ប្រទេសចិន៖ ចិនកំពុងបោះជំហានទៅមុន នៅលើវិស័យសា្រវជ្រាវអវកាសកាលពីថ្ងៃទី៩ ធ្នូ ក្រុមស្រាវជ្រាវអវកាសចិន បានបង្អោះយានអវកាស ឆាងអ៊ឺ ទី៤ (Chang’e 4) ទៅកាន់ព្រះចន្ទ ដើម្បីស្រាវជ្រាវនៅផ្នៃកលើផ្ទៃចំហៀងម្ខាងទៀតនៃព្រះចន្ទ ដែលបាំងជាប់ជានិច្ច។ នេះគឺជាលើកទៅមួយហើយ ដែលមានបេសកកម្មទៅស្រាវជ្រាវដល់ ចំហៀងម្ខាងទៀតរបស់ព្រះចន្ទ ព្រោះជាបេសកកម្មដ៏លំបាក។ តាមរយៈបេសកកម្មនេះ ចិន កំពុងតែបង្ហាញឲ្យឃើញអំពីមហិច្ឆិតា ដើរឲ្យទាន់ ឬក៏អាចលឿន ជាងមហាអំណាចអវកាសដ៏ទៃ ដែលមាន អាមេរិក រុស្ស៊ី ឬអឺរ៉ុបជាដើម។
ការស្រាវជ្រាវអវកាសរបស់ចិន កំពុងតែបោះជំហានទៅមុខដោយស្ងាត់ៗ ក៏ប៉ុន្តែប្រកបដោយភាពច្បាស់លាស់។ ថ្វីបើមកក្រោយគេ ក្នុងវិស័យនេះ តែចិនគឺជាប្រទេស ដែលត្រូវគេមើលឃើញថា មានការប្រឹងប្រែងខ្លាំងបំផុត ទោះបីជានៅមានបទពិសោធន៍ក្មេងខ្ចីជាងគេក៏ដោយ។
ចុះចតលើកទីមួយ នៅម្ខាងទៀតនៃព្រះចន្ទកាលពីថ្ងៃទី៩ធ្នូ ក្រុមអ្នកស្រាវជ្រាវអវកាសចិន បានបាញ់បង្ហោះ ចេញពីស្ថានីយអវកាសXichang នូវយានចុះចតមួយឈ្មោះ Chang’e 4។ យាននេះ ដែលមានទំងន់ជិត៤តោននេះ នឹងមានបេសកកម្ម ទៅស្រាវជ្រាវ នៅលើផ្ទៃម្ខាងទៀតនៃព្រះចន្ទ ដើលមិនបែរមុខមកចំផែនដីយើង។ មិនត្រឹមតែកាសែតក្នុងស្រុករបស់ចិនទេ ដែលអួតសរសើរ តែសូម្បីតែអ្នកជំនាញអន្តរជាតិ ក៏បានសរសើរដែរ ថានេះគឺជាលើកទីមួយហើយ ដែលមានយានទៅចុះចត ដើម្បីស្រាវជ្រាវនៅមួយចំហៀងទៀតនៃព្រះចន្ទ។ រហូតមកដល់ពេលនេះ ទាំងរុស្ស៊ី ទាំងអាមេរិក គឺបានត្រឹមតែធ្វើបេសកកម្ម ទៅចុះចត នៅលើផ្ទៃព្រះចន្ទ ដែលបែរមុខមកខាងផែនដី។
វាគឺជាបេសកកម្មដែលមានការលំបាក។ ទីមួយដោយសារតែមួយចំហៀងម្ខាងទៀតនៃព្រះចន្ទនោះ មិនមែនជាមានផ្ទៃរាបស្មើល្អ ដូចនៅមួយចំហៀង ដែលបែរមុខមកខាងផែនដីទេ។ ផ្ទៃព្រះចន្ទ នៅចំហៀងដែលបែរមុខមកខាងផែនដី ភាគច្រើន គ្រប់ដណ្តប់ដោយស្រទាប់កំអែលភ្នំភ្លើង។ ផ្ទុយទៅវិញ បើយោងតាមរូបភាព ដែលថតបានដោយយានអវកាសសូវៀត នៅឆ្នាំ១៩៥៩ បានបង្ហាញថា មួយផ្ទៃចំហៀងទៀតនៃព្រះចន្ទ គឺសំបូរទៅដោយរណ្តៅ ក្រហូងធំៗ ព្រមជាមួយនឹងទីទួល និងជ្រលងយ៉ាងជ្រៅទៀតផង។ ប្រការនេះ បោនចោទជាការលំបាក ដល់ការចុះចតរបស់យានChang’e 4។
