អង់គ្លេស៖ ជាសង្គ្រាមពាក្យសំដី ជាសាធារណៈ ដ៏កម្របំផុត នៅអង់គ្លេស ! លោកស្រី នាយករដ្ឋមន្ត្រីអង់គ្លេស តេរ៉េហ្សា ម៉េ (Theresa May) បានចោទប្រកាន់លោក តូនី ប្លែរ (Tony Blair) ជាអតីតនាយករដ្ឋមន្ត្រី ថាបាននិងកំពុងរារាំងដំណើរការBrexit ព្រោះលោកបានអំពាវនាវឱ្យមានការរៀបចំប្រជាមតិជាលើកទីពីរ។ ចំណែកលោកអតីតនាយករដ្ឋមន្ត្រី ក៏បានឆ្លើយតបវិញនៅថ្ងៃអាទិត្យនេះ ដោយចោទប្រកាន់លោកស្រី ម៉េ ថាគ្មានទំនួលខុសត្រូវ។
“ស្វែងរកការរៀបចំប្រជាមតិស្តីអំពី Brexit ជាលើកទីពីរ គឺការជេរប្រទេសតួនាទីជាប្រមុខរដ្ឋាភិបាលដែលលោកធ្លាប់កាន់ និងជេរប្រជាជនដែលលោកធ្លាប់បម្រើ !” នេះជាសេចក្តីថ្លែងការណ៍របស់លោកស្រីនាយករដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃសៅរ៍ តាមប្រព័ន្ធឃោសនាព័ត៌មាន ដោយអះអាងទៀតថា លោកស្រីបានប្រឹងចរចាយ៉ាងលំបាកលំបិន អស់រយៈពេល១៧ខែ ទម្រាំបានរកឃើញកិច្ចព្រមព្រៀងជាមួយអឺរ៉ុប។ ហើយពេលនេះលោកស្រីចង់បានតែការធានាបន្ថែមទៀត ដើម្បីបញ្ចុះបញ្ចូលសមាជិកសភាឱ្យបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងនោះ។ ប៉ុន្តែ “មានមនុស្សច្រើននាក់ណាស់ ចង់បង្អាក់ដំណើរការនីតិវិធីដើរចេញពីអឺរ៉ុប ដើម្បីការពារនយោបាយខ្លួនឯងជាងប្រយោជន៍ជាតិ !” នេះជាពាក្យចោទប្រកាន់ដែលលោកស្រី ម៉េ ចង់សំដៅទៅលើរូបលោកតូនី ប្លែរ។
ជាអតីតនាយករដ្ឋមន្ត្រីអង់គ្លេស ពីឆ្នាំ១៩៩៧-២០០៧ លោក តូនី ប្លែរ បានប្រកាសកាលពីថ្ងៃសុក្រ នៅទីក្រុងឡុងដ៍ ក្នុងពេលដែលលោកស្រីនាយករដ្ឋមន្ត្រីកំពុងជួបពិភាក្សាជាថ្មីជាមួយថ្នាក់ដឹកនាំអឺរ៉ុប ចង់ឃើញអង់គ្លេសរៀបចំការបោះឆ្នោតប្រជាមតិស្តីពីការដើរចេញអឺរ៉ុប ម្តងទៀត។ ហើយនៅថ្ងៃអាទិត្យ ខុសពីទម្លាប់ លោកតូនី ប្លែរ ក៏បានឆ្លើយបកទៅនឹងពាក្យចោទប្រកាន់របស់លោកស្រីនាយករដ្ឋមន្ត្រីកំពុងកាន់អំណាចថា លោកមិនដែលភ្លេចកាតព្វកិច្ច និងលទ្ធផលប្រជាមតិខែមិថុនាឆ្នាំ២០១៦ដែលមានប្រជាជន៥២%បោះឆ្នោតគាំទ្រBrexitទេ ! ប៉ុន្តែវាការខ្វះទំនួលខុសត្រូវ ដែលត្រូវទៅបង្ខំសមាជិកសភាឱ្យទទួលយកកិច្ចព្រមព្រៀង មិនល្អ ឬព្រមឱ្យអង់គ្លេសបំបែកចេញពីអឺរ៉ុបដោយគ្មានកិច្ចព្រមព្រៀងនោះ។ គ្មានប្រជាជន និងសមាជិកសភាណា គាំទ្រកិច្ចព្រមព្រៀងរបស់លោកស្រីម៉េទេ ! បើតំណាងសភាមិនព្រម ដូច្នេះវាគឺជារឿងធម្មតាទេដែលរដ្ឋាភិបាលត្រូវធ្វើផ្តល់ឱកាសឱ្យប្រជារាស្ត្រសម្រេចចិត្តជាថ្មី ! នេះជាប្រតិកម្មរបស់លោកតូនី ប្លែរ តាមរយៈសារទ្វីតទ័រ។
ជម្រើសរៀបចំមតិជាលើកទីពីរ ក៏ត្រូវបានសមាជិករដ្ឋាភិបាលជាច្រើនរូប រាប់ទាំងប្រមុខដឹកនាំលំដាប់ទីពីរផងកំពុងពិចារណា។ នេះបើគេជឿតាមប្រព័ន្ធឃោសនាព័ត៌មានអង់គ្លេសជាច្រើន។ ប៉ុន្តែខុទ្ទការល័យនាយករដ្ឋមន្ត្រីបានបដិសេធពាក្យចចាមអារាមទាំងនេះ ដោយបានលើកឡើងអំពីគ្រោះថ្នាក់នៃការធ្វើប្រជាមតិជាលើកទីពីរ ថារឹតតែធ្វើអង់គ្លេសប្រេះឆា៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)