ភ្នំពេញ៖ សម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន នឹងចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូលឆ្នាំ ២០១៩ នៅវិមានឈ្នះឈ្នះ ដែលទើបបើកសម្ពោធកាលពីថ្ងៃទី ២៩ ធ្នូ កន្លងទៅថ្មីៗនេះ។ ជាមួយគ្នានេះសម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានអំពាវនាវដល់ជនរួមជាតិ ទេសចរជាតិនិងអន្តរជាតិ ព្រមទាំងយុវជន ចូលរួមឆ្លងឆ្នាំសកលនៅវិមានឈ្នះ ឈ្នះជាមួយលោកឲ្យបានច្រើនកុះករ។ តាមសម្តេច នាយករដ្ឋមន្រ្តី ការទៅចូលរួមឆ្លងឆ្នាំនៅវិមានឈ្នះ ឈ្នះ គឺជាឱកាសដើម្បីឲ្យប្រជាពលរដ្ឋបានឃើញច្បាស់នូវសោភ័ណភាពនៃវិមានដែលជាប្រវត្តិសាស្រ្តរបស់កម្ពុជានាពេលរាត្រី។
ជាមួយនឹងការអំពាវនាវនេះ លោកប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានជូនពរប្រជាពលរដ្ឋកម្ពុជាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចផងដែរ។ សម្តេច ជូនពរប្រជាពលរដ្ឋកម្ពុជា និងកងទ័ពជាតិដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ជួបតែសេចក្តីសុខ សុខភាពល្អ និងទទួលបានជោគជ័យក្នុងការងារនិងមុខរបរនៅក្នុងឆ្នាំថ្មីឆ្នាំ២០១៩។
គួរបញ្ជាក់ឲ្យដឹងថា នៅឆ្នាំនេះ រដ្ឋាភិបាលកម្ពុជាបានរៀបចំព្រឹត្តិការណ៍សម្ពោធវិមានឈ្នះឈ្នះ និងពិធីអបអរសាទរឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីជាមួយគ្នារយៈពេលបីថ្ងៃគឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ធ្នូ។ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះឈ្នះ» នេះត្រូវបានសាងសង់ឡើង ដើម្បីជានិមិត្តរូបការបង្រួបបង្រួមជាតិ បិទបញ្ចប់នូវភ្លើងសង្គ្រាម និងនាំមកនូវសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងរយៈពេលពីរថ្ងៃមកនេះ នៅវិមានឈ្នះឈ្នះមានការប្រគុំតន្រ្តីជាបន្តបន្ទាប់ ដើម្បីបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិដែលបានទៅលេងកម្សាន្តនៅវិមានឈ្នះឈ្នះ។
សម្រាប់នៅរាត្រីនេះ ក៏មានកម្មវិធីប្រគុំតន្រ្តី ការតាំងពិព័រណ៍ជាច្រើន ព្រមទាំងពិធីបាញ់កាំជ្រួចឆ្លងឆ្នាំផងដែរ។ ចំពោះវត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារវិញ គឺមានលក់ត្រៀបត្រានៅតាមស្តង់ក្នុងបរិវេណវិមានឈ្នះ ឈ្នះ។ នេះបើតាមបញ្ជាក់ឲ្យដឹងពីសម្តេច នាយករដ្ឋមន្រ្តីហ៊ុន សែន។ ចំពោះការបាញ់កាំជ្រួច សាលារាជធានីភ្នំពេញបានអះអាងថា នឹងធ្វើឡើងពេញមួយម៉ោងតែម្តង៕(អត្ថបទដោយ ទេព វណ្ណះ)