ទីបំផុត Huawei បានប្រកាសចេញស្មាតហ្វូនម៉ូដែល Nova 4 ជាផ្លូវការ ដែលជាស្មាតហ្វូនទីពីរមានបង្កប់កាមេរ៉ាលើអេក្រង់ (បន្ទាប់ពី Samsung Galaxy A8s) និងជាស្មាតហ្វូនដំបូងគេមានបំពាក់ Sensor កាមេរ៉ាទំហំធំដល់ 48 MP។
Nova 4 មានអេក្រង់ទំហំ 6,4 អ៊ីញ អាចបង្ហាញរូបក្នុងកម្រិត 2340 x 1080 ភីកសែល ដោយលើអេក្រង់មានបង្កប់កាមេរ៉ាសម្រាប់ថត Selfie ជាមួយកម្រិត 25 MP ឯណោះ។ Nova 4 នេះប្រើនូវបន្ទះឈីប Kirin 970 ដូចមានប្រើលើ Huawei P20 Pro ដោយមាន RAM ទំហំ 8 GB, អង្គផ្ទុកទំហំ 128 GB, ថ្មទំហំ 3750 mAh និងទ្រនាប់ស្កេនម្រាមដៃនៅខាងក្រោយ។
កាមេរ៉ាខាងក្រោយរបស់ Nova 4 មានរហូតដល់ 3 គ្រាប់ ដែលមានកាមេរ៉ាមេទំហំ 48 MP, កាមេរ៉ាទីពីរជាប្រភេទ Wide-Angle មានទំហំ 16 MP និងកាមេរ៉ាវាស់ជម្រៅដែលមានទំហំ 2 MP មានលក់តម្លៃប្រហែល 490 ដុល្លារ។ Nova 4 មានមួយប្រភេទទៀតតម្លៃធូរថ្លៃត្រឹមប្រហែល 450 ដុល្លារ ដោយកាមេរ៉ាមេមានកម្រិត 20 MP ប៉ុណ្ណោះ។
ស្មាតហ្វូន Nova 4 ទាំងពីរប្រភេទមានទទួលកុម្ម៉ង់ទិញចាប់ពីថ្ងៃទី 17 ខែធ្នូតទៅ សម្រាប់ទីផ្សារក្នុងស្រុក ដោយទីផ្សារក្រៅស្រុកនឹងបញ្ចេញលក់ក្នុងពេលបន្តបន្ទាប់៕
ប្រភព៖ The Verge
