ត្រលប់ទៅថ្ងៃទី ២ សីហា ឆ្នាំ ២០១៨ ប្រហែលជិតប្រាំខែមុន Apple ទើបតែបំបែកកំណត់ត្រាក្លាយជាក្រុមហ៊ុនដំបូងក្នុងលោកមានតម្លៃទ្រព្យ ១ ពាន់ពាន់លាន (Trillion) ដុល្លារ រហូតកើបបានអ្នកបណ្ដាក់ទុនវិនិយោគកាន់តែច្រើនសន្ធឹកសន្ធាប់ ជាហេតុជំរុញឲ្យមានការកើនដល់ ១ ហ៊ុនមានតម្លៃ ២៣២,០៧ ដុល្លារជាតម្លៃខ្ពស់បំផុតកាលពីដើមខែតុលា។
យ៉ាងណាមិញក្រោយជួបបញ្ហាការចុះអន់ថយនៃតម្រូវការទីផ្សារ iPhone ប្រចាំឆ្នាំ ២០១៨ នេះ បើយោងតាមរបាយការណ៍ CNBC បានឲ្យដឹងថាតម្លៃភាគហ៊ុន AAPL បានដាំក្បាលចុះប្រមាណ ៣៦ ភាគរយ ពោលគឺចូលដល់កម្រិតបន្ទាត់គ្រោះថ្នាក់ (Death Cross) ជាផ្លូវការ។ ជាមួយការធ្លាក់ចុះនេះ Apple ក៏ជាក្រុមហ៊ុនតែមួយគត់ដែលរងផលអវិជ្ជមានខ្ពស់ជាងគេ ក្នុងចំណោមទីផ្សារហ៊ុនលំដាប់កំពូល FAANG ដែលរួមមាន Facebook (FB), Amazon (AMZN), Apple (AAPL), Netflix (NFLX) និង Alphabet (GOOG)។
ការធ្លាក់ចុះ ៣៦ ភាគរយធ្វើឲ្យទីផ្សារ AAPL មានតម្លៃស្មើ ១៥០,៧៣ ដុល្លារ/ហ៊ុន ដោយនេះជាលើកទីពីរក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុនយក្សអាមេរិក ព្រោះកាលពីឆ្នាំ ២០១៥ ទីផ្សារហ៊ុន AAPL ក៏ធ្លាប់ធ្លាក់ប្រមាណ ១៧,៥ ភាគរយពីតម្លៃខ្ពស់បំផុត ១៣៣ ដុល្លារមកសល់ត្រឹម ១០៩,៦៩ ដុល្លារ។ នេះបើយោងតាម CultofMac បានចុះផ្សាយ។
បញ្ជាក់ដែរថា Death Cross គឺសំដៅទៅដល់ការធ្លាក់ចុះតម្លៃហ៊ុនដល់កម្រិតទាបដែលកម្រនឹងកើតមាន ពោលគឺការធៀបបម្លាស់ប្តូរជាមធ្យមក្នុងរយៈពេល ៥០ ថ្ងៃ ទាបជាងបម្លាស់ប្តូរជាមធ្យមក្នុងរយៈពេល ២០០ ថ្ងៃនៃតម្លៃភាគហ៊ុននោះ៕
