កោះកុង៖ បញ្ជាក់ថា មនុស្សចំនួន ៦នាក់បានស្លាប់ ដោយ ៤នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និង២នាក់នៅមន្ទីរពេទ្យ ចំណែកមនុស្សជាង ១០នាក់ផ្សេងទៀតបានរងរបួសធ្ងន់ និងស្រាល ក្នុងករណីរថយន្តមួយគ្រឿងក្រឡាប់ដោយខ្លួនឯង នៅចំណុចអន្ទង់អាំង ចន្លោះគីឡូម៉ែតលេខ ៦១-៦២ កំណាត់ផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០១៨ ។
តាមការបញ្ជាក់របស់សមត្ថកិច្ចប៉ូលិសស្រុកបានអោយដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៤នាក់នៅនឹងកន្លែងកើតហេតុមានដូចជា ១.ចាន់ ណា អាយុ ២១ឆ្នាំ ស្រី, ២. សា រឿន ៥៧ ប្រុស, ៣. ស្រីនាង ២៣ ស្រី និង៤.សូយ ១៨ ប្រុស ឯ២នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ យើងពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ។
សមត្ថកិច្ចបញ្ជាក់ទៀតថា រថយន្តរងគ្រោះ ជារថយន្តប្រភេទកូរ៉េ ២តោនកន្លះ ពណ៌ស បើកបរពីខេត្តកំពង់ស្ពឺ ឆ្ពោះទៅខេត្តកោះកុង ជារថយន្តក្រុមតន្ត្រីដើម្បីទៅច្រៀងក្នុងពិធីមង្គការរបស់ប្រជាពលរដ្ឋ នៅឃុំត្រពាំងរូង ស្រុកកោះកុង លុះមកដល់ចំណុចកើតហេតុ បណ្តាលមកពីអ្នកបើកបរមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ និងបើកបរក្នុងល្បឿនលឿន ពេលចុះចំណោតជាន់ហ្វ្រាំងមិនស៊ី ដាក់លេខទប់មិនចូល ទើបជ្រុលចង្កូតក្រឡាប់ធ្លាក់ជ្រោះតែម្តង។
បច្ចុប្បន្ន ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ តាមប្រជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងថា ផ្លូវកោងចំណុចនេះតែងតែធ្វើឲ្យរថយន្តក្រឡាប់ជាច្រើនគ្រឿងមកហើយ ពិសេសអ្នកដំណើរមិនធ្លាប់ស្គាល់ទីតាំងនេះ។ ចំណែកក្រុមតន្ត្រីសម័យ ឬនិយមហៅក្រុមអ័កកេសនេះឈ្មោះ តន្ត្រីស្រីពៅជាក្រុមតន្រ្តីដ៏ពេញនិយមមួយប្រចាំស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕ (អត្ថបទដោយ ទេព វណ្ណះ)
