អាមេរិក៖ ពិភពលោកបានបិទឆ្នាំចាស់ ២០១៨ និងបានទទួលឆ្នាំថ្មី ២០១៩ នៅយប់ថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារ ទី១ មករានេះ។ ក៏ដូចជាសព្វមួយដង ថ្នាក់ដឹកនាំនៃប្រទេសនីមួយៗក្នុងលោកបានថ្លែងសារជូនពរសម្រាប់ឆ្នាំថ្មីដែលមានបង្កប់ដោយសារនយោបាយ និងការសន្យាសម្រាប់ឆ្នាំថ្មី។ នៅកូរ៉េខាងជើង ប្រមុខដឹកនាំលោកគីម ជុងអ៊ុនបានសន្យាបន្តការអភិវឌ្ឍន៍សេដ្ឋកិច្ច រំសាយនុយក្លេអ៊ែរ និងប្រាប់ពីឆន្ទៈចង់បន្តកិច្ចសន្ទនាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិសេសត្រៀមខ្លួនជួបលោកដូណាល់ ត្រាំជាថ្មី។
តែទន្ទឹមគ្នានេះ មនុស្សខ្លាំងកូរ៉េខាងជើងមិនភ្លេចព្រមានទេថា ដើម្បីឲ្យអ្វីៗអាចប្រព្រឹត្តទៅដោយរលូនបាន អាមេរិកត្រូវដកទណ្ឌកម្មចេញពីកូរ៉េខាងជើងជាមុនសិនក៏ដូចជារៀងរាល់ថ្ងៃបញ្ចប់ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មី សាររបស់មេដឹកនាំគ្រាក់ៗក្នុងលោកដូចយ៉ាងប្រធានាធិបតីអាមេរិក ឬរុស្ស៊ីត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។
សារដែលពិភពលោកចង់ឮពីបបូរមាត់មេដឹកនាំបរទេសគ្រាក់ៗ គឺទាក់ទងនឹងនយោបាយអន្តរជាតិ ពោលទិសដៅសម្រាប់នយោបាយការបរទេសសម្រាប់ឆ្នាំថ្មី។ នៅកូរ៉េខាងជើង សាររបស់មេដឹកនាំតែងបានចង្អុលបង្ហាញពីទិសដៅនយោបាយជាតិ និងអន្តរជាតិ។ គេនៅនៅចាំមិនភ្លេចក្នុងសារជូនពរឆ្នាំថ្មីរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនកាលពីថ្ងៃទី១ មករា ឆ្នាំ ២០១៨ ដែលមានបង្កប់ដោយភាពធូរស្រាលច្រើន បន្ទាប់ពីមានការតានតឹងខ្លាំងពេញមួយឆ្នាំ ២០១៧។
ភាពតានតឹងដែលលោកគីម ជុងអ៊ុន និងលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រមាថ រួមទាំងកំញើញដាក់គ្នាទៅវិញ ទៅមក។ ពេញ១ឆ្នាំ ២០១៨ ភាពធូរស្រាលមានទាំងរវាងបងប្អូនបង្កើតគូសត្រូវទាំងពីរកូរ៉េខាងជើង និងកូរ៉េខាងត្បូង ព្រមទាំងទំនាក់ទំនងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក។ ក្នុងឆ្នាំ ២០១៨ លោកគីម ជុងអ៊ុនបានជួបប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ចៃអ៊ីនដល់ទៅ ៣ដង និងបានជួបលោកដូណាល់ ត្រាំម្តងក្នុងថ្ងៃទី១២ មិថុនា។
លោកគីម ជុងអ៊ុនព្រមាន និងដាក់លក្ខខណ្ឌសាររបស់មេដឹកនាំកូរ៉េខាងជើងសម្រាប់ឆ្នាំថ្មី ២០១៩ មានបង្កប់ដោយការគំរាម និងការដាក់លក្ខខណ្ឌ។ តែមុននឹងនិយាយពីទិសដៅនយោបាយអន្តរជាតិ លោកគីម ជុនអ៊ុនបាននិយាយច្រើនពីភាពចាំបាច់ក្នុងការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋកូរ៉េខាងជើង និងធ្វើឲ្យចម្រើននូវលក្ខខណ្ឌសេដ្ឋកិច្ចរបស់ប្រទេស។ នៅក្នុងសម្លៀកបំពាក់អាវធំពណ៌ក្រម៉ៅ អង្គុយលើកៅអីធ្វើពីស្បែកពណ៌ត្នោត និងមានរូបថតលោកគីម ជុងអ៊ីលដែលជាឱពុក និងលោកគីម អ៊ីលស៊ុងដែលជាជីតានៅពីក្រោយ រួមទាំងទង់ជាតិ និងទង់គណបក្សពលករផង លោកគីម ជុងអ៊ុនបានសន្យាដោះស្រាយបញ្ហាកង្វះភ្លើងអគ្គិសនីប្រើប្រាស់ឲ្យចប់ក្នុងឆ្នាំ ២០១៩។
