អារ៉ាប៊ីសាអូឌីត៖ នារីអារ៉ាប៊ីសាអូឌីតម្នាក់មានវ័យ១៨ ឆ្នាំ បានរត់គេចចេញពីក្រុមគ្រួសារនៅឯប្រទេសអារ៉ាប៊ីសាអូឌីត កាលពីចុងសប្តាហ៍មុន កំពុងស្វះស្វែងសុំសិទ្ធិជ្រកកោននៅប្រទេសទី៣។ នាខណៈនេះនារីវ័យ១៨ឆ្នាំរូបនេះ កំពុងស្នាក់នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយនាងត្រូវបានគាំពារដោយ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន។ មិនតែប៉ុណ្ណោះ ក្រោយពីបានជួបពិភាក្សាជាមួយនារីអារ៉ាប៊ីសាអូឌីតរូបនេះរួចមក អ.ស.ប ក៏បានស្នើសុំភ្លាមៗផងដែរ ដល់ប្រទេសអូស្ត្រាលីឲ្យទទួលយករូបនាងក្នុងនាមជាជនភៀសខ្លួន។
ហេតុផលដែលនាំឲ្យនារីអារ៉ាប៊ីសាអូឌីតវ័យ១៨ ឆ្នាំ រត់ចេញពីប្រទេសកំណើត តាមពិតទៅ ដើមចមនៃបញ្ហាដំបូងឡើយ គឺវាកើតចេញមកពី ការមិនព្រមប្រតិបត្តិតាមគោលការណ៍របស់សាសនាអ៊ីស្លាមដែលមានចែងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ បើតាមការឲ្យដឹងរបស់នារីអារ៉ាប៊ីសាអូឌីត នាង រ៉ាហា ម៉ូហាម៉េត អាល់គូណាន់ នាងបានរត់គេចចេញពីគ្រួសារ ចេញពីប្រទេសអារ៉ាប៊ីសាអូឌីត ដោយសារតែនាងជាមនុស្សស្រលាញ់ និងនិយមសេរីភាពផ្ទាល់ខ្លួនខ្លាំង ពោលគឺនាងមានទំនោរស្រលាញ់ជីវិតតាមបែបប្រទេសលោកខាងលិច។
កន្លងមក នាងអាល់គូណាន់ បានសម្រេចចិត្តបោះបង់ និងមិនប្រតិបត្តិតាមក្បួនច្បាប់សាសនាអ៊ីស្លាម និងមិនព្រមធ្វើតាមដំបូន្មានគ្រួសារឡើយ។ ជាពិសេស ថ្មីៗនេះ នាងមិនព្រមរៀបការតាមការរៀបចំរបស់គ្រួសារទៀតផង។ ទង្វើទាំងនេះគឺ ខុសនឹងទំនៀមទំលាប់គ្រួសារ និងច្បាប់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមានវិន័យតឹងរឹងខ្លាំងសម្បើមណាស់សម្រាប់ស្ត្រី។
សូមបញ្ជាក់ជូនថា បុរសត្រូវបានគេផ្តល់តម្លៃខ្ពស់ខ្លាំងណាស់ នៅក្នុងសង្គមអារ៉ាប៊ីសាអូឌីត បើប្រៀបធៀបទៅនឹងស្ត្រី។ មិនតែប៉ុណ្ណោះ បម្រាម ឬ ការរឹតបន្តឹងលើសិទ្ធិសេរីភាពស្ត្រី គឺមានច្រើន និងម៉ត់ចត់ខ្លាំងមែនទែន។ ឧទាហរណ៍ជាក់ស្តែង មុនធ្វើកិច្ចការសំខាន់អ្វីមួយដូចជា ធ្វើលិខិតឆ្លងដែន ឬក៏សិក្សាក្រៅប្រទេស ឬក៏រៀបការមានគូស្រករ-ស្វាមី ស្ត្រីអារ៉ាប៊ីសាអូឌីត មិនអាចធ្វើតាមចិត្តរបស់ខ្លួនបាននោះទេ ហើយអ្នកដែលមានសិទ្ធិអំណាចសម្រេចចិត្តជំនួសពួកគេនោះគឺឪពុក បងប្រុស ឬក៏កូនប្រុស ជាដើម។
មិនតែប៉ុណ្ណោះ ស្ត្រីអារ៉ាប៊ីសាអូឌីត គឺមិនអាចប្រឆាំង ទៅនឹងវិន័យរបស់ប្រទេសបានឡើយ ហើយក្នុងករណីដែលពួកគេហ៊ាន ក្រោកឈរប្រឆាំង ទៅនឹងក្បួនច្បាប់របស់គ្រួសារ ឬប្រទេសនោះ ពួកគេអាចនឹងត្រូវទទួលទណ្ឌកម្ម។ ធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺពួកគេអាចរងគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
សូមរឮកជូនផងដែរថា នាង អាល់គូណាន់ បានរត់គេចចេញពីប្រទេសអារ៉ាប៊ីសាអូឌីត និងបានមកដល់ទីក្រុងបាងកក ប្រទេសថៃ នៅចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។
ស្ថានភាពរបស់នាងអាល់គូណាន់ នៅក្នុងប្រទេសថៃ
