សេចក្តីរាយការណ៍បន្តថា កូនសិស្សសំណព្វចិត្តរបស់កីឡាករ អេ ភូថង គឺកីឡាករ អេ រដ្ឋា ដែលបានជួបគ្រោះថ្នាក់ដោយត្រូវរថយន្តកិន បណ្តាលឱ្យលោករងរបួសបែកប្លោកនោម បែកពោះវៀន ដាច់សរសៃឈាមត្រង់កន្លែងរថយន្តកិន និងបាក់ឆ្អឹងនៅម្ដុំប្លោកនោមទៀតផង។
អ្វីដែលគួរឱ្យសង្វេគ គឺកីឡាករកំព្រាឪពុកម្ដាយរូបនេះ មិនទទួលបានសំណង ដើម្បីដោះស្រាយនោះទេ ដោយសាររថយន្តបង្កហេតុម៉ាកឡិចស៊ីស៥៧០ ពាក់ស្លាកលេខ2 AU 5876 គេចបាត់ស្រមោលក្រោយបង្កហេតុ។
បើតាមលោក ស៊ាង ហៃ មិត្តជិតស្និទ្ធិកីឡាករ អេ ភូថង សរសេរបង្ហោះថា «សូមបងប្អូនទាំងអស់គ្នាដែរ មានឈាមសុំជួយគាត់ផង នៅវេលាយប់មិញនេះកីឡាករ អេ រដ្ឋា គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យបែកផ្លោកនោម ដោយសារតែមានឡានមួយគ្រឿងបុកគាត់ពីក្រោយហើយកិនពីលើទៀតផង។ ពេលនេះជនបង្កបានរត់គេចខ្លួនបាត់ហើយ នៅស្រុកយើងកំពុងតែខ្វះធនធានកីឡាករល្អផង ឥឡូវគាត់ត្រូវជួបគ្រោះថ្នាក់ទៀត សង្ឃឹមថា បងប្អូនទាំងអស់គ្នា និងយល់ពីការលំបាករបស់កីឡាករប្រដាល់ស្រុកយើងហើយគាត់ត្រូវមានឈ្មោះប្រកួតនៅខេត្តកោះកុងនៅថ្ងៃទី17 ខែមករា ឆ្នាំ2019 ខាងមុខនេះទៀត ឥឡូវត្រូវជួបគ្រោះថ្នាក់អញ្ជឹងប្រហែលមិនអាចប្រកួតបានទេមើលទៅ»។
បើតាមលោក ស៊ាង ហៃ បន្តថា «សូមបងប្អូនទាំងអស់គ្នាដែរមានឈាម សូមជួយគាត់ផង គាត់កំពុងតែខ្វះខាតពេលនេះ។ មនុស្សធ្លាប់តែហូបបាយជាមួយគ្នា គេងជុំគ្នារាប់អានគ្នាដូចបងប្អូន ទើបតែជួបនិយាយគ្នាប៉ុន្មានថ្ងៃមុន តែឥឡូវត្រូវជួបគ្រោះថ្នាក់ធ្ងន់ទៀត តើអ្នកណាមិនអាណិតទៅ? ព្រោះអីគាត់ខ្វះខាតថវិកាខ្លាំងណាស់ គាត់កំព្រាឳពុកម្ដាយ ហើយខ្លួនទៅជាបែបនឹងទៀត»។
ភ្លាមៗនោះបន្ទាប់ពីការបង្ហោះឱ្យដឹងពីគ្រោះថ្នាក់ចរាចរណ៍ លោក ស៊ាង ហៃ និងកីឡាការិនី អេ យ៉ានុត ក៏បានបង្ហោះថា លោកអេ រដ្ឋា ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យកាល់ម៉ែត ដោយលោកត្រូវបានគ្រូពេទ្យបញ្ជាក់ថា នៅមិនទាន់ដឹងពីទំហំគ្រោះថ្នាក់ត្រង់កន្លែងរថយន្តកិនចំនោះទេ ដោយរង់ចាំតាមដានបន្តទៀត។