បន្ទាប់មក លោកគីម ជុងអ៊ុនបានរម្លឹកជាថ្មីពីឆន្ទៈរបស់លោកក្នុងការរំសាយនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ រួមទាំងការចង់មានជំនួបកំពូលជាថ្មីជាមួយលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ។ នៅត្រង់ចំណុចនេះ លោកគីម ជុងអ៊ុនមិនភ្លេចព្រមាន និងដាក់លក្ខខណ្ឌចំនួនពីរទៅកាន់លោកដូណាល់ ត្រាំ ទី១ សុំឲ្យអាមេរិកដកទណ្ឌកម្មចេញពីកូរ៉េខាងជើង និងទី២ សុំឲ្យអាមេរិកបញ្ឈប់សមយុទ្ធទ្វេភាគីជាមួយកូរ៉េខាងត្បូង។ លោកគីម ជុងអ៊ុនបានព្រមានទុកជាមុនថា បើលោកត្រាំមិនអាចគោរព ឬមិនបានគោរពលក្ខខណ្ឌទាំងពីរនេះទេ របបក្រុងព្យុងយ៉ាងនឹងផ្លាស់ប្តូរឥរិយាបទរបស់ខ្លួន។
ទោះបីជាលោកគីម ជុងអ៊ុនមិនលំអិតអ្វីបន្ថែមក៏ដោយក៏គេដឹងថា លោកចង់សំដៅលើការបន្តសាកល្បងនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលបាលីស្ទិកអាមេរិក និងកូរ៉េខាងជើងបន្តមើលបណ្តាំ និងមិនទុកចិត្តគ្នាអ្វីដែលគ្រប់គ្នាសង្ឃឹមសម្រាប់ឆ្នាំថ្មី ២០១៩ គឺភាពចម្រើនទៅមុខរវាងកូរ៉េខាងជើង កូរ៉េខាងត្បូង និងរវាងកូរ៉េខាងជើង សហរដ្ឋអាមេរិក។ តែអ្វីៗវាអាស្រ័យលើឆន្ទៈនយោបាយពិតប្រាកដរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ចៃអ៊ីន សមភាគីអាមេរិកលោកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន។
រហូតមកដល់ពេលនេះ ម្នាក់ៗសុទ្ធតែបានបង្ហាញឲ្យឃើញពីឆន្ទៈចង់ដោះស្រាយបញ្ហា តែការអនុវត្តជាក់ស្តែងហាក់នៅឆ្ងាយនៅឡើយ។ នៅក្នុងជំនួបកំពូលជាប្រវត្តិសាស្រ្តលើកទី១ រវាងលោកគីម ជុងអ៊ុន និងលោកដូណាល់ ត្រាំកាលពីថ្ងៃទី១២ មិថុនាក្នុងទឹកដីសិង្ហបុរី បុរសខ្លាំងទាំងពីររូបបានសន្យាធ្វើនេះ ធ្វើនោះ តែពាក្យសន្យាទាំងអស់បន្តមានតែនៅលើក្រដាស់ដដែលមកដល់សព្វថ្ងៃ។
ទន្ទឹមគ្នានេះ លោកត្រាំ និងលោកគីមថែមទាំងបន្តប្រើធម៌ក្តៅ និងធម៌ត្រជាក់ដាក់គ្នាទៀតផង។ សាររបស់លោកគីម ជុងអ៊ុនសម្រាប់ឆ្នាំ ២០១៩ ជាសក្ខីកម្មថ្មីដែលបញ្ជាក់ថា ភាពប្រទាញប្រទង់គ្នារវាងអាមេរិក និងកូរ៉េខាងជើងកំពុងបន្តមានជានិច្ច។
មែនទែនទៅ អាមេរិក និងកូរ៉េខាងជើងកំពុងបន្តមើលបណ្តាំ និងមិនទុកចិត្តគ្នា។ លោកគីមថា បើអាមេរិកដកទណ្ឌកម្មចេញ លោកនឹងរំសាយនុយក្លេអ៊ែរ តែលោកត្រាំថា បើកូរ៉េខាងជើងរំសាយនុយក្លេអ៊ែរ អាមេរិកនឹងដកទណ្ឌកម្មចេញ។ យ៉ាងណាក៏ដោយ លោកត្រាំនៅមិនទាន់ឆ្លើយយ៉ាងណាទេចំពោះការព្រមាន និងការលក្ខខណ្ឌជាថ្មីរបស់លោកគីមពេលនេះតែលោកត្រាំធ្លាប់បានបញ្ជាក់នាពេលកន្លងមកថា លោកក៏ចង់ជួបលោកគីមជាថ្មីដែរ។ ឃើញថា នេះជាខ្សែភាពយន្តភាគដែលគ្រប់គ្នារង់ចាំបន្តទស្សនានៅពេលខាងមុខ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)