កូសូវ៉ូ៖ នៅថ្ងៃ ចន្ទ ទី ១៧ ធ្នូ ២០១៨នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងបើកកិច្ចប្រជុំ ស្តីអំពីសេចក្តីសម្រេចបង្កើតកងទ័ពជាតិកូសូវ៉ូ។ ជាកិច្ចប្រជុំ លើកទីពីរ ក្នុងរវាងពេលតែបួនថ្ងៃ។ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើកនេះ ត្រូវបានស្នើឡើងដោយស៊ែរប៊ី និងរុស្ស៊ី។
ប្រធានាធិបតីស៊ែរប៊ី បានប្រកាសធ្វើដំណើរទៅចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សានោះ ព្រោះស៊ែរប៊ី ប្រទេសជាប់របង ដែលមិនទទួលស្គាល់ឯករាជភាពកូសូវ៉ូ មិនត្រូវការឃើញកូសូវ៉ូមានកងទ័ពឡើយ។ ការសម្រេចបង្កើតកងទ័ពជាតិនេះ ក៏រងការបរិហារពី អូតង់ អគ្គលេខាធិការអង្គការសហប្រជាជាតិទៀត។ សហភាពអឺរ៉ុប ក៏បានសម្តែងការមិនពេញចិត្តដូចគ្នា។ មានតែសហរដ្ឋអាមេរិកមួយគត់ដែលបានសម្តែងការស្វាគមន៍សេចក្តីសម្រេចរបស់កូសូវ៉ូ។
ក្នុងរវាងពេលតែបួនថ្ងៃ ក្រុមប្រឹក្សាសន្តិសុខត្រូវកោះប្រជុំ ដល់ពីរលើក ស្តីពីបញ្ហាកូសូវ៉ូ។ នៅលើកនេះ កិច្ចប្រជុំនឹងប្រព្រឹត្តជាសាធារណៈ នៅវេលាម៉ោង៨ល្ងាច ម៉ោងសកលទៅ មិនមែនដោយបិទទ្វារដូចកាលពីថ្ងៃសុក្រទេ។ ជាកិច្ចប្រជុំស្តីអំពីសេចក្តីសម្រេចបង្កើតកងទ័ពដែលកូសូវ៉ូ បានអនុម័តកាលពីថ្ងៃសុក្រ។ ប្រធានាធិបតីស៊ែរប៊ី បានប្រកាសធ្វើដំណើរទៅទីក្រុងញូវយ៉ក ដើម្បីចូលរួមក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង ព្រោះលោកយល់ថា ការបង្កើតកងទ័ពរបស់អាល់បានី (កូសូវ៉ូ) មាន អាមេរិក និងអង់គ្លេស រួមទាំងអាល្លឺម៉ង់មួយទៀត នៅពីក្រោយ។
ស៊ែរប៊ីដែលបាត់បង់អំណាចគ្រប់គ្រង់តំបន់កូសូវ៉ូ នៅក្នុងសង្គ្រាមឆ្នាំ១៩៩៩ ប្រឆាំងដាច់ខាតនឹងការបង្កើតកម្លាំងកងទ័ពជាតិកូសូវ៉ូ ហើយស៊ែរប៊ីតែងប្រឆាំងនិងមិនទទួលស្គាល់ឯករាជ្យរបស់កូសូវ៉ូទេ។
ដំណើរស្វែងរកឯករាជ្យរបស់កូសូវ៉ូក្រោយសង្គ្រាមរវាងស៊ែរប៊ីនិងពួកឧទ្ទាមទាមទារឯករាជ្យកូសូវ៉ូនៅឆ្នាំ១៩៩៩ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចលេខ ១២៤៤ ដាក់តំបន់កូសូវ៉ូ ឱ្យស្ថិតនៅក្រោមរដ្ឋបាលបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ និងដោយមានកងទ័ពអូតង់ ជាអ្នកធានារ៉ាប់រងការពារសន្តិសុខកូសូវ៉ូ។
នៅឆ្នាំ២០០៥ ស្វីសបានបង្ហើបអំពីគំនិតផ្តួចផ្តើមមុនគេ ឱ្យមានកូសូវ៉ូឯករាជ្យ នៅចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក។ ពីរឆ្នាំ បន្ទាប់ អង្គការសហប្រជាជាតិ ក៏បានបញ្ជូនបេសកកជនពិសេសទៅចរចាជាមួយជនជាតិអាល់បានីក្នុងតំបន់កូសូវ៉ូ និងស៊ែរប៊ី ស្តីអំពីលក្ខន្តិកៈរបស់តំបន់កូសូវ៉ូ ពោលគឺស្នើឱ្យតំបន់កូសូវ៉ូមានឯករាជ្យ ក្រោមការឃុំគ្រងរបស់អន្តរជាតិ។ ប៉ុន្តែសំណើនេះត្រូវបរាជ័យមិនអាចអនុម័តបាន ដោយហេតុតែរុស្ស៊ី ប្រើសិទ្ធិវេតូប្រឆាំង។
នៅទីបំផុត ស្ថាប័នបណ្តោះអាសន្នកូសូវ៉ូ ក៏ប្រកាសឯករាជ្យជាឯកតោភាគី នៅឆ្នាំ២០០៨។ ប្រទេសលោកខាងលិចជាច្រើន ដូចជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនរបស់អូតង់ បានទទួលស្គាល់កូសូវ៉ូ ឯករាជ្យ។ បើតាមកូសូវ៉ូ មានប្រទេសដល់ទៅ ១១៥ទទួលស្គាល់ឯករាជភាពរបស់ខ្លួន តែស៊ែរប៊ីតែងប្រឆាំងនឹងតួលេខនេះជានិច្ច។
រុស្ស៊ីគាំទ្រស៊ែរប៊ី មិនទទួលស្គាល់ឯករាជ្យកូសូវ៉ូទេ និងបានដាក់ពាក្យបណ្តឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ (CIJ) ឱ្យអារកាត់សេចក្តី ថាតើ ការស្វ័យប្រកាសឯករាជ្យរបស់កូសូវ៉ូ ស្របច្បាប់ដែរឬអត់។ នៅថ្ងៃទី ២២ កក្កដា ២០១០ តុលាការអន្តរជាតិប្រកាសសាលក្រម ថា ការប្រកាសឯករាជ្យរបស់កូសូវ៉ូ មិនរំលោភច្បាប់អន្តរជាតិទេ ប៉ុន្តែតុលាការមិនទទួលស្គាល់កូសូវ៉ូជារដ្ឋមួយឡើយ។
សម្រាប់អង្គការសហប្រជាជាតិ មានតែ “សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខលេខ១២៤៤ ឆ្នាំ១៩៩៩ទេ ដែលជាក្របខ័ណ្ឌស្របច្បាប់”។ វត្តមានយោធាអន្តរជាតិ ក្នុងការធានាសន្តិសុខ នៅកូសូវ៉ូ ក៏មានតែមួយគត់ដែរគឺ អូតង់។ ហេតុដូច្នេះហើយបានជាអូតង់ ក៏ដូចជាអង្គការសហប្រជាជាតិ តាមរយៈសេចក្តីថ្លែងការណ៍របស់លោកអគ្គលេខាធិការ ធ្វើការបរិហារការបង្កើតទ័ពជាតិកូសូវ៉ូនោះ៕(អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)