កូរ៉េ៖ នៅថ្ងៃពុធ ទី២៦ធ្នូ នេះ គណៈប្រតិភូកូរ៉េខាងត្បូងមួយក្រុម បានជិះរថភ្លើង ឆ្លងកាត់ព្រំដែន ចូលទៅក្នុង ដីកូរ៉េខាងជើង ដើម្បីចូលរួម ក្នុងពិធី បើកសម្ភោធ ការដ្ឋានសាងសង់ផ្លូវដែក ជានិម្មិតរូប ជាមួយនឹងភាគីកូរ៉េខាងជើង។ ការសាងសង់ផ្លូវរថភ្លើង តភ្ជាប់គ្នា រវាងប្រទេសបងប្អូនទាំង២ គឺជាការសន្យា កសាងទំនាក់ទំនងល្អនឹងគ្នា ក្នុងក្របខណ្ឌ នៃការចរចាសន្តិភាព និងការរំសាយអាវុធ នុយក្លេអ៊ែរ របស់កូរ៉េខាងជើង។
រថភ្លើងមួយខ្សែ មាន៩ទូ លាបពណ៌ខៀវ ក្រហម ស បានរំកិលខ្លួន ឆ្លងកាត់ព្រំដែន ដែលពុះចែកប្រទេសបងប្អូនកូរ៉េទាំង២។ រថភ្លើងដែលចេញដំណើរ ពីទីក្រុងសេអ៊ូល មានដឹកគណៈប្រតិភូកូរ៉េខាងត្បូង ចំនួនជាង១០០នាក់ ធ្វើដំណើរឆ្ពោះទៅកាន់ស្ថានីយ៍ Panmun ស្ថិតនៅតំបន់ Kaesong ក្នុងទឹកដីកូរ៉េខាងជើង មិនឆ្ងាយប៉ុន្មានពីព្រំដែន។ នៅលើទូរថភ្លើង គេមានសរសេរអក្សធំៗ ដែលមានន័យ “ រួមគ្នាបើក ទំព័រសករាជថ្មី នៃសន្តិភាព និងភាពរុងរឿង តាយរយៈការតភ្ជាប់ខ្សែរថភ្លើង និងផ្លូវថ្នល់ រវាងខាងជើងនិងខាងត្បូង”។
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េទាំង២ ដែលដឹកនាំគណប្រតិភូ បានលើកឡើងថា កម្មវិធីសម្ភោធនេះ គឺគ្រាន់តែជានិម្មិតរូប ហើយវាមិនមែនមានន័យថា ការរដ្ឋានសាងសង់ផ្លូវដែក នឹងចាប់ផ្តើមបើកភ្លាមនោះទេ។ អ្នកនាំពាក្យដដែល អះអាងថា អ្វីៗ គឺវាអាស្រ័យ ទៅលើដំណើរវិវឌ្ឍន៍ទៅមុខ នៃការចរចា ស្តីពីការរំសាយកម្មវិធី នុយក្លេអ៊ែរ។ យោងតាមមន្ត្រីកូរ៉េខាងត្បូង ក្នុងចំណោមគណៈប្រតិភូ ដែលធ្វើដំណើរទៅនៅថ្ងៃនេះ គឺមានតំណាងក្រុមហ៊ុនសំណង់រុស្ស៊ី ចិន ម៉ុងហ្គោលី ព្រមទាំងតំណាងអង្គទូតបរទេសមួយចំនួនផងដែរ។
សូមរំលឹកថា ការបើកសម្ភោធការដ្ឋានសាងសង់ផ្លូវដែក តភ្ជាប់គ្នា រវាងកូរ៉េទាំង២នេះ គឺជាការសន្យា របស់ លោកមូន ជាអ៊ីន ជាមួយនឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន កាលពីខែកញ្ញាកន្លងទៅ ថានឹងត្រូវធ្វើ ឲ្យបានមុនដាច់ឆ្នាំ២០១៨។ កូរ៉េខាងត្បូង បានត្រៀមកញ្ចប់ថវិកា ចំនួនជាង៥៦លានដុល្លារ សម្រាប់ឆ្នាំ២០១៩ខាងមុខ ដើម្បីយកទៅអនុវត្តគំរោងវិនិយោគ ផ្លូវដែកនៅកូរ៉េខាងជើង ដែលតាមការរំពឹងទុក គឺត្រូវការពេលយ៉ាងហោ៥ឆ្នាំ។
គួរកត់សំគាល់ថា រហូតមកដល់ពេលនេះ ការចរចារ ស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ នៅជាប់គាំង មិនបានទៅមុខទាល់តែសោះ។ មតិមួយចំនួនលើកឡើង អំពីការអូសជើង របស់កូរ៉េខាងជើង ដែលហាក់ដូចជាមានន័យថា របបនេះ គ្មានចិត្តចង់រំសាយកម្មវិធីនុយក្លេអ៊ែរនោះទេ។ កាលពីថ្ងៃចន្ទ កន្លងទៅ លោកដូណាល់ ត្រាំ បានសរសេរលើទំព័រTwitter ថា លោកកំពុងអន្ទះសារ រងចាំជួបជាមួយនឹង គីម ជុងអ៊ុន ជាលើកទី២។
ដោយឡែក មានមតិរិះគន់ បានលើកឡើងថា ការចរចាស្តីពីការរំសាយកម្មវិធីនុយក្លេអ៊ែរ នៅជាប់គាំង មិនទៅមុខផង មិនគួរចាប់ផ្តើម ធ្វើសម្បទានច្រើនពេក ទៅឲ្យកូរ៉េខាងជើងទេ។ ជាក់ស្តែង នៅស្ថានីយ៍រថភ្លើងក្រុងសេអ៊ូល ក្រុមបាតុករមួយក្រុមតូច បានលើកបដាតវ៉ា ប្រឆាំង រិះគន់ ចំពោះការដែលកូរ៉េខាងត្បូង បើកឱកាសឲ្យមេដឹកនាំផ្តាច់ការកុម្មុយនីស្តិកូរ៉េខាងជើង។ ក្រុមបាតុករលើកឡើងថា គីម ជុងអ៊ុន គឺជាមេដឹកនាំផ្តាច់ការ ធ្វើបាប និងសម្លាប់ប្រជាជនឯង ដូច្នេះមិនគួរទៅសេពគប់ ចាប់ដៃជាមួយជាដាច់ខាត។ ការតភ្ជាប់កូរ៉េទាំង២ នឹងធ្វើឲ្យកូរ៉េខាងជើង បានដៃ ពង្រីកឥទ្ធិពលទ្រឹស្តីកុម្មុយនីស្តិ មកលើកូរ៉េខាងត្បូង៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)