ភ្នំពេញ៖ របាយការណ៍បឋម ដែលទទួលបានពី លោក មាស វីរឹទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនសរុបចំនួន ៨.០១៨ករណី និងបានឃាត់ខ្លួនមនុស្សចំនួន ១៦.២៣២នាក់ ដែលមានជនបរទេស ៣១០នាក់នៅក្នុងនោះផងដែរ។
ប្រៀបធៀបនឹងឆ្នាំ២០១៧កន្លងទៅ ករណីបង្រ្កាបបទល្មើសគ្រឿងញៀនមានការថយចុះ ចំនួន១៥៥ករណី ពោលគឺនៅឆ្នាំ២០១៧ អាជ្ញាធរបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនសរុប ៨ ១៧៣ករណី។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
តួលេខនេះក៏បានបង្ហាញឲ្យឃើញដែរថា ចំនួនមនុស្ស ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីគ្រឿងញៀនក៏មានការថយចុះដែរ។ នៅឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធនឹងករណីគ្រឿងញៀនបានចំនួន ១៧.៨០០នាក់ ហើយនៅឆ្នាំ២០១៨នេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកពាក់ព័ន្ធនឹងករណីគ្រឿងញៀនបានចំនួន ១៦.២៣២នាក់ មានការថយចុះប្រមាណជិត៩ភាគរយ។
សូមជម្រាបជូនថា របាយការណ៍ដដែលឲ្យដឹងថាសមត្ថកិច្ច ចាប់បានសារធាតុញៀនគ្រប់ប្រភេទទំងន់ប្រមាណ៥៣៣គីឡូក្រាម និង៣៧០កញ្ចប់, កញ្ឆាក្រៀមប្រមាណ៧៤គីឡូក្រាម និង១៦ម៉ឺនដើមនៅក្នុងឱកាសទិវាអន្តរជាតិនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ ប្រទេសកម្ពុជាបាន ធ្វើពិធីដុតបំផ្លាញគ្រឿងញៀនជាង៦០គីឡូក្រាម។ លោក មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្លាប់បានថ្លែងថា ប្រទេសកម្ពុជាបានប្រឹងប្រែងទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនក្នុងប្រទេសប្រកបដោយឆន្ទៈខ្ពស់ ខណៈកម្ពុជា ត្រូវបានឧក្រិដ្ឋជនចាត់ទុកថាជាចំណុចឆ្លងកាត់និងចរាចរគ្រឿងញៀន៕ (អត្ថបទដោយ ទេព វណ្ណះ)