ក្រោយធ្វើដំណើរទៅដល់ទីក្រុងបាងកក កាលពីចុងសប្តាហ៍នេះ នាងអាល់គូណាន់ត្រូវបានឃាត់ខ្លួននៅឯព្រលានយន្តហោះសុវណ្ណភូមិ ហើយភ្លាមៗនោះ មន្ត្រីទូតអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងបាងកក បានដកហូតយកលិខិតឆ្លងដែនរបស់នាង។ ក្រោយត្រូវប៉ូលីសថៃចាប់ខ្លួន នាងអាល់គូណាន់ ក៏បានស្នើសុំទៅអាជ្ញាធរថៃដោយទទូចថា កុំបញ្ជូនរូបនាងត្រលប់ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតវិញឲ្យសោះ ពីព្រោះថាទីនោះជាកន្លែងមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់នាង ពីព្រោះនាងរត់គេចពីការរៀបការ ដែលរៀបចំដោយក្រុមគ្រួសារ។
ក្រៅពីនេះ រឿងរបស់នាងអាល់គូណាន់ បានល្បីរន្ទឺ ដោយសារនាងបានសរសេរអំពីក្តីបារម្ភ ដែលថានាងអាចមានគ្រោះថ្នាក់ប្រសិនបើ គេបញ្ចូនខ្លួននាងទៅកាន់អារ៉ាប៊ីសាអូឌីតវិញ។ នៅក្នុងសារបង្ហោះតាមបណ្តាញសង្គម Twitter នាងក៏បានស្នើសុំជំនួយពីអង្គការសហប្រជាជាតិផងដែរ។ បន្ថែមលើនេះ នាងអាល់គូណាន់ ក៍បាននិយាយផងដែរថា ជីវិតរបស់នាងកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ធំ ពីព្រោះថា គ្រួសាររបស់នាងបានគំរាមសម្លាប់រូបនាង។ ដូច្នេះហើយទើបនាង បដិសេដ មិនជួបឪពុក និងបងប្រុសរបស់នាងដែលធ្វើដំណើរទៅដល់ទីក្រុងបាងកក កាលពីថ្ងៃអង្គារ ម្សិលមិញនេះ។
សូមជ្រាបផងដែរថា ក្រោយបានស្តាប់ហេតុផលរបស់នាងអាល់គូណាន់ មន្ត្រីការិយាល័យអន្តោប្រវេសន៍ថៃ បាននិយាយថា អាជ្ញាធរថៃ នឹងមិនចាប់បង្ខំបញ្ជូនខ្លួននាងអាល់គូណាន់ ត្រលប់ទៅកាន់ប្រទេសកំណើត គឺប្រទេសអារ៉ាសាអូឌីតវិញឡើយ ប្រសិនបើនាងមិនយល់ព្រមនោះ។
គួរកត់សម្គាល់ផងដែរថា នាង អាល់គូណាន់ នាពេលនេះ គឺកំពុងស្ថិតនៅក្រោមការគ្រប់គ្រង និងការពាររបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនក្នុងទីក្រុងបាងកក។ មួយវិញទៀត ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ក៏កំពុងតែដុតដៃដុតជើង ស្វែងរកឪកាសបញ្ជូននាងទៅកាន់ប្រទេសទី៣ ជាទីដែលមានសុវត្ថិភាពសម្រាប់នាងផងដែរ។
កន្លងមក អាល់គូណាន់ ធ្លាប់បានប្រាប់ថា នាងចង់សុំសិទ្ធិជ្រកកោន ពីប្រទេសសេរីណាមួយក៏បាន ដែលក្នុងនោះរួមាន ប្រទេសកាណាដា សហរដ្ឋអាមេរិក អូស្ត្រាលី ឬក៏ប្រទេសអង់គ្លេស។ ទាក់ទងរឿងនេះដែរ បើតាមព័ត៌មានដែលចេញផ្សាយដោយ សារព័ត៌មានបារាំង AFP តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានស្នើទៅកាន់ រដ្ឋាភិបាលអូស្ត្រាលី ឲ្យផ្តល់សិទ្ធិជ្រកកោនសម្រាប់ នារីអារ៉ាប៊ីសាអូឌីត អាល់គូណាន់ រួចរាល់ហើយ។
អូស្ត្រាលីផ្តល់ភ្លើងខៀវចំពោះការស្នើសុំសិទ្ធិជ្រកកោនរបស់នាងអាល់គូណាន់
មួយថ្ងៃបន្ទាប់ពីទទួលបានសំណើរ របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនរួចមក រដ្ឋាភិបាលអូស្ត្រាលីហាក់ដូចជាបញ្ចេញសញ្ញាវិជ្ជមាន ដែលមានន័យយល់ព្រមទទួលយកនារីអារ៉ាប៊ីសាអូឌីត ឲ្យស្នាក់នៅក្នុងទឹកដីប្រទេសអូស្ត្រាលីហើយ។
ជាក់ស្តែង មន្ត្រីអូស្ត្រាលីជាច្រើននាក់ បាននិយាយថា សំណើរសុំសិទ្ធិជ្រកកោនរបស់ នាងអាល់គូណាន់ រៀបចំដោយអង្គការសហប្រជាជាតិ ទំនងជាត្រូវបានទទួលយកក្នុងពេលឆាប់ៗនេះហើយ។ ជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីសុខាភិបាលអូស្ត្រាលី បានលើកឡើងថា ប្រសិនបើនាងអាល់គូណាន់ ត្រូវបានរដ្ឋាភិបាលអូស្ត្រាលី ផ្តល់សិទ្ធិជ្រកកោនមែននោះ មន្ត្រីអូស្ត្រាលីនឹងរួសរាន់ផ្តល់ទិដ្ឋាការមនុស្សធម៌ដល់នាង ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើតាម៕(អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)