ថ្លែងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចនៅថ្ងៃទី២៧ ខែធ្នូនេះ លោក ថៃ នរៈសត្យា បានអះអាងថា គេប្រើសិទ្ធិដោយមិនសិក្សាពីហេតុផលផង តើប្រតិកម្មធ្វើអីទៅ? ខ្លះមិនទាំងបានស្តាប់ការនិយាយរបស់ខ្ញុំផងហ្នឹង! លោកបញ្ជាក់ថា អ្វីដែលលោកបាននិយាយនោះ គឺលោកមានន័យចង់ប្រៀបធៀបពន្យល់ទៅកាន់មនុស្សទាំងអស់គ្នា ដោយមិនកាន់ជើងខាងណា ឬក៏លើកតម្លៃឲ្យមានការប្រើអំពើហិង្សាណាមួយនៅទីសាធារណៈនោះឡើយ។
លោកថែមទាំងនិយាយថា គួរកុំយកតម្រាប់តាមឥរិយាបថបែបនឹងថែមទៀតផង តែអ្នកខ្លះមិនទាំងបានស្តាប់ផង ហើយគេចេះតែប្រតិកម្មតាមៗគ្នាទៅវិញ។ យើងទៅទប់គេក៏វាមិនកើតដែរ ទុកឲ្យគេយល់ឃើញដោយខ្លួនគេទៅ បើយើងទប់ចុះទប់ឡើងវាកាន់តែធ្ងន់នោះ វានឹងទៅជាយ៉ាងណា អញ្ចឹងទុកឲ្យមតិសាធារណជនយល់ឃើញ ខណៈពេលមតិខ្លះក៏គេមិនជេរ និងរិះគន់លោកដែរ។
លោកនិយាយថា ខ្ញុំបានវាយតំលៃថា វាមិនមែនជារឿងធំនោះ ពោលគឺជារឿងដែលអាចនិយាយគ្នាបាន បើភាគីជម្លោះទាំងសងខាងមានសុឆន្ទ:ក្នុងការដោះស្រាយគ្នា។ ខ្ញុំមិនបាននិយាយកាន់ជើងលម្អៀងទៅខាងណាឡើយ ហើយខ្ញុំក៏បានបន្ទោសចំពោះជនដែលមិនចេះគ្រប់គ្រងខ្លួន ហើយបញ្ចេញកំហឹងទៅលើគេនោះដែរ ប៉ុន្តែការបញ្ចេញមតិប្រមាថមកលើខ្ញុំពីសំណាក់ជនមួយចំនួនណានោះ វាគ្រាន់តែជាកម្រិតគំនិតនៃបុគ្គលម្នាក់ៗក្នុងការប្រើសិទ្ធិរបស់ពួកគាត់ប៉ុណ្ណោះ ! ។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ថៃ នរៈសត្យា ក្នុងករណីតារាចម្រៀងនាង ទេព បូព្រឹក្ស ជារឿងតូចតាចនោះបានធ្វើឲ្យមហាជនមួយចំនួន ជាពិសេសអ្នកសិល្បៈបាននាំគ្នាចេញមករិះគន់ដូចទឹកបាក់ទំនប់ រហូតមានតារាខ្លះថែមទាំងថតជាវីដេអូឃ្លីបបែបកំប្លែងមានន័យឌឺដងផ្លែផ្កាទៅលើរូបលោកផងដែរ។
លោក ថៃ នរៈសត្យា បានផ្តល់បទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាននៅក្នុងស្រុកមួយពាក់ព័ន្ធទៅនឹងករណីនាង ទេព បូព្រឹក្ស ដែលត្រូវបានគេជះស្រា និងគប់កំប៉ុងស្រាបៀរទៅលើនៅហាងផឹកស៊ីមួយកន្លែងនោះថា ជារឿងតូចតាចមួយ។ លោកពន្យល់ថា ករណីនេះគឺជាអង្គហេតុមួយតូច តែបើយើងចង់ពង្រីកវាឲ្យកាន់តែធំនោះ វានឹងអាចរីកធំ ប៉ុន្តែបើភ្លើងវាឆេះហើយនោះ គឺអាចនឹងពិបាកពន្លត់ណាស់។
លោកបញ្ជាក់ថា ករណីនេះប៉ះមនុស្សដែលជាសាធារណៈបុគ្គល ហេតុនេះអ្នកប្រព្រឹត្តមិនជាល្អមុខណាស់ដែរទេ ដោយសារវាបានបង្ហាញពីការស្រុតចុះនូវសីលធម៌របស់បុគ្គល។ លោកបន្ថែមថា រឿងគប់កំប៉ុងស្រាបៀរនេះ វាមិនមែនជារឿងធំទេ គឺវាជារឿងតូច ប៉ុន្តែវាបង្កើតជារឿងអាស្រូវមួយដ៏ធំ ហើយលោកមិនចង់ឃើញរឿងមួយនេះវាវែងឆ្ងាយឡើយ អត់ធ្មត់រឿងតូចបាន ទើបយើងអាចទទួលជ័យជំនះនូវធំៗបាន៕