សហរដ្ឋអាមេរិ៖ នៅថ្ងៃអង្គារទី ១១ធ្នូ ២០១៨នេះ សហរដ្ឋអាមេរិកបាននាំជួងទៅប្រគល់ឱ្យហ្វីលីពីនដែលជាម្ចាស់ដើមវិញ ដោយសង្ឃឹមថានឹងអាចបិទបញ្ចប់ប្រវត្តិសាស្ត្រដ៏សែនចុកចាប់រវាងប្រទេសទាំងពីរ។ កាលពីជិត១២០ឆ្នាំមុន អាមេរិកបានរឹបអូសយក ជួងជ័យនេះទៅ តាមរយៈការធ្វើសង្គ្រាមសងសឹក និងបង្ហូរឈាម យ៉ាងខ្លាំង។ ហេតុអ្វីអាមេរិករឹបអូសយកជួងនេះ ? តើជួងនេះមានប្រវត្តិនិងនិម្មិត្តរូបយ៉ាងណាសម្រាប់ហ្វីលីពីន និងអាមេរិក ?
ហ្វីលីពីនបានទាមទារសុំយកជួង Balangiga ពីអាមេរិកមកវិញ តាំងពីជាច្រើនទសវត្សរ៍មកហើយ! តែទើបនៅថ្ងៃនេះទេ ដែលជួងទាំងបី (ពីរទម្ងន់២៧២គីឡូក្រាម និងមួយទម្ងន់១៣៦គីឡូក្រាម) បានមកត្រលប់មកដីកំណើត តាមជើងយន្តហោះយោធាអាមេរិក និងក្រោមសម្រែកអបអររបស់ប្រជាពលរដ្ឋហ្វីលីពីន។ ការប្រគល់ជួង ឱ្យម្ចាស់ដើមវិញរិតតែមានអត្ថន័យជាពិសេសទៅទៀត ដ្បិតខណៈនេះ ទំនាក់ទំនងរវាងហ្វីលីពីន ក្រោមការដឹកនាំរបស់លោក ឌុយទែរតេ និងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងស្ថានភាពផុយស្រួយបំផុត ព្រោះប្រធានាធិបតីហ្វីលីពីន មិនដែលលាក់បាំងសោះចេតនាចង់ផ្តាច់ចំណងពីអាមេរិកទៅកៀកកិតជាមួយមហាអំណាចចិន។
បើដូច្នេះ តើការប្រគល់ជួងនឹងអាចស្តារទំនាក់ទំនងហ្វីលីពីន-អាមេរិកឱ្យប្រសើរឡើងបានឬ យ៉ាងណា ? មិនប្រាកដទេ ចំពោះទំនាក់ទំនងបច្ចុប្បន្ន តែជាការព្យាបាលដំបៅប្រវត្តិសាស្ត្រច្រើនជាង។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងម៉ានីល បានប្រកាសក្នុងពិធីប្រគល់ជួង ទាំងបី ឱ្យហ្វីលីពីនវិញ ថាលោកមានកិត្តិយសដ៏ធំធេងណាស់ដែលបានមកបិទបញ្ចប់ទំព័រប្រវត្តិសាស្ត្រដ៏ចុកចាប់នឹងគ្នា នៅថ្ងៃនេះ នៅទីក្រុងម៉ានីល។
ប្រវត្តិសាស្ត្រដ៏ឈឺចាប់ បានកើតឡើងកាលពីដើមសតវត្សរ៍មុន ! ស្ថិតក្រោមអាណានិគមអេស្ប៉ាញ តាំងពីសតវត្សរ៍ទី ១៦ ប្រទេសហ្វីលីពីន ត្រូវបានលក់ទៅឱ្យអាមេរិកនៅឆ្នាំ១៨៩៨ ក្រោយសង្គ្រាមរវាងអេស្ប៉ាញនិងអាមេរិក។ សង្គ្រាមប្រឆាំងនឹងអាណានិគមថ្មីអាមេរិក ក៏បានចាប់ផ្ទុះឡើងដែរ នៅឆ្នាំ១៨៩៩។ គេត្រូវរង់ចាំដល់ឆ្នាំ១៩៤៦ ទើបហ្វីលីពីនបានទទួលឯករាជ្យ។
នៅចន្លោះនោះ និងជាក់ស្តែងថ្ងៃទី ២៨កញ្ញា ឆ្នាំ១៩០១ ពួកឧទ្ទាម ទាមទារឯករាជ្យ នៅក្រុងBalangiga ក្រុងសំខាន់ទីបីរបស់ហ្វីលីពីននាសម័យនោះ បាននាំគ្នាបើកយុទ្ធនាការវាយឆ្មក់ ដោយប្រើកាំបិត ពូថៅ ផ្គាក់ ប្រឆាំងនឹងកងទាហានអាមេរិកដែលមកត្រួតត្រាក្រុង សម្លាប់ទាហានអស់៤៨នាក់ (៣៦នាក់ស្លាប់ភ្លាម ២២នាក់រងរបួស ក្នុងនោះ៨នាក់ស្លាប់ដោយរបួសធ្ងន់ពេក និងបាត់ខ្លួនបួននាក់)។ និយាយជារួម ក្នុងមួយកងពលមានគ្នា៧៤នាក់ មានតែបួននាក់គត់បានរួចខ្លួន គ្មានរងគ្រោះ។