ជាងនេះទៅទៀត នៅលើព្រះចន្ទ ក្នុងមួយថ្ងៃ ដែលមានរយៈពេលស្មើនឹង២៨ថ្ងៃនៅលើផែនដីនោះ គឺសីតុណ្ហភាព ប្រែប្រួលខុសគ្នាយ៉ាងខ្លាំង រវាងពេលថ្ងៃនឹងពេលយប់។ ពេលថ្ងៃមានសីតុណ្ហភាព ១២៧°c ចំណែកពេលយប់វិញ សីតុណ្ហភាពអាចុះដល់ -១៧៣°c។ ការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំងបែបនេះ អាចធ្វើឲ្យខូចប្រព័ន្ធអេឡិចត្រូនិករបស់យានចុះចតស្រាវជ្រាវ។ ដោយហេតុនេះហើយ បានជាក្រុមអ្នកអវកាសចិន បានជ្រើសរើសទីតាំងនៅប៉ូលខាងត្បូងនៃព្រះចន្ទ ជាទីចុះចត ដើម្បីកាត់បន្ថយការប្រែប្រួលនៃសីតុណ្ហភាព។
មិនអាចតភ្ជាប់រលកសញ្ញាវិទ្យុការលំបាកមួយទៀត និងដ៏ធំបំផុតនោះ គឺប្រព័ន្ធទំនាក់ទំនង រលកសញ្ញាវិទ្យុ រវាងផែនដី និង ទីតាំងចតនៅលើព្រះចន្ទ។ ដោយសារតែទីតាំងនៅ ស្ថិតនៅមួយចំហៀងទៀត នៃព្រះចន្ទ ហើយមិនបែរមុខមករកផែនដី គឺគេពុំអាចតភ្ជាប់រលកវិទ្យុ ដោយផ្ទាល់បានទេ។ រលកសញ្ញាវិទ្យា ផ្ញើចេញ ឬក៏ចាប់បាន តាមរយៈខ្សែត្រង់ ក៏ប៉ុន្តែក្នុងករណីនេះ គឺវាត្រូវបាំងដោយព្រះចន្ទខ្លួនឯង។
ដើម្បីអាចបញ្ជា និងទទួលទិន្នន័យពីយាន Chang’e 4 បាន អ្នកអវកាសចិន បានបង្ហោះផ្កាយរណបមួយជាពិសេស ដើម្បីធ្វើជាស្ពានបញ្ជូនបន្តនូវរលកសញ្ញាវិទ្យុ រវាងផែនដីស្ថានីយ៍យានអវកាសចិន និង យានChang’e 4។ ផ្កាយរណប ដែលមានឈ្មោះថា Quequiao ត្រូវបានបង្ហោះទៅកាលពីចុងខែឧសភា ឆ្នាំនេះ ឲ្យស្ថិតនៅចំងាយ ផុតពីព្រះចន្ទទៅ ប្រមាណជា៦ម៉ឺន៥ពាន់គីឡូម៉ែត្រ។
សិក្សាពីស្រទាប់របស់ព្រះចន្ទ និងដែនរលកសញ្ញាវិទ្យុនៃចក្រវាឡបើតាមការលើកឡើង របស់លោក Bernard Foing អ្នកជំនាញស្រាវជ្រាវលើព្រះចន្ទ ប្រចាំនៅទីភ្នាក់ងារអវកាសអឺរ៉ុប បានឲ្យដឹងថា បេសកកម្មរបស់ចិននេះ មានលក្ខណៈគួរឲ្យចាប់អារម្មណ៍ណាស់ ព្រោះទីតាំងស្រាវជ្រាវរបស់ យានChang’e 4 គឺតំបន់ដែលមានរណ្តៅជ្រៅ និងមានអង្កត់ផ្ចិតប្រមាណ២៥០០គីឡូម៉ែត្រ។ យាននេះ អាចផ្តល់នូវទិន្នន័យស្តីពីធាតុផ្សំ នៃស្រទាប់របស់ព្រះចន្ទ។ បេសកកម្មរបស់ចិននេះ គឺដើម្បីស្រាវជ្រាវពីធាតុផ្សំ នៃស្រទាបដី និងថ្មរបស់ព្រះចន្ទ តាមរយៈការទៅដល់ទីតាំង ដែលមានរណ្តៅនឹងក្រហែងជ្រៅៗ។
ក្រៅពីនេះ យានChang’e 4 បាននាំយកទៅជាមួយ នូវកញ្ចប់ទំងន់៣គីឡូក្រាម ដែលក្នុងនោះ មានដូចជាគ្រាប់ដំឡូង គ្រាប់ផ្កាArabidopsis ព្រមទាំងសំបកស្នូកដង្កូវនាង ដើម្បីសិក្សាពីទំនាញ របស់ព្រះចន្ទ ដែលនៅតំបន់នោះ។
