ខេត្តព្រៃវែង៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា យុវជនម្នាក់ត្រូវចរន្តភ្លើងឆក់រហូតដល់ស្លាប់បាត់បង់ជីវិតភ្លាមៗនៅហ្នឹងកន្លែង ធ្វើអោយបងប្អូនដែលកំពុងផឹកស៊ីសប្បាយ ប្រែក្លាយជាទឹកភ្នែកគ្រប់ៗគ្នា។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៦ ធ្នូ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិចាក់ខ្លាញ់ ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែងរងគ្រោះដែលស្លាប់ឈ្មោះ ឆាង ឆៃរ៉ាន់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃកើតហេតុនោះ ផ្ទះជនរងគ្រោះបានរៀបចំពិធីមង្គលការ ហើយនៅក្បែផ្ទះបានសង់រោងចុងភៅ និងរោងការដ៏យ៉ាងស្រស់ស្អាត ប៉ុន្តែនៅពេលយប់ឡើងបែរជាអត់មានភ្លើងបំភ្លឺ ទើបជនរងគ្រោះបានយកខ្សែភ្លើង តចេញពីផ្ទះអូសទៅចូលរោងការ និងរោងចុងភៅដើម្បីបំភ្លឺ ។
ប្រភពដដែលបានបន្តថា ក្នុងពេលដែលបងប្អូនដទៃទៀតកំពុងនាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយ តែជាអកុសលមិនដឹងជាមូលហេតុអ្វី ក្នុងពេលដែលយុវជនរងគ្រោះកំពុងតភ្លើងនោះ ស្រាប់តែឆ្លងចរន្ត បណ្តាលអោយឆក់ជនរងគ្រោះប្រកាច់ធ្លាក់ពីលើកៅអីមកដី ផ្អើលបងប្អូនទាំងអស់រត់មកជួយភ្លាមៗដែរ ប៉ុន្តែមិនអាចជួយសង្គ្រោះបានឡើយ គឺជនរងគ្រោះបានស្លាប់បាត់ទៅហើយ ធ្វើអោយសំឡេងសើចសប្បាយ ប្រែក្លាយទៅជាសំឡេងយំខ្សឹកខ្សួលគួរឱ្យសង្វែគពេញរោងការទៅវិញ។
ប្រភពដដែលនេះបានបញ្ជាក់ថា នៅពេលកើតហេតុភ្លាមៗ ក្រុមគ្រួសារជនរងគ្រោះមិនបានរាយការណ៍ប្រាប់មកសមត្ថកិច្ចភ្លាមៗនោះទេ គឺរហូតទាល់តែព្រឹកឡើងថ្ងៃទី១៧ធ្នូ ទើបនាំគ្នារាយការណ៍ ហើយសមត្ថកិច្ចបាននាំគ្នាចុះទៅពិនិត្យសព រកឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងប្រាកដមែន ទើបប្រគល់សពអោយទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕ (អត្ថបទដោយ ទេព វណ្ណះ)