ក្រោយហេតុការណ៍នេះ និង ដើម្បីជាការសងសឹក ឧត្តមសេនីយ៍Jacob Smith ដែលបានទទួលបញ្ជាពីប្រធានាធិបតីអាមេរិកឱ្យស្វែងរកសន្តិភាពឱ្យកោះសាម៉ារ Samar បែរជាបញ្ជាទ័ព ឱ្យប្រែក្លាយ កោះសាម៉ារ ទៅវាលរហោស្ថាន និងសម្លាប់គ្រប់ជនហ្វីលីពីន ភេទប្រុស អាយុចាប់ពី១០ឆ្នាំឡើងទៅវិញ។ ពលរដ្ឋហ្វីលីពីនរាប់សិបពាន់នាក់ ត្រូវបានស្លាប់នៅក្នុងសង្គ្រាមសងសឹកនោះ។ ជាកិច្ចបិទបញ្ចប់ និងប្រកាសជោគជ័យ កងទ័ពអាមេរិកក៏បានរឹបអូសយក ជួងសំរិទ្ធទាំងបី របស់វិហារកាតូលិក ក្រុងBalangiga។ ហេតុអ្វីជួងនេះ ? ព្រោះជួងទាំងបី ត្រូវបានគេប្រើជាសញ្ញាដាក់ហ្វីលីពីនឱ្យចូលប្រយុទ្ធ ! ព្រោះស្នូរជួងទាំងបី បានធ្វើឱ្យទាហានអាមេរិកហឹងត្រចៀក ចាញ់ប្រយុទ្ធ ! ហេតុដូច្នេះហើយបានជា ជួងនេះ បានក្លាយជានិម្មិត្តរូបដ៏ចម្រូងចម្រាស ៖ ខាងអាមេរិក និងសម្រាប់ទាហានចាស់ៗ ព្រមទាំងសភាអ្នកតំណាង ជួងថាតំណាងជ័យភណ្ឌសង្គ្រាម និងពានសម្រាប់ជាឧទ្ទិសដល់ទាហានពលីជីវិត តែជានិម្មិត្តរូបនៃការតស៊ូដើម្បីឯករាជ្យ សម្រាប់ហ្វីលីពីន ។
ធ្វើពីសំរិទ្ធ ជួងធំជាងគេផលិតនៅឆ្នាំ១៨៦៨ កម្ពស់៧៦ស.ម. រង្វង់អង្កត់ផ្ចិត៨១ស.ម.។ ជួងទីពីរវាយត្រាឆ្នាំ១៨៨៩ (តូចជាងជួងទីមួយបន្តិច) និងជួងទីបីតូចជាងគេខ្លាំង ត្រឹមតែ៦១ស.ម. ត្រូវបានទាហានអាមេរិកនាំយកសហរដ្ឋ ដើម្បីជាតំណាងជ័យជនះ និងដាក់តាំង ស្តូបរំលឹកវិញ្ញាណក្ខន្ធទាហានអាមេរិកពលីជីវិតក្នុងសង្គ្រាម Wyoming និងជួយមួយទៀត តាំងនៅមូលដ្ឋានយោធាអាមេរិកនៅកូរ៉េខាងត្បូង។
តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០មក ហ្វីលីពីនតែងទទូចទាមទារយកជួងទាំងបីមកវិញ។ ប្រធានាធិបតីហ្វីលីពីន បានផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់វិហារកាតូលិកក្នុងការទាមទារនេះ ប៉ុន្តែមិនដែលបានសម្រេចម្តងណាឡើយ។ នៅឆ្នាំ២០១៧ លោក ឌុយទែរតេ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតី និងដែលបានប្រកាន់យកនយោបាយដកខ្លួនចេញពីអាមេរិកទៅស្រវាចិន បានស្រែកទារយកជួងទាំងបីមកដោយចំៗ។ ប៉ុន្តែបើតាមអ្នកវិភាគ នេះមិនមែនដោយសារស្នាដៃលោកប្រធានាធិបតីឌុយទែរតេម្នាក់ឯងឡើយ តែគឺជាការតស៊ូយ៉ាងស្វិតស្វាញរបស់ពលរដ្ឋហ្វីលីពីន និងដោយសារតែសមាគមអតីតយុទ្ធជនអាមេរិក ក៏ឈប់ប្រឆាំងនឹងការប្រគល់ជួងទៅឱ្យម្ចាស់ដើមវិញ។
“ដំបៅប្រវត្តិសាស្ត្របានជាសះ ! ដល់វេលាដែលសម្ព័ន្ធមិត្តហ្វីលីពីន-អាមេរិក ត្រូវបើកទំព័រថ្មី និងដើរទៅមុខ។ ១១៧ឆ្នាំក្រោយ ស្នូរជួងរបស់ក្រុងBalangiga នៃកោះសាម៉ារ អាចលាន់ឮជាថ្មី!” នេះជាប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន ក្នុងពិធីទទួលជួង៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)