បា្រសាទបាគងមានភាពស្រស់ស្អាតមិនចាញ់បា្រសាទដ៏ទៃឡើយ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បា្រសាទបាគងមានភាពស្រស់ស្អាតមិនចាញ់បា្រសាទដ៏ទៃឡើយ

14/12/2018
ខេត្ត សៀមរាប៖ ប្រាសាទបាគង ត្រូវបានជ្រើសយកសម្រាប់ការរចនាជាវិមានឯករាជ្យនៅក្រុងភ្នំពេញ តែក៏មានភ្ញៀវ ទេសចរមួយចំនួនមិនសូវជាស្គាល់បានទៅហួសមកហួស មិនដែលបានទៅលេងព្រោះតែទីតាំងនៃ ប្រាសាទស្ថិតនៅឆ្ងាយពីប្រាសាទអង្គរវត្ត ពោលគឺនៅខាងកើតទីរួមខេត្តសៀមរាប ។បើភ្ញៀវទេសចរបានទៅទស្សនាពិតជាសរសើរថា ប្រាសាទនោះមានសោភ័ណភាពល្អស្អាត និង ទាក់ ទាញអារម្មណ៍ជាខ្លាំងពិសេសរចនាប័ទ្មរបស់ប្រាសាទ ។
ប្រាសាទ បាគង នៅខេត្ត សៀមរាប សាងសង់ឡើង ក្នុងរាជ្យព្រះបាទ ឥន្ទ្រវរ្ម័នទី១ ក្នុងឆ្នាំ ៨៨១ សម្រាប់ ឧទ្ទិសថ្វាយព្រះ ឥសូរ ក្នុងព្រហ្មមញ្ញសាសនា បើគិតមកទល់ពេលនេះមានអាយុកាលជាង មួយពាន់ មួយរយឆ្នាំមកហើយ ។ប្រាសាទនេះមានឈ្មោះដើមថា ឥន្រ្ទស្វារៈ ដែលស្ថិតនៅចំកណ្តាលនៃរាជធានីហរិហរាល័យ(រលួស ) គឺប្រាសាទនៃទីក្រុងរបស់ព្រះបាទឥន្ទ្រវរ្ម័នទី ១ ។ប្រាសាទនេះជានិម្មិតរូបនៃភ្នំ មេរុ ដែលស្រដៀងគ្នានឹងប្រាសាទ បួរួបូឌួ នៅប្រទេសឥណ្ឌូនេស៊ី ( ប្រទេសជ្វា អតីតកាល ) ។
ប្រាសាទ បាគង មានខឿន ៥ ជាន់ ដែលតំណាងឱ្យឋាន ៥ គឺឋាននាគ ឋានគ្រុឌ ឋានរក្សាសៈ ( ឋានមនុស្ស ) ឋានយក្ស និង ឋានមហារាជ ( ឋានអាទិទេព ) ។ប្រាសាទ មានតួប៉ម ១២ តំណាងឱ្យខែទាំង ១២ គឺតំណាងឱ្យ ព្រះកាល គឺ ពេលវេលា ។ តួប៉មកណ្តាលសង់ក្នុងរាជ្យព្រះបាទសូរ្យ វរ្ម័នទី ២ ស្ថិតក្នុងរចនាប័ទ្មអង្គរវត្ត ដោយប្រាង្គចាស់ក្នុងរាជ្យ ព្រះបាទឥន្ទ្រវរ្ម័នទី ១ នោះ សង់ពីឥដ្ឋសម្រាប់តម្កល់សិវៈលិង្គ ( កម្រតេងជគតរាជស្រីឥន្ទ្រស្វារៈ ) សម្រាប់ដំឡើង​​​​​​ឋានៈទ្រង់ជាស្តេចនៃចក្រវាឡ ដែលជាអំណាចអមតទាំង ៩ និង អាណាចក្រ ៣ ។ វាមានប្រាង្គសង់ពីឥដ្ឋ ៨ ទៀតតំណាងឱ្យទិសទាំង ៨ និង ជាទីគង់របស់លោកបាលទាំង ៨ និង ជាលោកធាតុទាំង ៨ គឺទឹក ដី ភ្លើង ខ្យល់ មេឃ ព្រះអាទិត្យ ព្រះច័ន្ទ និង អាត្ម័ន ។ ប្រាសាទនេះមានគូទឹកព័ទ្ធជុំវិញ ដែលតំណាងឱ្យមហាសមុទ្រធំៗទាំង ៧ ៕(អត្ថបទដោយ ទេព វណ្ណះ)