ខេត្តតាកែវ៖ បាតុម្មកម្មរបស់កម្មករ-កម្មការិនីជាង២០០០នាក់ នៅរោងចក្រកាត់ដេរ សេឌូណូ ខេមបូ នីតធីង(Seduno Cambo Knitting Co., Ltd) ក្នុងស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃសៅរិ៍ បានឈានទៅដល់ការបិទផ្លូវជាតិលេខ២ អស់រយ:ពេលបីថ្ងៃ ដើម្បីទាមទារឲ្យថៅកែរោងចក្រដែលជាជនជាតិចិន បើកប្រាក់អតីតភាពការងារប្រចាំឆ្នាំជូនដល់ពួកគេ។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការងារបានអះអាងថា បាតុកម្មរបស់ពួកគេ អាចមានការញុះញង់នៅពីក្រោយ ដោយសារតែពួកគេមិនទាន់យល់ច្បាស់ ពីគោលការណ៍នៃការបើកប្រាក់អតីតភាពការងារដែលនឹងចាប់អនុវត្តន៍ពីឆ្នាំ២០១៩ខាងមុខនេះតទៅ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានទទួលស្គាល់ពីសិទ្ធិនៃការធ្វើបាតុកម្មនិងកូដកម្មរបស់កម្មករដែលមានចែងនៅក្នុងច្បាប់។ ប៉ុន្តែការមិនយល់អំពីនីតិវិធី និងការញុះញង់ពីជនណាមួយ អាចធ្វើឲ្យបាតុកម្មរីកកាន់តែធំ ហើយជាការខាតបង់របស់កម្មករទៅវិញទេ។ យ៉ាងណាក៏ដោយ បើតាមអ្នកនាំពាក្យរូបនេះ ក្រសួងនៅតែបន្តព្យាយាមចុះពន្យល់ និងដោះស្រាយជូនដល់ពួកគេបន្តទៅទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី ២៨ ធ្នូ បញ្ជាក់ជាថ្មីថា ការទូទាត់ប្រាក់អតីតភាពការងារចាប់ពីឆ្នាំ២០១៩ នឹងធ្វើឡើង១ឆ្នាំ២ដង។ យោងតាមសេចក្តីជូនដំណឹងនោះថា ការកំណត់ទូទាត់ប្រាក់អតីតភាពការងារ នឹងត្រូវធ្វើឡើង សម្រាប់កម្មករនិយោជិតណា ដែលបាននិងកំពុងប្រើប្រាស់កិច្ចសន្យាការងារមានថេរវេលាមិនកំណត់ គឺនឹងទទួលបានការទូទាត់ប្រាក់អតីតភាពការងារនៅខែមិថុនាម្តង និងនៅខែធ្នូម្តងទៀត។ លោក ហេង សួរ បានបញ្ជាក់បន្ថែមថា ចំណែកប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ នឹងត្រូវទូទាត់បន្តិចម្តងៗរហូតទាល់តែអស់។
គួរកត់សំគាល់ថា នារយៈចុងក្រោយនេះ បាតុកម្ម និងកូដកម្មរបស់កម្មករ-កម្មការិនី បានផ្ទុះឡើងជាបន្តបន្ទាប់ ដែលទំនងដោយសារការមិនយល់ពីគ្នារវាងសេចក្តីប្រកាសរបស់ក្រសួងការងារ និងកម្មករ ទាក់ទងនឹងការអនុវត្តន៍ការបើកប្រាក់អតីតភាពការងារថ្មីរបស់កម្មករ។ នេះបើតាមការកត់សំគាល់របស់លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ)។ បើតាមលោក អាត់ ធន់ យ៉ាងហោចណាស់មានរោងចក្រចំនួន ៣នៅក្នុងរាជធានីភ្នំពេញ និង ១ នៅខេត្តតាកែវ បានផ្ទុះការតវ៉ាចំពោះបញ្ហាប្រាក់អតីតភាពការងារនេះ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានអះអាងថា ក្រសួងនឹងខិតខំដោះស្រាយ និងចុះពន្យល់ដល់កម្មករ-កម្មការិនី លើករណីនេះ៕ (អត្ថបទដោយ ទេព វណ្ណះ)
