Brexit៖ លោកស្រី​​តេរ៉េហ្សា ម៉េ ប្រឈម​នឹង​ការ​ដក​សេចក្តី​ទុក​ចិត្ត​របស់​សមាជិក​សភា​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Brexit៖ លោកស្រី​​តេរ៉េហ្សា ម៉េ ប្រឈម​នឹង​ការ​ដក​សេចក្តី​ទុក​ចិត្ត​របស់​សមាជិក​សភា​

14/12/2018
អង់គ្លេស៖ លោកស្រីតេរ៉េហ្សា ម៉េ នាយករដ្ឋមន្ត្រីអង់គ្លេស កំពុងស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់​បំផុត ដោយសារតែលោកស្រីត្រូវប្រឈមនឹងការបោះឆ្នោត ដកសេចក្តីទុកចិត្ត របស់សមាជិកសភា មកពីគណបក្សអភិរក្សនិយម។ ការបោះឆ្នោតដកសេចក្តីទុកចិត្ត និងត្រូវធ្វើនៅល្ងាចថ្ងៃពុធ ទី១២ធ្នូ ហើយដែលវាអាចធ្វើឲ្យ​លោកស្រី​ បាត់បង់តំណែងជានាយករដ្ឋមន្ត្រី។ ចំណែកនៅរសៀលថ្ងៃទី១២ធ្នូ​នេះ លោកស្រី តេរ៉េហ្សា ម៉េ ត្រូវចូលទៅក្នុងសភា ដើម្បីឆ្លើយនឹងសំណួរបស់សមាជិកសភា ទាក់ទិននឹងការពន្យាពេល មិនព្រមយកកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប មកឲ្យសភាត្រួតពិនិត្យ។

លោក Graham Brady ប្រធានគណកម្មាធិការ១៩២២ ដែលមានតួនាទីរៀបចំការបោះឆ្នោតផ្ទៃក្នុង របស់សមាជិកសភាបក្សអភិរក្សនិយម (Tories) អង់គ្លេស បានអះអាងថា ចំនួនសមាជិកសភា ៤៨នាក់ ដែលស្នើសុំឲ្យមានការបោះឆ្នោតដកសេចក្តីទុកចិត្ត ពីលោកស្រី តេរ៉េហ្សា ម៉េ គឺមានគ្រប់គ្រាន់ហើយ។ ដូចច្នេះ ការបោះឆ្នោតនឹងត្រូវប្រព្រឹត្តិ​ធ្វើទៅនៅ រវាងពីម៉ោង ៦ ដល់ម៉ោង៨ល្ងាច ហើយ​លទ្ធផលនឹងប្រកាស ឲ្យដឹងភ្លាមៗ។

សូមបញ្ជាក់ថា ក្នុងចំណោមសមាជិកសភា មកពីគណបក្សអភិរក្សនិយមចំនួន ៣១៦នាក់ បើសិនជាមាន១៥៩នាក់ បោះឆ្នោតដកសេចក្តីទុកចិត្តពីលោកស្រី តេរ៉េហ្សា ម៉េ នោះមានន័យថា លោកស្រីត្រូវតែចុះចេះពីតំណែងនាយករដ្ឋមន្ត្រី។

គួរកត់សំគាល់ថា ប៉ុន្មាន​ខែចុងក្រោយនេះ សម្លេងតវ៉ប្រឆាំងរិះគន់លោកស្រីតេរ៉េហ្សា ម៉េ មានកាន់តែច្រើន នៅក្នុងរង្វង់គណបក្សអភិរក្សនិយមរបស់លោកស្រី។ ការរិះគន់នេះ គឺផ្តោតសំខាន់ ទៅនឹងកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ស្តីពីការផ្តាច់ខ្លួនរបស់អង់គ្លេស។ កិច្ចព្រមព្រៀង ដែលលោកស្រីសម្រេចបាន ជាមួយសហភាពអឺរ៉ុប ត្រូវបានអ្នកនយោបាយអង់គ្លេសខ្លះ ចាត់ទុកថា ជាការខាតបង់ធ្ងន់ធ្ងរ​របស់អង់គ្លេស ហើយវាអាចនឹង ពុះចែកអធិបតេយ្យភាព របស់អង់គ្លេសទៀតផង។

យ៉ាងណាមិញ ដោយភ័យខ្លាចសភាមិនបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងនេះ លោកស្រីតេរ៉េហ្សា ម៉ា បានលើកថ្ងៃយកកិច្ចព្រមព្រៀងនេះ ចូលសភា។ កាលពីថ្ងៃអង្គារ លោក Jeremy Corbyn មេបក្សពលករ ដែលជាបក្សប្រឆាំង បានរន្ធាន់ឲ្យលោកស្រីតេរ៉េហ្សា ត្រូវយកកិច្ចព្រមព្រៀងនេះ មកបង្ហាញសភាជាបន្ទាន់ មិនអាចពន្យាទៀតបានទេ។

សូមបញ្ជាក់ថា ប្រឈមមុខនឹងការបោះឆ្នោត ដកសេចក្តីទុកចិត្ត ពីសំណាក់សមាជិកសភារបស់គណបក្សខ្លួន លោកស្រី តេរ៉េហ្សា ម៉េ បានថ្លែងនៅព្រឹកថ្ងៃពុធនេះថា លោកស្រីនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបញ្ចប់បេសកកម្មលោកស្រី ក្នុងការផ្តាច់ខ្លួនអង់គ្លេស ចេញពីសហភាពអឺរ៉ុប។ លោកស្រីលើកឡើងថា បើលោកស្រីត្រូវគេដកចេញ អ្នកថ្មីដែលឡើងមកក្រោយ ប្រាដកជាគ្មានពេលគ្រប់គ្រាន់ នឹងចរចាជាមួយអឺរ៉ុប ឲ្យបានស្រេចបាច់មុនខែមីនា ឆ្នាំ២០១៩ទេ។ ដូច្នេះនីតិវិធីផ្តាច់ខ្លួន អាចនឹងពន្យាពេល ឬក៏អាចលប់ចោលជាស្ថាពរផងក៏ថាបាន។

ដោយឡែក សមាជិករដ្ឋាភិបាលអង់គ្លេស ជាច្រើននាក់ បាននាំគ្នាសរសេរសារ លើកទឹកចិត្ត នឹងគាំទ្រលោកស្រីតេរ៉េហ្សា​ ម៉េ។ លោករដ្ឋមន្ត្រីការបរទេស លើកឡើងថា កាលៈទេសៈបច្ចុប្បន្ននេះ មុខតំណែងដ៏លំបាកលំបិនបំផុត គឺតំណែងនាយករដ្ឋមន្ត្រី ដូច្នេះមិនគួរមកឆក់ឱកាសដណ្តើមគ្នាដឹកនាំបែបនេះទេ។ ចំណែករដ្ឋមន្ត្រីក្រសួងមហាផ្ទៃវិញ អះអាងថា លោកស្រី តេរ៉ាហ្សា ម៉េ ជាមនុស្សដែលសក្តិសមជាងនរណាទាំងអស់ ក្នុងការចរចាផ្តាច់ខ្លួនអង់គ្លេស​ ចេញពីសហភាពអឺរ៉ុប ឲ្យបានមុនថ្ងៃទី២៩មីនា៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)