ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាឱ្យមន្ត្រីត្រូវវាយតម្លៃប្រភេទដីឲ្យបានច្បាស់ ដើម្បីស្រួលយកពន្ធចូលរដ្ឋ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បញ្ជាឱ្យមន្ត្រីត្រូវវាយតម្លៃប្រភេទដីឲ្យបានច្បាស់ ដើម្បីស្រួលយកពន្ធចូលរដ្ឋ

25/12/2018
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី​​ ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី​ បានបញ្ជាឱ្មន្ត្រី​សុរិយាដី​ គ្រប់​រាជធានី-ខេត្ត​ទាំងអស់ ត្រូវ​រៀបចំ​តំបន់​វិនិច្ឆ័យ​ វាយតម្លៃ​ក្បាលដី​ ឱ្យបានច្បាស់លាស់ នៅតាម​តំបន់​ដី ​ដែល​បាន​ចុះបញ្ជី ដើម្បី​ឱ្យអគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ ​អាច​ប្រមូល​ព​ន្ឋ​បាន​ច្រើន​ចូល​រដ្ឋ។

ការបញ្ជារបស់លោករដ្ឋមន្ត្រី ត្រូវបានធ្វើឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប លទ្ធផល​ការងារ​ប្រចាំ២០១៨ និង​លើក​ទិសដៅ​ឆ្នាំ២០១៩ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅសណ្ឋាគារសុខាភ្នំពេញ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការវាយតម្លៃ​ដីធ្លី​នេះ បើ​យើង​មិន​ធ្វើការ​លាតត្រដាង​នោះទេ រដ្ឋ​នឹង​បាត់​ចំណូល​ពន្ធ​លើ​បញ្ហាដីធ្លី​ជាច្រើន នឹង​ក៏មាន​ករណី​កើត​ឡើងលើ​បញ្ហាដីធ្លី​នេះ​មិន​តិចតួច​ផងដែរ ទាក់ទង​ការប្តូរ​ប្លង់ ឬ​កាត់​ប្លង់​ជាដើម»។
លោកបានបន្តថា «ចាប់ពីពេលនេះ​ទៅ ​ប្រធាន​ភូមិបាល​ទាំងអស់​នៅ​ទូទាំងប្រទេស ត្រូវ​រៀបចំ​តំបន់​វិនិច្ឆ័យ វាយតម្លៃ​ក្បាលដី​ឲ្យ​បានច្បាស់លាស់ នៅតាម​តំបន់​ដី​ដែល​បាន​ចុះបញ្ជី​រួចរាល់ ដើម្បី​ចៀសវាង​ការបាត់បង់​ថវិកា​ចំណូល​ពន្ធ​ចូល​រដ្ឋ»។

បើតាមលោករដ្ឋមន្ត្រី កន្លងមក​ភូមិសាស្ត្រ​ដីធ្លី​បាន​ប្តូរ​ប្រភេទ​ដី​ពី​ដី​កសិកម្ម ទៅជា​ដី​ឧស្សាហកម្ម ដី​លំនៅឋាន និង​ដី​ផ្សារ​ជាច្រើន ប៉ុន្តែ​បច្ចុប្បន្ន​ដី​កសិកម្ម​បានក្លាយ​ទៅជា​ដី​ឧស្សាហកម្ម និង​ដី​បុរី​ស្ទើរតែ​អស់​ទៅហើយ ចំណែក​ការអនុវត្តន៍​តាមផ្លូវ​ច្បាប់​វិញ នៅតែ​ចុះបញ្ជី​ជា​ដី​កសិកម្ម​ដដែល។

យោងតាមរបាយការណ៍របស់ក្រសួង ដែលត្រូវបានបង្ហាញក្នុងសន្និបាត បានឲ្យដឹងថា ក្នុងឆ្នាំ២០១៨នេះ ចំណូលបានមកពីសេវាសុរិយោដី សេវាសំណង់ ពីការជួលទីតាំងរោងចក្រ សហគ្រាស និងបានពីពន្ធលើការផ្ទេរអចលនទ្រព្យ ដែលប្រមូលនៅអង្គភាពពន្ធដារ មានចំនួន ៣៩០,៤៧៦,៤៤២,៧១១រៀល ស្មើនឹងជិត៩៨លានដុល្លារអាមេរិក។ ជាមួយគ្នានេះ ចំណូលទទួលបានពីការផ្តល់សេវា នៅការិយាល័យច្រកចេញចូលតែមួយ មានចំនួនសរុប ៧៨,៥១៧,៦៧១,២៤៧រៀល ស្មើនឹងជិត២០លានដុល្លារអាមេរិក៕