(បាងកក)៖ ថៃ បានក្លាយជាប្រទេសដំបូងគេបង្អស់នៅអាស៊ីអាគ្នេយ៍ ដែលសម្រេចឱ្យប្រើប្រាស់កញ្ឆាស្របច្បាប់។ នៅក្នុងការបោះឆ្នោតជាឯកច្ឆន្ទ ១៦៦-០ នាថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ ម្សិលមិញនេះ រដ្ឋសភាថៃបានកែប្រែជាផ្លូវការនូវច្បាប់ឆ្នាំ ១៩៧៩ ដែលចាត់ទុកថាជាបទឧក្រិដ្ឋចំពោះការប្រើប្រាស់ និងរក្សាទុកកញ្ឆា និងថ្នាំជក់ Kratom។ នាយកដ្ឋានសុខភាពសាធារណៈរបស់ប្រទេសថៃ ត្រូវបានចាត់តាំងឱ្យបំពេញភារកិច្ចលម្អិត ហើយច្បាប់នេះត្រូវគេរំពឹងថានឹងចូលជាធរមានក្នុងរយៈពេល ៦០ថ្ងៃ។
លោក Somchai Sawangkan សមាជិកសភាម្នាក់ដែលជាអ្នកគាំទ្រចម្បងនៃការធ្វើវិសោធនកម្ម បានថ្លែងថា លោកចាត់ទុកការអនុម័តខាងលើជាអំណោយឆ្នាំថ្មីដល់ប្រជាជនថៃ។
គួរបញ្ជាក់ថា៖ ច្បាប់នេះអនុញ្ញាតឱ្យប្រើប្រាស់ស្របច្បាប់នូវកញ្ឆា និងថ្នាំជក់ (Kratom) សម្រាប់គោលបំណងផ្នែកវេជ្ជសាស្ត្រ និងការស្រាវជ្រាវ ព្រមទាំងផលិតកម្ម, ការនាំចូល, ការនាំចេញ ហើយការកាន់កាប់រុក្ខជាតិទាំងនេះនឹងត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។
យ៉ាងណាមិញ ការកាន់កាប់កញ្ឆាសម្រាប់គោលបំណងផ្សេងក្រៅពីដែនកំណត់ដែលមានចែងនៅក្រោមច្បាប់ ត្រូវទទួលខុសត្រូវចំពោះផ្លូវច្បាប់ ដែលអាចត្រូវផ្ដន្ទាទោសជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំឯណោះ៕
ប្រភព៖ Coconut