ក្រុមហ៊ុន Apple កំពុងរំលោភសេចក្តីបង្គាប់របស់​តុលាការ​ចិន ដែល​បានហាមឃាត់ការលក់ iPhone ជាច្រើនស៊េរី, នេះ​បើតាម​ការបញ្ជាក់ពី Qualcomm

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិត​បន្ទះឈីប​អាមេរិក Qualcomm បាននិយាយថា ក្រុមហ៊ុន Apple នៅតែបន្ត​រំលោភ​បំពានលើ សេចក្ដីសម្រេចរបស់​តុលាការចិន ដែលបានបង្គាប់​ឱ្យក្រុមហ៊ុនផលិតទូរស័ព្ទ​ដៃមួយនេះ បញ្ឈប់ការលក់​ទូរស័ព្ទ iPhones ស៊េរីចាស់​របស់ខ្លួន ដោយសារតែការរំលោភ​លើប័ណ្ណប៉ាតង់​ផ្នែកបច្ចេកវិទ្យា។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមហ៊ុន Qualcomm កាលពី​ថ្ងៃទី១០ ខែធ្នូកន្លងទៅថា ខ្លួនបានទទួល​ជ័យជម្នះលើ​ក្រុមហ៊ុន Apple នៅក្នុងសេចក្ដី​បង្គាប់​មួយរបស់​តុលាការចិន ដែលបានដាក់​បម្រាម​លើ​ការលក់​ទូរស័ព្ទដៃ iPhones ស៊េរីចាស់ជា​ច្រើនម៉ូឌែលត្រូវគេរកឃើញ​ថា បានរំលោភលើ​ប័ណ្ណប៉ាតង់បច្ចេកវិទ្យា​ចំនួនពីរ​របស់ Qualcomm។ ប៉ុន្តែក្នុង​ថ្ងៃដដែល ក្រុមហ៊ុនម៉ាក​សញ្ញា​ផ្លែប៉ោម​ក៏បានអះអាងដែរថា ទូរស័ព្ទដៃរបស់ខ្លួន​នៅតែបន្តមានវត្តមាន​នៅលើទីផ្សារ​ចិន។
ដោយឡែក​ក្រុមហ៊ុន Qualcomm បាន​បញ្ជាក់ថា Apple នៅតែបន្តរំលោភ​លើសេចក្ដីបង្គាប់របស់​តុលាការចិន ព្រោះក្រុមហ៊ុន​មួយនេះនៅតែបន្តលក់​ទូរស័ព្ទដៃរបស់​ខ្លួន និងមិនបាន​ទទួលការអនុញ្ញាត​ពីអាជ្ញាធរចិន ឱ្យ​ធ្វើបែបនេះ​ឡើយ។
គួរបញ្ជាក់ថា៖ ជាការឆ្លើយតប​នឹងក្រុមហ៊ុន Qualcomm ក្រុមហ៊ុន Apple បាននិយាយ​នៅថ្ងៃចន្ទសប្ដាហ៍នេះថា ខ្លួនបានគោរពយ៉ាងខ្ជាប់ខ្ជួនលើសេចក្ដីសម្រេចរបស់​តុលាការចិន ហើយមិនតែប៉ុណ្ណោះ​ខ្លួនក៏បាន update software ទូរស័ព្ទ iPhones ឱ្យស្រប ទៅតាមសេចក្ដី​បង្គាប់នេះ​ទៀតផង៕
ក្រុមហ៊ុន Apple កំពុងរំលោភសេចក្តីបង្គាប់របស់​តុលាការ​ចិន ដែល​បានហាមឃាត់ការលក់ iPhone ជាច្រើនស៊េរី, នេះ​បើតាម​ការបញ្ជាក់ពី Qualcomm ក្រុមហ៊ុន Apple កំពុងរំលោភសេចក្តីបង្គាប់របស់​តុលាការ​ចិន ដែល​បានហាមឃាត់ការលក់ iPhone ជាច្រើនស៊េរី, នេះ​បើតាម​ការបញ្ជាក់ពី Qualcomm Reviewed by Laiheang VOBFM on 12/17/2018 Rating: 5
Powered by Blogger.