សហភាពអឺរ៉ុប៖ កាតាបានអំពាវនាវនៅថ្ងៃសៅរ៍ទី ១៥ ធ្នូ២០១៨នេះ ចង់បង្កើតសម្ព័ន្ធតំបន់ថ្មី មកជំនួសសម្ព័ន្ធក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការឈូងសមុទ្ទពែក្ស (CCG) ដែលគ្មានសមត្ថភាពដោះស្រាយវិបត្តិកាតាជាមួយបណ្តាប្រទេសជិតខាង។ តាំងពីជាងមួយកន្លះមក កាតាត្រូវបានដាក់ឱ្យនៅឯកា គ្មានទំនាក់ទំនងការទូត ពាណិជ្ជកម្មនិងសេដ្ឋកិច្ច ជាមួយក្រុមប្រទេសក្នុងតំបន់ដឹកនាំដោយអារ៉ាប៊ីសាអូឌីតទេ។
បង្កើតឡើងនៅឆ្នាំ១៩៨១ ដើម្បីទប់ទល់នឹងអ៊ីរ៉ង់ ក្រុមប្រឹក្សានៃកិច្ចសហប្រតិបត្តិការតំបន់ឈូងសមុទ្ទពែក្ស (CCG) ដែលជាសម្ព័ន្ធនយោបាយនិងសេដ្ឋកិច្ច ដឹកនាំដោយអារ៉ាប៊ីសាអូឌីត បារ៉ែន អេមីរ៉ាតអារ៉ាប់រួម កូវ៉ែត កាតា និងអូម៉ង់ កំពុងក្លាយជាសម្ព័ន្ធដែលគ្មានអំណាចពិតប្រាកដទៀតទេ ! នេះបើតាមប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងការបរទេសកាតា Cheikh Mohammed ben Aberrahmane នៅក្នុងសន្និសីទរយៈពេលពីរថ្ងៃដែលគេប្រសិទ្ធនាមថា វេទិកាដូហា។ វេទិកាបើកធ្វើឡើងតែមួយសប្តាហ៍ក្រោយជំនួបប្រជុំប្រចាំរបស់សម្ព័ន្ធCCG នៅទីក្រុងរីយ៉ាដដែលបិទបញ្ចប់ដោយគ្មានលទ្ធផលនិងគ្មានវត្តមានកាតា។
សម្រាប់លោកប្រមុខការទូតកាតា ជម្លោះរវាងកាតាជាមួយក្រុមប្រទេសជិតខាងនាំមុខដោយអារ៉ាប៊ីសាអូឌីត តាំងពីជាង១៨ខែមកនេះ បានធ្វើឱ្យសម្ព័ន្ធក្លាយជាស្ថាប័នមួយដែលមិនអាចផ្សះផ្សាបាន។ “គ្មានសមត្ថភាពដោះស្រាយជម្លោះក្នុងតំបន់ ! សម្ព័ន្ធរួមរឹតដោយវិបត្តិ ដូច្នេះសម្ព័ន្ធដែលនៅសេសសល់ត្រូវកែរចនាសម្ព័ន្ធថ្មី ដើម្បីធានាស្ថិរភាពនិងសន្តិសុខតំបន់ ទៅថ្ងៃអនាគត !"។
ឆ្លៀតក្នុងឱកាសបើកវេទិកានេះ លោករដ្ឋមន្ត្រីការបរទេសកាតា បានធ្វើការរិះគន់យ៉ាងខ្លាំងសម្ព័ន្ធអារ៉ាប៊ីសាអូឌីត-បារ៉ែន-អេមីរ៉ាតអារ៉ាប់រួម ដែលបានផ្តាច់ទំនាក់ទំនងជាមួយកាតា តាំងពីខែមិថុនាឆ្នាំ២០១៧មក ថាជាការសាបព្រោះការភ័យខ្លាច អំពើឧក្រិដ្ឋ និងឃោសនាភូតកុហក។ ចោទកាតា ថាគាំទ្រពួកអ៊ីស្លាមជ្រុលនិយម ហើយស្និទ្ធជ្រុលនឹងអ៊ីរ៉ង់ រីយ៉ាដ និងសម្ព័ន្ធមិត្តទាំងពីរ ហាក់ពុំទាន់ត្រៀមលក្ខណៈបន្ធូរបន្ថយទណ្ឌកម្មពីកាតាឡើយ មកទល់ថ្ងៃនេះ។
សហភាពអឺរ៉ុប តាមរយៈសំឡេងរបស់ប្រធានាធិបតីរ៉ូម៉ានី ប្រធានផ្លាស់វេនសហភាព បានស្នើសុំធ្វើជាអន្តរការីដោះស្រាយវិបត្តិកាតា-អារ៉ាប៊ីសាអូឌីត តែប្រមុខការទូតកាតាចង់ឱ្យកូវ៉ែតបន្តតួនាទីជាអ្នកសម្របសម្រួលច្រើនជាង។ កាតាចង់បានការបញ្ចប់វិបត្តិដោយគ្រប់ប្រទេសក្នុងតំបន់ឈូងសមុទ្ទគោរពឯករាជភាពគ្នាទៅវិញទៅមក ហើយបញ្ចប់ការបិទខ្ទប់ដោយឈរលើគោលការណ៍ទទួលស្គាល់គ្នាទៅវិញទៅមក និងដោយមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នា។ នេះជាការបញ្ជាក់របស់ព្រះចៅកាតា Sheikh Tamim bin Hamad Al-Thani នៅកាន់អង្គវេទិកាដូហា៕(អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)