អាមេរិក៖ បន្ទាប់ពីបានពន្យារពេលជាងមួយថ្ងៃបន្ថែមទៀត សន្និសីទអង្គការសហប្រជាជាតិស្តីអំពីអាកាសធាតុCOP24 បានបិទបញ្ចប់ នៅថ្ងៃសៅរ៍ ដោយបានសម្រេចអនុម័តអំពីវិធីអនុវត្តកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស។ ប៉ុន្តែគ្មានទេសន្ទុះកិច្ចសន្យាអ្វីថ្មីសម្រាប់ទប់ទល់ការឡើងកម្តៅនៃភពផែនដី បើទោះបីភាពបន្ទាន់មានកាន់តែខ្លាំង គ្រោះមហន្តរាយមានកាន់តែញាប់និងធ្ងន់ធ្ងរខ្លាំងយ៉ាងណាក៏ដោយ។
ដំបូងឡើងគេទំនងជាគិតថា អាមេរិក និងអារ៉ាប៊ីសាអូឌីត នឹងខ្ទប់ដំណើរការសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលត្រូវការឱ្យមានយល់ព្រមគ្នាទាំងស្រុង ទើបអនុម័តចេញជាកិច្ចជាព្រមព្រៀងបាន មិនឱ្យចេញអ្វីបាន។ ប៉ុន្តែវាមិនដូច្នោះទេ !
បន្ទាប់ពីបានរៀបចំអស់រយៈពេលបីឆ្នាំ និងប្រើពេលសំរិតសំរាំងបង្ហើយអស់១៤ថ្ងៃ និងជាច្រើនយប់ យ៉ាងតឹងសរសៃកមក នៅយប់មិញ “មគ្គុទេសក៍” អនុវត្តកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីស សម្រាប់ប្រទេសនីមួយៗ ត្រូវបានអនុម័ត ក្រោមស្នូរទះដៃយ៉ាងរំពង។
ទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុសម្រាប់អាកាសធាតុ ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ ទទួលបាននូវអ្វីពួកគេចង់ ៖ ពោលគឺលទ្ធភាពវាយតម្លៃសេចក្តីត្រូវការរបស់ពួកគេ និងលក្ខខណ្ឌច្បាស់លាស់សម្រាប់វិភាគកិច្ចសន្យាហិរញ្ញវត្ថុនិងការប្រើប្រាស់ថវិកានោះ។ ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ក៏ទទួលបាននូវពាក្យសន្យាពីសំណាក់ក្រុមប្រទេសអ្នកមាន-ឧស្សាហកម្ម ក្នុងការបំពេញហិបមូលនិធិអាកាសធាតុ ក្នុងទំហំ១០ពាន់លានដុល្លារ នៅឆ្នាំ២០១៩។ ប្រទេសអ្នកមានក៏ព្រមឱ្យក្រុមប្រទេសកំពុងអភិវឌ្ឍន៍មានលទ្ធភាពបន់បែន ទៅតាមសភាពការណ៍ ក្នុងការគោរពកិច្ចព្រមព្រៀងទៀត។
ប៉ុន្តែជោគជ័យនេះ ជាថ្នូរនឹងការធ្វើសម្បទានតបវិញខ្លះ ! នៅក្នុងរបាយការណ៍ អ្នកជំនាញអាកាសធាតុ Giec បានទាញសញ្ញាអាសន្ន ណែនាំឱ្យពិភពលោកប្រឹងកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ឱ្យបាន៥០% បើប្រៀបនឹងឆ្នាំ២០១០ ប្រសិនបើចង់កំរិតកម្តៅភពផែនឱ្យឡើងត្រឹមក្រោម២ ឬត្រឹម១,៥អង្សា ដូចមានចែងក្នុងកិច្ចព្រមព្រៀងក្រុងប៉ារីស។ ហើយថ្វីបើចំណុចទាក់ទងនឹងសំណងនៃការបាត់បង់ ឬខូចខាតបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ត្រូវបានរក្សាទុកមែន តែក្រុមប្រទេសអ្នកមាន គ្មានជាប់ពាក្យសន្យាទេ។ ក្រុមប្រទេសមហាឧស្សាហកម្ម ក៏មិនបានសន្យាប្រឹងធ្វើបន្ថែម និងឱ្យបានលឿន ក្នុងការទប់ស្កាត់ការឡើងកម្តៅនៃភាពផែនដីឡើយ។
ប្រតិភូដែលបានមកចូលរួមសន្និសីទនេះ យល់ថាមគ្គុទេសក៍នៃការអនុវត្តកិច្ចព្រមព្រៀងក្រុងប៉ារីសនេះ ជាសៀវភៅណែនាំសម្រាប់ប្រទេសនីមួយៗយកទៅប្រតិបត្តិក្នុងប្រទេសរៀងៗខ្លួន៕(អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)