់ចំណូល។ ចំនួន iPhone ដែលអាចលក់ចេញនៅលើទីផ្សារមានការធ្លាក់ចុះ ក៏ប៉ុន្តែ ដោយសារតែ iPhone នីមួយៗ មានតម្លៃខ្ពស់ ដូច្នេះ គិតជាសរុប ប្រាក់ចំណូលនៅតែមានកំណើន។
នេះជាអ្វីដែលគេអាចសង្កេតឃើញ ដោយមើលទៅលើទិន្នន័យរបស់ក្រុមហ៊ុន Apple ចាប់ពីឆ្នាំ២០១៥មក។ កំណើននៃការលក់ iPhone ប្រចាំឆ្នាំ (គិតជាចំនួន) ដែលមានរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៧មកនោះ ត្រូវបញ្ចប់ តាំងពីឆ្នាំ២០១៥មកម៉្លេះ។ ចាប់ពីឆ្នាំ២០១៦មក ចំនួន iPhone ដែល Apple លក់បានក្នុងមួយឆ្នាំៗត្រូវធ្លាក់ចុះ ឬយ៉ាងហោចណាស់នៅទ្រឹង ដោយគ្មានកំណើន។ ក៏ប៉ុន្តែ បើគេមើលទៅលើប្រាក់ចំណូលប្រចាំឆ្នាំដែល Apple រកបានពីការលក់ iPhone វិញ គឺនៅតែមានកម្រិតខ្ពស់ដដែល។
ទោះជាយ៉ាងណា ការធ្លាក់ចុះនៃប្រាក់ចំណូលពីការលក់ iPhone កាលពីត្រីមាសចុងក្រោយ នៃឆ្នាំ២០១៨ ដែល Apple ប្រកាសឲ្យដឹង ហើយដែលធ្វើឲ្យតម្លៃភាគហ៊ុនរបស់ Apple ត្រូវធ្លាក់ចុះយ៉ាងគំហុក កាលពីថ្ងៃទី៣មករាកន្លងទៅនេះ គឺជាការបញ្ជាក់ឲ្យឃើញថា យុទ្ធសាស្រ្តដំឡើងតម្លៃ ដើម្បីប្រឈមនឹងការធ្លាក់ចុះនៃការលក់ iPhone នេះ ក៏មិនអាចទទួលជោគជ័យបានយូរប៉ុន្មាននោះដែរ។
ទីផ្សារស្មាតហ្វូននៅក្នុងពេលបច្ចុប្បន្ននេះ ក្រៅតែពីឈានដល់ដំណាក់កាលមួយត្រូវចាល់ខ្លាំង វាក៏ជាទីផ្សារដែលពោរពេញទៅដោយការប្រកួតប្រជែងខ្លាំងផងដែរ ជាពិសេស គឺការប្រកួតប្រជែងពីសំណាក់ក្រុមហ៊ុនចិន ដែលអាចផលិតស្មាតហ្វូនមានគុណភាពប្រហាក់ប្រហែលនឹង iPhone ក៏ប៉ុន្តែ មានតម្លៃទាបជាងច្រើន។
កត្តាទាំងនេះ បូករួមជាមួយនឹងសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក និងការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចចិន វាគឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ក្រុមហ៊ុន Apple ហើយនេះប្រហែលជាពេល ដែល Apple ត្រូវដើរមកដល់ចំណុចរបត់ថ្មីមួយទៀត ដែលទាមទារចាំបាច់ឲ្យមានការផ្លាស់ប្តូរទ្រង់ទ្រាយធំ ដើម្បីបត់បែន សម្របខ្លួនទៅតាមទីផ្សារ ដោយត្រូវបង្កើតបច្ចេកវិទ្យាថ្មី ឬឧបករណ៍ប្រើប្រាស់ថ្មីសម្រាប់អតិថិជន ដូចជាអ្វីដែលអតីតមេដឹកនាំក្រុមហ៊ុន Apple គឺ លោក ស្ទីវ ចប និងលោក ម៉ៃខ៍ ម៉ាឃូល័រ ធ្លាប់បានជជែកគ្នា កាលពីទសវត្សរ៍ឆ្នាំ៩០ ហើយដែល ស្ទីវ ចប តែងតែបានធ្វើជាបន្តបន្ទាប់ ចាប់តាំងពីលោកបានវិលត្រឡប់មកដឹកនាំក្រុមហ៊ុន Apple វិញ កាលពីឆ្នាំ១៩៩៧ រហូតដល់ពេលដែលលោកទទួលមរណភាព នៅឆ្នាំ២០១១៕(អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
