ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានរាយការណ៍ថា រថយន្តប្រភេទដឹកទំនិញមួយគ្រឿង ពេលកំពុងធ្វើដំណើរសុខៗ ស្រាប់តែមានអគ្គិភ័យឆាបឆេះអស់គ្មានសល់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤០នាទីថ្ងៃត្រង់ថ្ងៃទី១៨ ធ្នូ ស្ថិតនៅចំណុចភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តនោះម៉ាកហ៊ូយ៉ាន់ដាយ ប្រភេទ២តោនកន្លះ ពាក់ស្លាកលេខភ្នំពេញ 3D-6814 បើកបរដោយឈ្មោះវៀង យាំងកូក ភេទប្រុស អាយុ៤៤ឆ្នាំ ជាជនជាតិវៀតណាម និងជាអ្នកស៊ីឈ្នួលបើករថយន្ដនេះ ដែលមានអ្នករួមដំណើរជាកម្មករចំនួន៣នាក់ទៀត តែក្រុមកម្មករបានចុះរត់គេចខ្លួនបាត់អស់ ក្រោយកើតហេតុ។
បើតាមការសួរនាំជំហានដំបូងថា រថយន្តនេះស្វែងរកទិញស្វាយតាមចម្ការ ហើយពេលកំពុងធ្វើដំណើរទំនងក្រុមកម្មករនាំគ្នាជក់បារីបោះចោលលើរថយន្តដែលនាំឱ្យឆេះក្រដាស សម្រាប់ខ្ចប់ផ្លែស្វាយបង្កជាអណ្ដាតភ្លើងសន្ធោសន្ធៅឆេះទាំងរថយន្តខ្ទេចគ្មានសល់តែម្ដង ។
សមត្ថកិច្ចបានប្រាប់ថា រថយន្តនោះត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង តែមិនមានគ្រោះថ្នាក់មនុស្សទេ។ ពេលនេះ សមត្ថកិច្ចកំពុងសួរនាំអ្នកបើកបរដែលជាជនជាតិវៀតណាម ខណ:កម្មករចំនួន៣នាក់បានរត់គេចខ្លួនបាត់អស់ ។