កម្មវត្ថុមួយទៀត នៃបេសកកម្ម Chang’e 4 គឺធ្វើការសិក្សាអំពីដែននៃរលកសញ្ញាវិទ្យុ នៃលំហអវកាសទាំងមូល។ ដោយហេតុថា មួយចំហៀងដែលមិនបែរមុខមកចំផែនដីនោះ គឺវាបែរមុខទៅរកលំហចក្រវាឡទាំងមូល ដូច្នេះនៅទីនោះ អាចចាប់បានរលកសញ្ញាវុទ្យុ ក្នុងកំរិតហ្វ្រេកង់ស៍បានខ្ពស់។ ចំណែកការចាប់កម្រិតរលកសញ្ញារបៀបនេះ ពីផែនដី គឺមិនអាចធ្វើទៅបានល្អទេ ដោយសារនៅជុំវិញផែនដី មានពោរពេញទៅដោយរលកសញ្ញាផ្សេងៗ ដែលមករំខាន។ ក្នុងន័យនេះដែរ ផ្កាយរណប Quequiao ក៏មានបំពាក់ដោយ Radiotéléscope ដើម្បីធ្វើការស្រង់ទិន្ន័យរកសញ្ញាវិទ្យុ នៃលំហអាកាសដែរ។
ព្រះចន្ទ ជាទីតាំងហាត់សម យកបទពិសោធន៍បច្ចេកទេសគួរកត់សំគាល់ថា នេះមិនមែនជាលើកទីមួយទេ ដែលចិនបានបញ្ជូនយានទៅសិក្សា នៅលើឋានព្រះចន្ទ។ កាលពីឆ្នាំ២០១៣ ចិនបានបញ្ជូនយានឈ្មោះ Yutu ម្តងរួចហើយ តែយាននោះ អាចដំណើរការបានតែប្រមាណតែ២ថ្ងៃ២យប់ នៅលើព្រះចន្ទប៉ុណ្ណោះ។ ទើបតែបង្ហោះយានChang’e 4 ចិនបានប្រកាសឲ្យដឹងអំពីផែនការ បង្ហោះយានChang’e 5 រួចទៅហើយ។
រដ្ឋាភិបាលចិន ចំណាយប្រាក់រាប់ពាន់លានដុល្លារក្នុងវិស័យនេះ ដោយមានកងទ័ព ជាអ្នកត្រួតពិនិត្យគ្រប់គ្រង។ វិស័យអាវកាសចិន បានរីកចំរើនយ៉ាងលឿន ដោយចិន បានបង្ហោះនូវ ផ្កាយរណបផ្ទាល់ខ្លួន ជាច្រើនគ្រឿង។ លោក Philippe Coué អ្នកសិក្សាស្តីពីកម្មវិធីអវកាសរបស់ចិន បានលើកឡើងថា តាមពិតទៅ ការសិក្សាស្រាវជ្រាវនៅលើឋានព្រះចន្ទ ពុំសូវមានអត្ថប្រយោជន៍វិទ្យាសាស្ត្រធំដុំប៉ុន្មានទេ។ ដូច្នេះហើយ បានជាមហាអំណាចផ្សេងៗទៀត មិនបន្តធ្វើ។ តែយ៉ាងណា ចិននៅតែប្រឹងធ្វើ ព្រោះវាបើកឱកាស ឲ្យចិនមានបទពិសោធន៍បច្ចេកទេស និងការស្រាវជ្រាវ។ អ្នកជំនាញម្នាក់នេះ លើកឡើងថា នៅរវាងឆ្នាំ២០៣០ ចិនមានគំរោងកសាងមូលដ្ឋានអវកាសនៅលើព្រះចន្ទ ដោយបញ្ជូនមនុស្ស ឲ្យទៅធ្វើការស្រាវជ្រាវនៅទីនោះដោយផ្ទាល់ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ កាលពីខែវិច្ឆិកាកន្លងទៅ ចិនបានបង្ហាញឲ្យដឹង នូវគំរោងមួយទៀត គឺគំរោងសាងសង់ ស្ថានីយ៍អវកាសអន្តរជាតិក្នុងលំហ ជាលើកទីមួយរបស់ខ្លួន សម្រាប់ឆ្នាំ២០២២។ តាមការគ្រោងទុក ស្ថាននីយ៍នេះ នឹងមកជំនួសស្ថានីយ៍អវកាសអន្តរជាតិ ISS ដែលជាការសហការរវាងអាមេរិក រុស្ស៊ី អឺរ៉ុប ជប៉ុន និងកាណាដា ហើយដែលស្ថាននីយ៍ និងត្រូវចប់បេសកកម្មនៅឆ្នាំ២០២៤។ លោក Philippe Coué លើកឡើងថា “មេដឹកនាំចិន គេជឿក្នុងចិត្តថា ប្រទេសមួយដែលខ្លាំង អាចគ្រប់គ្រងពិភពលោកបាន គឺប្រទេសនោះត្រូវចេះគ្រប់គ្រងស្ថានីយ៍អវកាសក្នុងលំហ និងនៅលើភពផ្សេង”៕ (អត្ថបទដកស្រង់ ទេព វណ្ណះ)