ទីក្រុងហូជីមិញ៖ អនុប្រធានភ្នាក់ងារគ្រប់គ្រងទីផ្សារផ្ទះនិងអចលនទ្រព្យ ក្រោមក្រសួងសំណង់វៀតណាម បានឲ្យដឹងថា ទីផ្សារអចលនទ្រព្យក្នុងប្រទេសនេះលូតលាស់ដោយមានលំនឹងនៅឆ្នាំនេះ ប៉ុន្តែបន្តខ្វះខាតផ្ទះរដ្ឋ លោក Vu Van Phan អនុប្រធានរូបនេះបាននិយាយកាលពីថ្ងៃអង្គារថាទីផ្សារអចលនទ្រព្យនៅឆ្នាំនេះមានការទិញលក់ល្អ តម្លៃនឹងន និងកំណើនការផ្គត់ផ្គង់ច្រើនជាងតម្រូវការ។
សាស្ត្រាចារ្យ Tran Dinh Thien សមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ចសម្រាប់នាយករដ្ឋមន្ត្រីបាននិយាយថា សេដ្ឋកិច្ចវៀតណាមបានលូតលាស់ដោយមានបរិស្ថានអាជីវកម្មកាន់តែល្អប្រសើរឡើង និងមានគ្រោងកាត់បន្ថយដំណើរការរដ្ឋបាលថែមទៀតផង លោក Stephen Wyatt ប្រធានទូទៅនៅក្រុមហ៊ុន Jones Lang Laselle Viet Nam បាននិយាយថា ចំនួនអាផាតម៉ិនដែលបានលក់ចេញក្នុងអំឡុងពេល៩ខែដំបូងនាឆ្នាំនេះ ស្មើច្រើនជាង៣,១ម៉ឺនយូនីត ឬច្រើនជាងឆ្នាំមុន២,៩%។
ការផ្គត់ផ្គង់អាផាតម៉ិនថ្មីៗសម្រាប់ឆ្នាំ ២០១៨ នឹងស្មើពី៤,៣ម៉ឺនទៅ៤,៤ម៉ឺនយូនីត ខណៈដែលអត្រាលក់ត្រូវបានគិតថា នឹងស្មើប្រមាណ៧០%សម្រាប់អាផាតម៉ិន និង៩០%សម្រាប់វីឡា ។ ប៉ុន្តែចំនួនអចលនទ្រព្យដែលនៅមានក្នុងទីផ្សារស្មើប្រមាណ៩៨០លានដុល្លារ ដែលរួមមានគម្រោងអចលនទ្រព្យដែលនៅឆ្ងាយពីកណ្តាលក្រុង និងកន្លែងដែលមានហេដ្ឋារចនាសម្ព័ន្ធចាស់ៗ ។
លោក Phan បានបន្ថែមទៀតថា ខណៈដែលផ្ទះកម្រិតខ្ពស់ និងមធ្យមមានច្រើនទៅផ្សារនៅតែខ្វះផ្ទះរដ្ឋ និងផ្ទះថ្នាក់ទាបដដែលដែលមានតម្រូវការដ៏ខ្ពស់ ។ទីផ្សារនៅឆ្នាំក្រោយត្រូវបានគិតថា នឹងបន្តលូតលាស់បន្តបន្ទាប់ ប៉ុន្តែតម្លៃដីក្នុងតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នឹងកើនឡើងយ៉ាងខ្លាំង ៕ (ដកស្រងអត្ថបទដោយ៖ ទេព វណ្ណះ)