ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះបានចេញមុខធានាថា មេសហជីព៣រូបមិនជាប់ទាក់ទងនឹងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅផ្លូវវេងស្រេង កាលពីចុងឆ្នាំ២០១៣ឡើយ។ ស ម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់បែបនេះក្នុងនាមជាសាក្សី។ ការអះអាងរបស់ សម្តេច នាយករដ្ឋមន្ត្រីធ្វើឡើងមួយថ្ងៃ បន្ទាប់ពីតុលាការក្រុងភ្នំពេញ កាលថ្ងៃទី១១ខែធ្នូម្សិលមិញបានប្រកាសសាលក្រមឲ្យប្រធានសហជីពទាំង៦រូប ជាប់ពន្ធនាគារ២ឆ្នាំ៦ខែ តែត្រូវព្យួរទោស និងបង់ប្រាក់ជំងឺចិត្តទៅជនរងគ្រោះ២នាក់ចំនួន៣៥លានរៀល។
មនុស្ស៣នាក់រួមមាន៖ លោក អាត់ ធន លោក ប៉ាវ ស៊ីណា និងលោក ជា មុន្នី ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធានាជាសាធារណៈនៅថ្ងៃនេះថា មិនជាប់ទាក់ទងបាតុកម្មផ្លូវវេងស្រេងកាលពី៥ឆ្នាំមុនឡើយ ពោលគឺនៅចុងឆ្នាំ២០១៣។ មិនជាប់ទាក់ទងដោយសារនៅក្នុងកើតហេតុការណ៍បាតុកម្មឈានដល់ការដុតរថយន្តកងកម្លាំងប្រដាប់អាវុធនោះ លោកបានបញ្ជាឲ្យមេសហជីពទាំង៣ នៅស្ងៀមមួយកន្លែង។ ប៉ុន្តែយ៉ាងណាមិញ សម្តេចនាយករដ្ឋមន្ត្រីមិនបានធានាចំពោះមេដឹកនាំសហជីព៣រូបផ្សេងទៀតឡើយដោយរួមមាន៖ លោក រ៉ុង ឈុន អ្នកស្រី យ៉ាង សោភ័ណ្ឌ និង អ្នកស្រី ម៉ម ញឹម។
បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្លូវវេងស្រេងជាសំណុំរឿងមួយធ្ងន់ធ្ងរដែលអ្នកពាក់ព័ន្ធត្រូវមានទោស។ មានទោសព្រោះបាតុកម្មកាលណោះបណ្ដាលឲ្យស្លាប់មនុស្ស ខូចខាតទ្រព្យសម្បត្តរដ្ឋ និងឯកជន។ ហើយនេះជារូបភាពមួយផ្ដួលរលំរដ្ឋាភិបាល។ ប៉ុន្តែផ្ទុយទៅវិញរូបភាពនៃការផ្ដួលរលំនេះបរាជ័យ។ លោកនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា មួយផ្នែកនៃបាតុកម្មនេះក៏ជាហេតុផលឈានដល់ការរំលាយគណបក្សប្រឆាំង និងមនុស្សមួយចំនួនកំពុងស្ថិតក្នុងការឃុំឃាំង។
បញ្ជាក់នៅក្នុងឋានៈជាសាក្សីសម្តេច នាយករដ្ឋមន្ត្រី ក៏បានប្រកាសបញ្ជូនសាក្សីតំណាង២រូបដើម្បីការពារមេសហជីពទាំងបីរូបក្នុងសវនាការផងដែរ ក្នុងករណីដែលសហជីពប្ដឹងជំទាស់ទៅតុលាការ។ សាក្សីទាំងពីររូបនោះគឺលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានិងលោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។
ក្នុងចំណោមប្រធានសហជីពទាំង៣រូប លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជាឲ្យដឹងនៅថ្ងៃពុធនេះថា លោកនឹងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការឧទ្ទរណ៍នៅក្នុងសំណុំរឿងផ្លូវវេងស្រេងនេះ។ លោក អាត់ ធន គូសបញ្ជាក់ថា នៅក្នុងបាតុកម្មកាលពី៥ឆ្នាំមុនលោកមិនបានស្ថិតនៅក្នុងហេតុការណ៍នោះឡើយ។ សម្រាប់ប្រធានសហភាពការងារកម្ពុជារូបនេះចាត់ទុកការធានារបស់ប្រមុខរដ្ឋាភិបាលជារឿងមួយល្អ តែលោកនៅបារម្ភចំពោះសំណុំរឿងដទៃទៀត៕ (អត្ថបទដោយ ទេព វណ្ណះ)
