បារាំង៖ យប់ថ្ងៃទី៣១ធ្នូនៅក្នុងឱកាសដាច់ឆ្នាំចាស់ឈានចូលឆ្នាំថ្មី លោកប្រមុខរដ្ឋបារាំង អែម៉ាណុយអែល ម៉ាក្រុង បានថ្លែងសារជូនពរទៅកាន់ប្រជាជាតិបារាំង ដោយសូមឲ្យពលរដ្ឋរស់នៅក្នុងសេចក្តីថ្លៃថ្នូរ និងហ៊ានរស់នៅក្នុងសច្ចភាព ប្រធានាធិបតីបារាំង ក៏បានថ្លែងសារនយោបាយជាច្រើន ដោយនិយាយពីបញ្ហាប្រឈម និងការសម្រេចបានរបស់រដ្ឋាភិបាលបារាំង ក្នុងឆ្នាំ២០១៨។ តួយ៉ាងដូចជា លទ្ធផលនៃឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក របស់បារាំងជាដើម។
នៅក្នុងប្រទេសវិញ បារាំងកំពុងតែប្រឈមនឹងវិបត្តិបាតុកម្មជាច្រើនសប្តាហ៍របស់ក្រុមចលនាអាវកាក់លឿង។ ជាបាតុកម្មដែលទាមទារឲ្យបញ្ចុះការបង់ពន្ធ រាប់តាំងពីពន្ធលើប្រាក់ខែ និងពន្ធលើថ្លៃទំនិញជាដើម។ លោក ម៉ាក្រុង បានឆ្លៀតឱកាសនេះ ផ្តាំទៅបាតុករឲ្យចេះមើលលើស្ថានភាពជាក់ស្តែង ហើយកុំចេះតែបន្ទោស និងត្អូញត្អែរ។ សូមស្តាប់ប្រសាសន៍របស់លោក អែម៉ាណុយអែល ម៉ាក្រុង ៖
«ជាបឋម គឺជាការជូនពរប្រកបដោយសច្ចភាព។ បាទ! យើងត្រូវជូនពូរឆ្នាំថ្មី ឆ្នាំ២០១៩ ដោយមិនត្រូវកសាងអនាគត នៅលើសេចក្តីកុហក និងភាពមិនច្បាស់លាស់នោះទេ! ខ្ញុំត្រូវបញ្ជាក់ចំណុចនេះឲ្យច្បាស់ថា ពេលខ្លះ យើងបានឈរជើងនៅក្នុងភាពមិនច្បាស់លាស់។
យើងមិនអាចសង្ឃឹម គឺមិនសង្ឃឹមទាល់តែសោះ ថា យើងត្រូវធ្វើការងារតិច ហើយចង់បានប្រាក់ខែច្រើន! ចង់បង់ពន្ធតិច និងចង់ចាយវាយច្រើន។ បើយើងមិនផ្លាស់ប្តូរទម្លាប់ និងអង្គុយចាំតែដកដង្ហើម បែបនេះទេ គឺមិនអាចទៅរួចទេ។ ទេ! គឺទៅមិនរួចឡើយ! ចំពោះរឿងទាំងនេះ គឺយើងត្រូវឈរលើភាពពិតជាក់ស្តែង ហើយត្រូវហ៊ានទទួលយកការរពិត។
ពលរដ្ឋបារាំងយើងរស់នៅក្នុងប្រទេសមួយដែលមានសេដ្ឋកិច្ចជឿនលឿនលើពិភពលោក។ ហេដ្ឋារចនាសម្ព័ន្ធរបស់ស្រុកយើង គឺគ្រាន់បើជាងគេលើលោក! យើងមិនបង់ថ្លៃ ឬបង់ថ្លៃតិតតួចបំផុតសម្រាប់ការសិក្សារបស់កូនចៅយើង។ យើងទទួលការព្យាបាលជំងឺ ប្រកបដោយគុណភាព ហើយបង់ថ្លៃព្យាបាលដ៏តិចតួចមែនទែន។ យើងបានចំណាយនិងវិនិយោគច្រើន សម្រាប់វិស័យសាធរណៈរបស់យើង៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)