ប្រទេសថៃ៖ រដ្ឋសភាថៃ ថ្ងៃពុធទី២៦ធ្នូ បានអនុម័តច្បាប់ថ្មីមួយ អនុញ្ញាតឲ្យប្រើប្រាស់ កញ្ឆា និង ក្ទម្ព សម្រាប់ព្យាបាលក្នុងវិស័យវេជ្ជសាស្ត្រ និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ សូមជ្រាបថា រុក្ខជាតិទាំងពីរនេះ មានសារធាតុញៀន ដែលច្បាប់បានហាមឃាត់ជាយូរឆ្នាំមកហើយ។
ប្រធានគណៈកម្មាធិការជាតិកសិករថៃ Prapat Panyachartrak បានថ្លែងគាំទ្រច្បាប់ថ្មី ដោយប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង ថា ការអនុម័តច្បាប់នេះ គឺនឹងជួយបង្កើនសេដ្ឋកិច្ចជាតិ និងជួយដល់កសិករថៃ ឲ្យធ្វើពិពិធកម្មផលិតកម្ម។ ក្នុងមួយឆ្នាំៗ ប្រទេសថៃសព្វថ្ងៃ អាចទទួលបានចំណូលប្រមាណ ១០០ ពាន់លានបាត គឺប្រហែលជាង ៣ពាន់លានដុល្លារ ពីវិស័យនេះ។ នេះបើតាមសមាគមកសិករថៃ។
បើទោះបីជាសមាជិកសភាថៃ បញ្ជាក់ថា នៅក្នុងច្បាប់ថ្មី ការប្រើប្រាស់រុក្ខជាតិញៀននេះ គឺសម្រាប់ស្ថិតក្នុងក្របខណ្ឌបញ្ជីពេទ្យនិងវិទ្យាសាស្ត្រ ហើយនិងហាមឃាត់ក្នុងការយកទៅជក់លេងកម្សាន្តក៏ដោយ ក៏ពលរដ្ឋថៃមួយចំនួន បានប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ ជាទម្លាប់រួចស្រេចទៅហើយ។
នៅពេលដែលមានច្បាប់អនុញ្ញាតឲ្យផលិតនិងធ្វើអាជីវកម្មយ៉ាងដូច្នេះ ការប្រើប្រាស់នឹងកាន់តែទូលំទូលាយ។ ពិសេសគឺការផលិត ចម្រាញ់ សម្រាប់លក់ និងនាំចេញទៅបរទេស។ ចំណែក សហគ្រាសឱសថ និងក្រុមហ៊ុនបរទេស ជាច្រើន បានត្រៀមខ្លួនបន្តកន្ទុយគ្នាដើម្បីដាក់ពាក្យសុំធ្វើអាជីវកម្មរួចជាស្រេច។
តាំងពីឆ្នាំ១៩៧០មកម្ល៉េះ ដែលច្បាប់ថៃ ហាមឃាត់ ដោយចាត់ទុក កញ្ឆា និងក្ទម្ព ថាជាប្រភេទគ្រឿងញឿន។ នៅពេលនេះ រដ្ឋសភាថៃ ដែលមានសុទ្ធសឹងសមាជិកតែងតាំងដោយរបបសឹក បានសម្រេចអនុម័តច្បាប់ដ៏ចម្រូងចម្រាស់។ ទោះយ៉ាងណាក្តីច្បាប់នេះ បានចេញផុតពីដៃរដ្ឋសភាជាតិរួចហើយ ហើយប្រសិនបើព្រះមហាយក្សថៃ លាយព្រះហស្ថលេខា សម្រេចឲ្យប្រើច្បាប់ថ្មីនេះមែន នោះប្រទេសថៃ នឹងក្លាយជារាជាណាចក្រទី១ នៅអាស៊ី ដែលអនុញ្ញាតឲ្យផលិតនិងប្រើ រុក្ខជាតិញៀន ដោយស្របច្បាប់៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
